រដ្ឋាភិបាលស្នើឲ្យភាគីពាក់ព័ន្ធចាត់វិធានការចំពោះការប្រមូលភាស៊ី

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០១៦​ ម៉ោង 5:17 PM | វិនិយោគសិទ្ធិមនុស្សសេដ្ឋកិច្ច | 0 | 1730

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់ ដែលទទួលបន្ទុកក្នុងការគ្រប់គ្រងអាជីវកម្ម សេវាកម្មទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ចាត់វិធានការចំពោះការប្រមូលភាស៊ី ដើម្បីពង្រឹងការអនុវត្តសៀវភៅបន្ទុកភាស៊ីគ្រប់ប្រភេទតាមដែនសមត្ថកិច្ចទទួលខុសត្រូវ។

នៅក្នុងលិខិតចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ របស់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឲ្យដឹងថា ការអនុវត្តលិខិត បទដ្ឋានរបស់សាលារាជធានីខេត្ត កន្លងមក ក្នុងការគ្រប់គ្រងអាជីវកម្ម សេវាកម្មទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមានដូចជា ផ្សារ កំពង់ចម្លង ចំណត យឿត្រី សត្តឃាដ្ឋាន សេវាសំអាត និងដឹកជញ្ជូនសំរាម និងការផ្ដល់សម្បទានរនបស់រដ្ឋដទៃមទៀត មានលក្ខណៈប្រសើរ។ ប៉ុន្តែការអនុវត្តលិខិតបទដ្ឋាននាពេលកន្លងមក ក៏នៅតែមានបាតុភាព និងភាពមិនប្រក្រតីមួយចំនួនបន្តកើតមានឡើង ពីរការផ្ដល់សេវា និងការអនុវត្តសៀវភៅបន្ទុក ឬកិច្ចសន្យា ដែលធ្វើឲ្យមានការតវ៉ាពីអាជីវករលក់ដូរ ប្រជាពលរដ្ឋដែលទទួលសេវាពីការផ្ដល់សេវាកម្មទាំងអស់នេះបន្តបន្ទាប់ បណ្ដាលឲ្យប៉ះពាល់ការគ្រប់គ្រងរបស់សាលារាជធានី ខេត្ត។

លិខិតរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុឲ្យ សរសេរបន្តថា ដើម្បីពង្រឹងការគ្រប់គ្រងការផ្ដល់សេវាសម្បទានទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋ ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព ជៀសវាការកើតចេញបាតុភាពជាយថាបន្តទៀតនោះ អភិបាល នៃគណៈអភិបាលរាជធានីខេត្ត ចាត់វិធានការបន្ថែមទៀត ដូចជា ការដាក់ស្លាក់តម្លៃភាស៊ី ការប្រើប្រាស់ប័ណ្ណភាស៊ី ការសំអាតអនាម័យ ការបំពាក់ឯកសណ្ឋាន និងការរៀបចំសណ្ឋាប់ធ្នាប់ឲ្យមានរបៀបរៀបរយ។

នៅក្នុងលិខិតបញ្ជាក់ថា ”ស្របតាមសៀវភៅបន្ទុក ឬកិច្ចសន្យាភាស៊ី គ្រប់ប្រភេទដែលបានកំណត់ ត្រូវចាត់ចែងឲ្យមានការត្រួតពិនិត្យ ដោះស្រាយ ជាប្រចាំរាល់បាតុភាពនានាដែលកើតឡើង ជាយថាហេតុនៅកន្លែងដែលផ្ដល់សេវាសម្បទានទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនោះ”។

នាយកប្រតិបត្តិសម្ពន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ដើម្បីពង្រឹងការអនុវត្តឲ្យស្របតាមសៀវភៅបន្ទុកភាស៊ី រដ្ឋាភិបាលគួរតែធ្វើការផ្សាព្វផ្សាយពីគោលការណ៍ ត្រូវបិតតារាងតម្លៃ បង្កើតយន្តកាលដោះស្រាយបញ្ហាពេលមានភាពមិនប្រក្រតីដែលកើតឡើង ។ លោកបន្តថា កន្លងមកបញ្ហាតែងកើត ឡើងគឺដោយសារអាជ្ញារមិនមានវិធានណាមួយច្បាស់លាស់ក្នុងការអនុវត្តប្រមូលភាស៊ីនេះយកតម្លៃលើស តាមអំពើចិត្ត។

លោកមានប្រសាសន៍ថា៖ ការដោះស្រាយបញ្ហាដែលមានការលើកឡើងនឹងរបស់ប្រជាពលរដ្ឋនឹងត្រូវតែមានការស៊ើបអង្កេត ហើយយកអ្នកដែលប្រព្រឹត្ដនឹងមកប្រឈមមុខនិងច្បាប់ដែលបញ្ហាកន្លងមកនេះមិនដែលឃើញមានវិធានការប៉ុន្ដែដល់ពេលចាត់ការតាមផ្លួវច្បាប់ ការចាត់វិធានការទៅលើការដកអាជ្ញាប័ណ្ឌ យកភាស៊ីដូចអត់មានទេ ដូចដែលឃើញផ្សានៅភ្នំពេញការយកតម្លៃផ្ញើរកង់ ម៉ូតូលើសនិងដូចអត់មានវិធានការអីផង លឺតែប្រកាសៗធ្វើនេះធ្វើនោះ បើមានបញ្ហានៅទីណាគួរតែដោះស្រាយនៅទីកន្លែងនឹង កុំអោយមានបញ្ហានិងកើតឡើងទៀត

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក បណ្ឌិត មាស នី សារទចំពោះចំណាត់ការនេះ  ប៉ុន្តែលោកថា ប្រសិនបើ ការអនុវត្តមិនមានប្រសិទ្ធនោះវា ធ្វើឲ្យប៉ះពាល់ដល់រដ្ឋាភិបាល។

លោកមានប្រសាសន៍ថា៖ “អញ្ចឹងការបាត់បង់ប្រជាប្រិយភាពរបស់រដ្ឋាភិបាលមួយចំនួនដែលយើងសង្កេតឃើញកន្លងមកពីអាជីវករ ក៏ដោយសារពួកភាស៊ីនេះដែល។ ភាស៊ី មានកន្លែងខ្លះ ឃើញមានជាវិកាយបត្រស្រួលបួល ប៉ុន្តែកន្លែងខ្លះអត់មានទេ! ខ្ញុំសង្កេតឃើញដូចជាភាស៊ីនៅតាមបេនឡានអី ឃើញកន្លែងខ្លះ ឃើញហុចទីនេះផង ហុចទីនោះផង ចឹងទៅ (ឲ្យកន្លែងផ្សេងៗគ្នា) ហុចលុយពីកាកុងឡានឲ្យទៅអ្នកប្រមូលភាស៊ី ក៏បើកឡានចេញមកទៅ! អ្នកដែលហូតភាស៊ីក៏វាស៊ីនៅក្នុងហ្នឹងទៀត ដល់ចឹងទៅធ្វើឲ្យការដើរទារភាស៊ីនេះ វាអត់មានស្តង់ដា។ ស្ដង់ដា វាអាស្រ័យទៅលើអ្នកដែលនៅកន្លែងហ្នឹង! អ្នកដែលកាន់កាប់កន្លែងហ្នឹងសម្រេចត្រូវយកប៉ុន្មានៗ អាហ្នឹងហើយពេលខ្លះយកហ្នឹងវាច្រើនច្រក ច្រើនកន្លែងពេកធ្វើឲ្យអ្នកដែលគ្នារកស៊ីនោះវាពិបាក”។

ការចាត់វិធានការរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នេះ ធ្វើឡើងស្របពេលដែលមានការរិះគន់ពីប្រជាពលរដ្ឋ និងអាជីវករ ចំពោះអ្នកដើរទារភាស៊ីកន្លងមក ដែលមិនបានគោរពសៀវភៅបន្ទុកភាស៊ី ដែលបានកំណត់ដោយរដ្ឋាភិបាល និងបន្តកំណត់តម្លៃ និងយកលើសតាមអំពើចិត្ត៕

 

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required