ភ្នាក់ងារ​វិទ្យាសាស្ត្រ​អូស្ត្រាលី​ថា អាច​កំណត់​ទីតាំង​យន្តហោះ MH370 ធ្លាក់​បាន

ទីភ្នាក់ងារ​វិទ្យាសាស្ត្រ​ដ៏​ធំ​មួយ​របស់​អូស្ត្រាលី បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ទីភ្នាក់ងារ​នេះ​ជឿ​ជាក់​ថា យន្តហោះ​ម៉ាឡេស៊ី​ដែល​បាន​បាត់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៤​នោះ បាន​ធ្លាក់​ចូល​នៅ​ក្នុង​សមុទ្រ​នៅ​ភាគ​ឦសាន​នៃ​តំបន់​មួយ ដែល​ត្រូវ​ទឹក​សមុទ្រ​វាយ​បំផ្លាញ បណ្ដាល​ឲ្យ​ការ​ស្វែង​រក​យន្តហោះ​នោះ​រយៈ​ពេល ២​ឆ្នាំ​ពុំ​ទទួល​បាន​លទ្ធផល​អ្វី​សោះ។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

សេចក្ដី​សន្និដ្ឋាន​របស់​ទីភ្នាក់ងារ​នេះ គឺ​ផ្អែក​ទៅ​លើ​រូបភាព​ផ្កាយ​រណប​ដែល​ថត​បាន​នៅ​ក្នុង​រយៈ​ពេល ២​សប្ដាហ៍​ក្រោយ​ពី​យន្តហោះ​ម៉ាឡេស៊ី MH370 បាន​បាត់​ខ្លួន កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មីនា ឆ្នាំ​២០១៤ ដោយ​នាំ​ទៅ​ជាមួយ​នូវ​មនុស្ស ២៣៩​នាក់ ដែល​ស្ថិត​ក្នុង​ដំណើរ​ពី​ទីក្រុង​គួឡាឡុំពួ ទៅ​កាន់​ទីក្រុង​ប៉េកាំង។

Reuters បាន​ចុះ​ផ្សាយ​ថា ប៉ុន្តែ រដ្ឋាភិបាល​អូស្ត្រាលី​បាន​ច្រាន​ចោល​សេចក្ដី​សន្និដ្ឋាន​​អង្គការ​ស្រាវ​ជ្រាវ​ឧស្សាហកម្ម និង​វិទ្យាសាស្ត្រ​ខំមិនវែល (CSIRO) ដែល​ចេញ​ផ្សាយ​ក្នុង​របាយការណ៍​មួយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​រដ្ឋាភិបាល​អូស្ត្រាលី​ថា របាយការណ៍​នោះ​មិន​ទាន់​ជាក់​លាក់​គ្រប់​គ្រាន់​នោះ​ឡើយ។

ការ​បាត់​ខ្លួន​នៃ​យន្តហោះ Boeing 777 របស់​ម៉ាឡេស៊ី បាន​ក្លាយ​ជា​រឿង​អាថ៌​កំបាំង​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​អាកាសចរណ៍​របស់​ពិភព​លោក។ យន្តហោះ​នេះ ត្រូវ​បាន​គេ​ជឿ​ថា បាន​​បត់​ក្បាល​ត្រឡប់​មក​វិញ ហើយ​បាត់​ខ្លួន​នៅ​ភាគ​ខាង​ត្បូង​មហា​សមុទ្រ​ឥណ្ឌា មុន​នឹង​ធ្លាក់​នៅ​ឆ្នេរ​ភាគ​ខាង​លិច​ប្រទេស​អូស្ត្រាលី។

អូស្ត្រាលី ម៉ាឡេស៊ី និង​ចិន បាន​ចំណាយ​ប្រាក់​ដល់​ទៅ ១៦០​លាន​ដុល្លារ​ដើម្បី​ស្វែង​រក​យន្តហោះ​នេះ ប៉ុន្តែ បាន​បញ្ឈប់​ប្រតិបត្តិការ​នេះកាល​ពី​ខែ​មករា​ដើម​ឆ្នាំ​នេះ បន្ទាប់​ពី​រក​មិន​ឃើញ​អ្វី​សោះ បើ​ទោះបី​ជា​មាន​ការ​តវ៉ា​ពី​ក្រុម​គ្រួសារ​សាច់​ញាតិ​អ្នក​បាត់​ខ្លួន​នៅ​លើ​យន្តហោះ​នោះ​ក៏​ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ