ប៉ូលិសអង់គ្លេសចាប់ខ្លួនយុវជន​​​​​​ម្នាក់សង្ស័យពាក់ព័ន្ធនឹងការវាយប្រហារ​​​​​​​​ទូររថភ្លើង

ប៉ូលិស​អង់គ្លេស បាន​ចាប់​ខ្លួន​យុវជន​ម្នាក់​វ័យ ១៨​ឆ្នាំ​ នៅ​ឯ​កន្លែង​ចេញ​ដំណើរ​នៃ​កំពង់ផែ Dover កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយសារ​សង្ស័យ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​រថភ្លើង​ក្រោម​ដី​ក្នុង​ទីក្រុង​ឡុងដ៍ ហើយ​ប៉ូលិស​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យ​សំខាន់ៗ​បន្ថែម​ទៀត​ផង​ដែរ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

យុវជន​រូប​នោះ ដែល​មិន​ត្រូវ​បាន​ប៉ូលិស​​បញ្ចេញ​អត្តសញ្ញាណ​នោះ ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ការ​សង្ស័យ​ថា បាន​ប្រព្រឹត្ត បាន​រៀបចំ ឬ​ក៏​បាន​បង្ក​សកម្មភាព​ភេរវកម្ម នៅ​ក្រោយ​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ ដែល​បណ្ដាល​ឲ្យ​មនុស្ស ៣០​នាក់​រង​របួស នៅ​ឯ​ស្ថានីយ៍​រថភ្លើង Parsons Green។

ប៉ូលិស​ទីក្រុង​ឡុងដ៍ លោក Neil Basu បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ប៉ូលិស​កំពុង​តែ​ពិចារណា​ថា តើ​មានមនុស្ស​លើស​ពី​ម្នាក់ ទទួល​ខុស​ត្រូវ​លើ​ការ​វាយ​ប្រហារ​នេះ​ឬ​ទេ។

កំពង់​ចម្លង Dover ត្រូវ​បាន​គេ​ជម្លៀស​ចេញ​អំឡុង​ពេល​ចាប់​ខ្លួន​យុវជន​រូប​នោះ ហើយ​របស់​របរ​មួយ​ចំនួន ត្រូវ​បាន​ប៉ូលិស​រឹប​អូស អំឡុង​ពេល​យុវជន​រូប​នោះ ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ទីក្រុង​ឡុងដ៍។

គ្រាប់​បែក​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ទូរ​រថភ្លើង​មួយ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ជាមួយ​កម្លាំង​ផ្ទុះ​ដ៏​ធំ ដែល​ក្រោយ​មក សាក្សី​រៀបរាប់​ថា ប្រៀប​បាន​នឹង​ដុំ​ភ្លើង​មួយ​ដូច្នោះ​ដែរ។ នេះ​គឺ​ជា​ការ​វាយ​ប្រហារ​ភេរវកម្ម​លើក​ទី ៥ កើត​ឡើង​នៅ​អង់គ្លេស នៅ​ក្នុង​រយៈ​ពេល ៦​ខែ​ចុង​ក្រោយ​នេះ។

ការ​វាយ​ប្រហារ​នេះ ត្រូវ​បាន​ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម IS ប្រកាស​ទទួល​ខុស​ត្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ