ជា សំនៀង ​​​សង​សឹកបានសម្រេច​​​​ក្នុងជំនួប​ប៉ះ​ថៃ

ដោយ លោក សុខ ឆាយ​​ | ថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦​ ម៉ោង 9:48 AM | កំសាន្ដកីឡា | 0 | 1667 កីឡាករ ជា សំនៀង (ឆ្វេង) ក្នុងពេលប៉ះកីឡាករថៃឈ្មោះ Pich Nam Ek (ស្តាំ) (ដោយ សុខ ឆាយ)

បើទោះជាជ័យជម្នះរបស់កីឡាករ ជា សំនៀង ក្នុងពេលប៉ះកីឡាករថៃឈ្មោះ Pich Nam Ek កាលពីថ្ងៃអាទិត្យទី១៦ ខែតុលា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ត្រូវគេឃើញមានសភាពប្រផះប្រភីង ប៉ុន្តែក៏ចាត់ទុកថាល្អផងដែរ ដោយសារតែលោកទទួលបានជ័យជម្នះ។ នេះជាលទ្ធផលដែលកីឡាករកម្ពុជារូបនេះចង់បាន ក្នុងពេលដែលកីឡាករថៃកាលពីឡើងប្រកួតលើកមុន បានធ្វើឲ្យកីឡាកររូបនេះចាញ់យ៉ាងអាមាស់។

ការប្រកួតសងសឹករបស់កីឡាករគូនេះ គឺមានអ្នកទស្សនាភាគច្រើនផ្ដោតការចាប់អារម្មណ៍ ដោយសារតែពួកគេប៉ះគ្នាជាលើកទី២ ហើយកីឡាករម្នាក់ៗសុទ្ធតែចង់ឈ្នះរៀងខ្លួន។ កីឡាករកម្ពុជាដែលធ្លាប់បរាជ័យក្នុងជំនួបទី១ មានការប្រយ័ត្នប្រយែងតាំងពីដើមទីតែម្ដង ដែលអាចនិយាយបានថាមិនមានទុកពេកឲ្យទំនេរមិនវាយនោះទេ។ ខុសពីការប្រកួតលើកមុនដែល ជា សំនៀង ចំណាយពេលស្ទាបស្ទង់គូប្រកួត គ្រាន់តែបើកឆាកភ្លាម ក៏វាយសម្រុកតែម្ដងដើម្បីដណ្ដើមយកឱកាសក្នុងការប្រទាញយកពិន្ទុពីគណៈកម្មការ។

តាំងពីពាក់កណ្ដាលទឹកទី១ ជើងខ្លាំងកម្លាំងវាយចេញនូវកណ្ដាប់ដៃនិងរន្ទះជើងឲ្យមិនបង្អង់ទៅលើគូប្រកួត រហូតធ្វើឲ្យកីឡាករថៃក្ដៅស្លឹកត្រចៀកនិងវាយតបវិញខ្លាំង។ គូនេះវាយទៅវាយមកតាំងពីទឹកទី២តែម្ដង ដោយកីឡាករម្ខាងអត់ចុះញ៉មគ្នានោះទេ គឺផាំងទៅផាំងមករំលេចទស្សនីយភាពជក់ចិត្តនៅពេញសង្វៀន។ កីឡាករ ជា សំនៀង វាយម៉ាត់ចេញច្រើន តែក៏ត្រូវសងវិញដោយរន្ទះជើងនិងកែងរបស់កីឡាករថៃផងដែរ។ ក្នុងទឹកទី៣ សន្ទុះកីឡាករថៃមានប្រៀបល្អជាង ប៉ុន្តែឈានដល់ទី៤និងទី៥ កីឡាករកម្ពុជាមានសំណាងល្អជាងបន្តិច ទើបលទ្ធផលចុងក្រោយគឺកីឡាករកម្ពុជាជាអ្នកទទួលជ័យជម្នះ។

កីឡាករកម្ពុជាមិនសូវមានជំនឿចិត្តខ្ពស់ទេមុនពេលប្រកាសលទ្ធផល ទើបគេឃើញកីឡាកររូបនេះភ័យច្រើនជាងអរ និងពេលខ្លះទម្លាក់មុខនៅពេលអ្នកទស្សនាស្រែកថាបង្គោល (ថៃ) ជាអ្នកឈ្នះ។ ជា សំនៀង ត្រូវគេឃើញអររហូតលោតលើរេញ បន្ទាប់ពីមានការបញ្ជាក់ថាបានឈ្នះកីឡាករថៃក្នុងវគ្គសងសឹក។ យ៉ាងណាមិញ កីឡាករថៃក៏បញ្ចេញទឹកមុខមិនអស់ចិត្តផងដែរ ដោយសារតែគេមិនចង់ឮពាក្យថាចាញ់ ប៉ុន្តែបែរជាចាញ់ដោយជៀសមិនផុត បើទោះជាបានប្រឹងអស់លទ្ធភាព។

លោក រាជ សូផែន មន្ត្រីគណៈកម្មការផ្ដល់ពិន្ទុប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍បានអះអាងថា កាលប៉ុន្មានមុនកីឡាករ ជា សំនៀង និងកីឡាករ Pich Nam Ek ប៉ះគ្នាម្ដងហើយ ដោយកីឡាករថៃបានប្រកួតយកជ័យជំនេះត្រឡប់ទៅវិញ ធ្វើឲ្យជើងខ្លាំងរបស់កម្ពុជារូបនេះអាម៉ាស។ លោកថាការប្រកួតលើកមុនកីឡាករកម្ពុជាត្រូវបានថៃបំបាក់លើរេញ ទើបគ្រូបង្វឹករបស់កីឡាករកម្ពុជាសុំឲ្យដាក់ប្រកួតជាថ្មី។ លោកថាការរៀបចំអោយប្រកួតជាថ្មី បានធ្វើឲ្យគណៈកម្មការនិងអ្នកទស្សនាត្រូវចិត្ត ដោយសារតែពេញ៥ទឹក គឺកីឡាករទាំងពីរប្រកួតគ្នាអស់ពីសមត្ថភាព។

លោកថា ពេញរយៈពេល៥ទឹក កីឡាករកម្ពុជាឈ្នះតែ៣ទឹកបន្តិចបន្តួចប៉ុណ្ណោះ ហើយបើកុំតែគេប្រើកែងនិងជង្គង់បានត្រូវគោលដៅបានលើគូប្រកួតបានបន្តិច ក៏ប្រហែលជាចាញ់កីឡាករថៃដូចមុនជាថ្មីនោះដែរ។ លោកសម្ដែងការអបអរចំពោះ ជា សំនៀង ដែលប្រឹងហ្វឹកហាត់ ហើយនៅពេលឡើងប្រកួតក៏សងសឹកបាន ដែលផ្ទុយពីកីឡាករមួយចំនួនដែលចាញ់កីឡាករថៃម្ដងហើយ គឺទោះជាដាក់ឲ្យប្រកួតប៉ុន្មានដង ក៏ចាញ់ការប្រកួតដដែលជាដដែល។

លោកនិយាយថា៖ «គាត់ (ជា សំនៀង) ធ្វើល្អជាងថៃតែក្នុងទឹកទី៤និងទី៥បន្តិចប៉ុណ្ណោះ ខ្ញុំភ្ញាក់ផ្អើលដែលគាត់ធ្វើបានល្អក្នុងការសងសឹកហ្នឹង!»។

លោកថាការប្រកួតលើកទី៣ របស់កីឡាករទាំងពីរនឹងកើតមានឡើងក្នុងពេលខាងមុខ ប្រសិនបើកីឡាករថៃទទូចចង់ប៉ះគ្នាម្ដងទៀត ដូចគ្នានឹងកីឡាករ ជា សំនៀង ចង់ជួប Pich Nam Ek កាលពីចាញ់លើកទី១។

នៅថ្ងៃអាទិត្យនោះដែរ កីឡាករវ័យក្មេង សែន រ៉ាដេត ក៏បានវាយផ្ដួលកីឡាករ Khun Lek ឲ្យសន្លប់ក្នុងទឹកទី២ ធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើលផងដែរ ខណៈដែលកីឡាករថៃជាជើងខ្លាំង ប៉ុន្តែគេនៅតែមានឱកាសរកវាយត្រូវចំណុចសំខាន់ធ្វើឲ្យកីឡាករថៃបោះបង់ការប្រកួតមុនចប់ទឹកទី២៕

សរសេរមកកាន់ លោក សុខ ឆាយ តាមរយៈ sokchhay@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required