អ្នកប្រើហ្វេសប៊ុករិះគន់ថាការបញ្ចេញវីដេអូឃាតកម្មតារាស្រីលឿនជាងករណី​លោក កែម ឡី

ដោយ លោក ណាត សុភាព​​ | ថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 11:52 AM | កែម ទ្បីសិទ្ធិមនុស្ស | 0 | 4021 លោក កែម ឡី និងតារា​ស្រី សាន ស្រីឡៃ

អ្នកប្រើប្រាស់បណ្តាញ​សង្គមមួយចំនួនបានចែករំលែក វីដេអូ និង​សសេរសារ រិះគន់​សមត្ថកិច្ច​ជុំវិញ ​ឃាត​​កម្ម​តារា​ស្រី សាន ស្រីឡៃ និងឃាតកម្មអ្នកវិភាគបញ្ហាសង្គមដ៏ល្បី​លោក កែម ឡី ដោយថា ​​វីដេអូ​ឃាត​​កម្ម​​​លើ​អ្នក​​វិភាគ​​រូបនោះ​​ហាក់ស្ថិត​នៅក្នុង​​ស្ថានភាពអាថ៌កំបំាង។

ការរិះគន់នេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបញ្ចេញវីដេអូពាក់ព័ន្ធសកម្មភាព អតីតស្វាមីបាញ់សម្លាប់ តារាស្រី សាន ស្រីឡៃ កាលពីថ្ងៃទី១៦ខែតុលា នៅរាជធានីភ្នំពេញ ក្រោយពីបាញ់សម្លាប់ប្រហែលកន្លះម៉ោង ខណៈសំណុំរឿង​ឃាត​កម្ម​លោក កែម ឡី នៅក្នុងស្តាម៉ាត ក្បែរស្តុបបូកគោ ជិតមួយ​ឆ្នាំទើប​សមត្ថកិច្ច​បញ្ចេញ​វីដេ​អូបាញ់សម្លាប់នៅក្នុងសវនាការទំាងស្រពិចស្រពិល។

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដែលបានបង្ហោះវីដេអូ ពាក់ព័ន្ធឃាតកម្ម សាន ស្រីឡៃ បៀបធៀបនិងឃាតកម្មលោក កែម ឡី ថា ឃាតកម្មតារាស្រីរូបនោះត្រូវ​សមត្ថកិច្ចបញ្ចេញវីដេអូបានយ៉ាង ឆាប់រហ័ស ខណៈសំណុំរឿង​ឃាតកម្មលោក កែម ឡី សមត្ថកិច្ចបញ្ចេញវីដេអូ មិនទាន់​ច្បាស់​លាស់​នៅឡើយ។

សារលើហ្វេសប៊ុកមួយចំនួន​បានបង្ហាញសារក្រោយឃាតករបាញ់សម្លាប់ សាន ស្រីឡៃ មានខ្លឹមសារថា «ឃាតកម្ម សាន ស្រីឡៃ ក្រោយពីកើត​​ហេតុការណ៍​មិន​បាន​កន្លះ​ម៉ោង​ផង គេបង្ហាញវីដេអូពីកា​មេរ៉ា​សុវត្ថិភាព នៃសកម្មភាព​បាញ់​សម្លាប់យ៉ាងឆាប់រហ័ស ផ្ទុយស្រឡះ​ពី​ឃាត​​កម្មលោកបណ្ឌិត កែម ឡី។ តើមកពីហេតុអ្វី​?កាមេរ៉ា​សុវត្ថិភាព​​នៅស្ដារម៉ាត កាលតិចមិនល្អឬ​យ៉ាង​ណា​?​ ឬក៏អាជ្ញាធរ​ដែល​ទៅអន្តរាគមន៍ឃាត​កម្មនៅ​ស្ដារ​ម៉ាត អសមត្ថភាព និងគ្មានជំនាញ?»។

ដោយឡែក ក្នុង​វីដេអូនិងរូបភាព ពាក់ព័ន្ធឃាតកម្មលើលោក កែម ឡី ដែលត្រូវបានអ្នកប្រើហ្វេសប៊ុក​ ​គូស​ជារង្វង់នៅត្រង់ស្បែកជើងរបស់ ជួប សំលាប់ ព្រមទំាងសសេរលើបណ្តាញសង្គមថា ​មាន​ភាព​ខុសគ្នា នៅ​ពេល​ធ្វើ​សកម្ម​ភាព​ចូល​បាញ់​សម្លាប់​លោក​ កែម ឡី ក្នុង​ស្តាម៉ាត និងរូបភាពសមត្ថកិច្ចចាប់បាន​។

សារនោះ​មានខ្លឹមសារថា «ស្បែក​​ជើងអាឃាត​​កពិតស្បែកជើងបាតពណ៌ស អាក្លែងក្លាយបាតពណ៌ខ្មៅ សម្ដែងភ្លាត់ស្នៀត​​ខុសស្បែជើង ទៅថតម្ដងទៀតទៅថតខុសហើយ រៀបចំអោយត្រូវហើយសមជាងហ្នឹតិចទៅ អ្នកកាត់​​តនៅខ្សោយបន្តិចអ្នកដឹកនាំឆាកល្ខោនមិនបានល្អជាដើម»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មានប្រសាសន៍ថា សំណុំរឿងឃាតកម្មតារាស្រី សាន ស្រីឡៃ ត្រូវ​បានគេបង្ហាញវីដេអូភ្លាមៗក្រោយពីឃាតកម្មនោះ លោកមិនទាន់ទទួល​របាយការណ៍​ជាក់​លាក់​​​នៅ​​ឡើយ​ ប៉ុន្តែលោកថា មានតម្រុយខ្លះហើយជុំវិញឃាតកម្មនោះ។

ចំណែក សំណុំរឿងលោក កែម ឡី លោក សុភ័គ អះអាង​ថា សមត្ថកិច្ច​មិនបង្ហាញ​វីដេអូភ្លាមៗឲ្យ​សាធារណៈ​​ជនមើល ដោយសារ សំណុំរឿង​នោះស្ថិតនៅដំណាក់កាលស៊ើបអង្កេត ខណៈជនល្មើសត្រូវ​បាន​ចាប់ខ្លួនបានភ្លាមៗ ក្រោយពីឃាតកម្ម។

 

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុកលោក សឹង សែនករុណា មានប្រសាសន៍ថា  សមត្ថកិច្ចគួរ​តែបង្ហាញ​វីដេអូឃាតកម្មលើលោក កែម ឡី ឲ្យច្បាស់ជាងវីដេអូនៅក្នុងអង្គសវនាការកន្លងទៅ  ដូចវីដេអូ​ឃាត​កម្ម​លើតារាស្រី សាន ស្រីឡៃ ដោយថាកុំឲ្យសាធារណៈ​ជនមានមន្ទិល​ជុំវិញ​ឃាតករ​ដែល​បាញ់​សម្លាប់​​អ្នកវិភាគរូបនោះ​។

លោក ករុណា យល់ថា បើសមត្ថកិច្ចមិនបង្ហាញវីដេអូឃាតកម្មលោក កែម ឡី ឲ្យសាធារណៈជនមើល ឲ្យច្បាស់ដូចវីដេអូតារា សាន ស្រីឡៃ ទេ លោកថា​នឹង​ធ្វើ​ឲ្យសាធារណៈជនអស់ជំនឿលើអ្នក​​គ្រប់គ្រង​របស់ស្ថាប័នរដ្ឋ។

លោកមានប្រសាសន៍ថា «ពលរដ្ឋមានភាពមិនទុកចិត្តអំពីកិច្ចការរបស់ពួកគាត់[សមត្ថកិច្ច]ទំាងបច្ចេកទេសការងារ ទំាងការអនុវត្តច្បាប់កន្លងមក ដូចជារឿងអ្នកវិភាគសង្គម[កែម ឡី]ដែលលោកត្រូវបានឃាតកបាញ់សម្លាប់តំាងពីកើតហេតុមកដល់ពេលនេះ ជម្រះមន្ទិលសង្ស័យចំពោះរឿងហ្នឹង នៅតែមានក្នងសតិអារម្មណ៍ប្រជាពលរដ្ឋ អត់ទាន់មានរសាត់ទៅទីណាទេ ព្រោះរឿងហ្នឹងគឺគាត់បានតាមដានយ៉ាងយកចិត្តទុកដាក់គ្រប់ៗគ្នា»។

តារាចម្រៀង​ សាន ស្រីឡៃ ត្រូវបានអតីតស្វាមីបាញ់ចំនួន៣គ្រាន់ និងឃាតករបាញ់សម្លាប់ខ្លួនឯង បណ្តាល​ឲ្យស្លាប់ភ្លាម​ៗ កាលពីថ្ងៃទី១៦ ខែតុលា នៅហាងកែសម្ភស្ប៍មួយកន្លែង ក្បែរស្ថានីយ៍​ទូរទស្សន៍​អប្សរា ស្ថិត​នៅ​សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ចំណែក លោក កែម ឡី អ្នកវិភាគបញ្ហាសង្គមដ៏ល្បី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅស្ដារម៉ាត ក្បែ​រ​ស្ដុបបូកគោ រាជ​ធានី​ភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយហេតុការណ៍ អាជ្ញាធរបាន​ចាប់ខ្លួន​បុរស​តែម្នាក់​​ឈ្មោះ «អឿត អាង» ហៅ «ជួប សំលាប់» ។

ជាញឹកញាប់ ជួប សំលាប់ តែងបានអះអាងថា ខ្លួនជាអ្នកសម្លាប់លោក កែម ឡី ហើយមិនមាន​អ្នកណា​បញ្ជាឬនៅពីក្រោយនោះទេ។ កាលពីចុងខែមីនាឆ្នាំ២០១៧ លោក ជួប សំលាប់ ត្រូវ​បានសាលាដំបូង​រាជធានីភ្នំពេញ កាត់​ទោស​ដាក់​ពន្ធនាគារ​អស់មួយជីវិត៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required