អ្នកវិភាគថាគ្មានសន្តិភាពយូរអង្វែងទេ បើរដ្ឋាភិបាលធ្វើឲ្យពលរដ្ឋពាក់កណ្តាលប្រទេសឈឺចាប់

អ្នកវិភាគលើកឡើងថា សន្តិភាពនិងស្ថិរភាពនយោបាយ មិនអាចនៅគង់វង្សយូរអង្វែងបានទេ បើ​​រដ្ឋាភិ​បា​ល មិនអាចជំ​រុញយន្តការដឹកនាំរបស់ខ្លួន ធានាសេចក្តីសុខ ទំាង​ផ្លូវ​កាយ និងផ្លូវចិត្ត ដល់ពល​រដ្ឋភាគ​ច្រើ​​ន​​បា​​ននោះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងញឹកញាប់ថា គ្មានសន្តិភាព គ្មានការអភិវឌ្ឍ និង​ធ្លា​​ប់​​ព្រមានថា «ក្នុងតម្លៃណាក៏ដោយ រដ្ឋាភិបាលនឹងទប់ស្កាត់ឲ្យខានតែបាន មិនឲ្យក្រុម​ណា​មួ​យប​ង្ក​ឲ្យ​​មាន ការ​បែបបាក់​ជា​​តិនាំ​ទៅដល់អស្ថិរភាពសង្គមនោះទេ»។

ប៉ុន្តែអ្នកតាមបង្ហាញការព្រួយបារម្ភថា ស្ថានការណ៍នយោបាយពេលនេះ ហាក់បានដើរដល់ចំនុចដ៏គ្រោះ​ថ្នាក់​មួ​យនៃការបែ​កបាក់ជាតិ ក្រោយពីលោក ហ៊ុន សែន ប្រកាសថា អាសនៈរបស់គណប​ក្សប្រឆាំ​ង​ទាំង​អ​ស់ នឹ​ងត្រូ​​វរឹបអូសយកទៅចែកគណបក្ស៥ផ្សេងទៀត បើតុលាការកំពូលប្រកាសឲ្យរំលាយមែននោះ។

នៅថ្ងៃចន្ទម្សិលមិញនេះ សមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា៦៧រូប ក៏បានអនុម័តធ្វើវិសោ​ធន​កម្មច្បា​​ប់ពាក់ព័ន្ធការបោះឆ្នោតចំនួន​៤ ដើម្បីបើកផ្លូវឲ្យមានការបែងចែកអាសនៈគណបក្សដែល​ត្រូវរំលាយ។​

ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ​ស​ន្តិ​ភា​ពយូរអ​​ង្វែង រដ្ឋាភិបាលត្រូវជំរុញយន្តការដឹកនាំ ធានាថាព​លរដ្ឋទូទៅមានសន្តិភាពទាំងផ្លូវកាយ ផ្លូវចិត្ត រួមទាំ​​ង​​​ទទួលបានយុ​ត្តិធម៌ផ្នែកសេ​ដ្ឋកិច្ច និង​​យុ​ត្តិធម៌ផ្នែកធ្វើនយោបាយផងដែរ។

លោក យង់ គិមអេង ឲ្យដឹងទៀតថា បើបក្សប្រឆាំងត្រូវគេរំលាយមែន លោកថា សន្តិភាពស្ថិតក្នុ​ង​ភាព​ផុ​យ​​ស្រួយ ដោ​យ​ថាអាសនៈក្នុ​ងសភារ​ប​ស់​គណបក្សប្រឆាំង មានពលរ​ដ្ឋជិតពាក់​កណ្តាលប្រ​ទេ​ស​បោះ​ឆ្នោ​តឲ្យ។

លោកថា៖ «រឿងរ៉ាវខ្លះ ដែលគេយល់ភាគច្រើន គេឃើញភាគច្រើន គោលការណ៍ច្បាប់ថាអញ្ចេះ យើង​ទៅធ្វើ​ចុះ អា​ហ្នឹ​ងវាជារឿងមួយអត់មានសន្តិភាពទៅរួចទេ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា អ្នកនយោបាយខ្មែរ ហាក់នៅរក្សាវ​ប្បធម៌​កម្ទេ​ចគ្នាដូចពីអតីតកាល ដើម្បីបន្តគ្រប់គ្រងអំណាច។ លោកវិភាគថា របត់នយោបាយថ្មីនេះ ជំរុញ​ឲ្យ​​​មា​ន​ការព្រួយបារម្ភពីជម្លោះផ្ទៃក្នុង។

លោកាថា៖ «វប្បធម៌នៃការកម្ទេចគ្នាហ្នឹង នៅតែបន្តកើតមាន។ មូលហេតុទាំងអស់នេះ ដោយសារតែមួល​ហេតុ​បក្សនីមួយៗហ្នឹង ពិសេសបក្សដែលធ្លាប់កា​ន់អំណាចហ្នឹង ខ្លាចបាត់ប​ង់អំណាចទៅ​វិញ។ ​ហើយមួ​យ​ទៀត​ដោ​​​យ​​​សា​រ​តែអ្នក​នយោបាយនៅកម្ពុជានេះជាអ្នកនយោបាយតួឯក ដូច្នេះគេគិត​ថា អ្ន​កន​យោ​​​បា​យផ្សេងទៀ​ត គ្មានស​មត្ថភាព មិនអាចធ្វើកិច្ចការហ្នឹងបាន។ អ​ញ្ចឹ​ងហើយខ្ញុំគិតថា អ្នកន​​យោ​បា​យពេ​លនេះ​​ ហាក់មិនបា​នដើរឲ្យហួសនូ​វអ្វីដែលជាទស្សនៈចាស់ ដែ​ល​​​យើ​ង​​ហៅថា​ វប្បធ​ម៌ចាស់គំរិល សង​​​សឹ​កគ្នា​នោះឡើយ។ បញ្ហា​​នេះធ្វើឲ្យស្ថានកា​រណ៍នយោបា​យនៅ​កម្ពុ​ជា​នេះ​មិ​​​នដើរលឿនទៅមុខ ហើយអាចវិវឌ្ឍថយក្រោយទៀត ក៏ថាបាន»។

អ្នកវិភាគនយោបាយមួយរូបទៀត គឺលោក ឯម សុវណ្ណារ៉ា វិភាគប្រហាក់ប្រហែលដែរថា បើបក្ស​កា​ន់​អំ​ណា​​​​ច​រុ​ញស្ថានការណ៍ ឲ្យរំលាយ​បក្សប្រឆាំ​ងមែន លោកថាសហគមន៍អន្តរជាតិ​ នឹងហំ​ព័ទ្ធ​​សេដ្ឋកិច្ច លោកថា​គ្រោះ​​ថ្នាក់​​ប្រ​​​ទេសជាតិនឹងចូលមកដល់។ លោកវិភាគថា ពេលនោះស្ថិរភាពនយោបា​យដែល​រដ្ឋាភិបា​ល​រំ​ពឹ​​​ង​ទុក ​ស្ថិ​ត​​ក្នុ​ងចំនុចគ្រោះថ្នាក់។

លោកថា៖ «អញ្ចឹងចរន្តហ្នឹង វាធ្វើឲ្យពលរដ្ឋកម្ពុជា លែងឈរនៅលើគោលការណ៍ឯកភាពជាតិ លែង​​ជាតិនិយមរួមគ្នាហើយ វាប្រឈមមុខដាក់គ្នានៅថ្ងៃអនាគត ហើយវាអាចជំរុញឲ្យមានបញ្ហាអស្ថិរភា​ព​ន​យោបា​​យនៅថ្ងៃអនាគតហើយ បើយើងជំរុញឲ្យមានបញ្ហានេះកើតឡើង ហើយវាអាច​ធ្វើឲ្យភា​ពផុយស្រួ​យនៃ​អស្ថិរភាពនយោបាយហ្នឹងងាយនឹងកើតឡើងណាស់»។

បើតាមលោក ឯម សុវណ្ណារ៉ា ដើម្បីតម្កល់ប្រយោជន៍ជាតិនិងរក្សាស្ថិរភាពនយោបាយផងនោះ លោកថា បក្សកាន់អំណាច គួរថយមួយជំហាន ទទួលយកអនុសាសន៍ ពីសហរដ្ឋអាមេរិកនិងសហភាពអឺរុបជា​ដើម។ លោកថា ចំណែកបក្សប្រឆាំងវិញ គួរជ្រើសរើសយន្តការ​ណាមួយ សង្គ្រោះគ​ណបក្សខ្លួន ឲ្យធ្វើដំណើ​រ​ដ​​​​​ល់​​​ថ្ងៃ​​បោះ​ឆ្នោ​​ត ជាជាងបណ្តែតបណ្តោយឲ្យគេរំលាយគណបក្ស របស់ខ្លួនមុ​នការបោះឆ្នោ​តមក​ដល់​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ