សមាជិកក្រុមប្រឹក្សាជុំរុញឲ្យសមត្ថកិច្ចវែកមុខអ្នកបំផ្លាញស្លាកបក្សប្រឆាំងនៅខេត្ដសៀមរាប

ស្លាកបក្សប្រឆាំងនៅខេត្ដសៀមរាបដែលត្រូវបានគេបំផ្លាញ (បូ សាវី)

សមាជិកក្រុមប្រឹក្សាខេត្ដសៀមរាបជំរុញឲ្យសមត្ថកិច្ចស្វែងរកជនខិលខូច ដែលបំផ្លាញស្លាកគណបក្សប្រឆាំងចំនួនពីរផ្ទាំងនៅស្រុកពួក មកផ្ដន្ទាទោស ដោយអះអាងថា ការដែលឲ្យជនខិលខូចនៅក្រៅសំណាញ់ច្បាប់អាចនឹងបង្កការអុកឡុកបក្សប្រឆាំងបន្ថែមទៀត។

សមាជិកក្រុមប្រឹក្សាខេត្ដសៀមរាបមកពីបក្សសង្រ្គោះជាតិ លោក សៅ យូអេង ឲ្យវីអូឌីដឹង នៅថ្ងៃទី១៧ ខែវិច្ឆិកានេះថា ស្លាកគណបក្សសង្គ្រោះជាតិចំនួនពីរផ្ទាំង នៅឃុំត្រែញ័រនិងឃុំសរស្ដម ស្រុកពួក ខេត្ដសៀមរាប រងការកាប់បំផ្លាញពីជនមិនស្គាល់មុខជាបន្ដបន្ទាប់ ប៉ុន្ដែមកដល់ថ្ងៃនេះ លោកថាសមត្ថកិច្ចមិនទាន់វែកមុខជនខិលខូចមកផ្ដន្ទាទោសនៅឡើយទេ បើទោះបីអាជ្ញាធរបានដឹងពីករណីនេះក៏ដោយ។

លោកបន្ដថា ស្លាកបក្សប្រឆាំងទាំងនោះ លោកថាគណបក្សនេះបានសុំច្បាប់ពីអាជ្ញាធរមូលដ្ឋាន ដាក់តំាងនៅតាមដងផ្លូវសាធារណៈ ប៉ុន្ដែផ្ទុយទៅវិញបែរជាសមត្ថកិច្ចមិនចាត់វិធានការ។ លោកបានចាត់ទុកការបំផ្លាញស្លាកគណបក្សជំទាស់នេះ ជាការរើសអើងនយោបាយ និងស្នើឲ្យអាជ្ញាធរមន្ដ្រីជំនាញស្វែងរកអ្នកបំផ្លាញ មកទទួលទោសតាមច្បាប់។ លោកបន្ដថា៖ “ទីមួយហែក ហែកស្លាកហ្នឹងជាពីរ ស្លាកហ្នឹងមានរូបប្រធានអនុប្រធាន ហែករួច ហើយដូចជាយកឈើឬជាដែកបុកនៅលើស័ង្កសី លើកទីមួយទៀត ដកទាំងផ្ទាំងដាក់ចោលនៅកន្លែងត្រង់ណា ក្រោយហើយយើងទៅប្ដឹងទៅអាជ្ញាធរ ស្រាប់តែយកស្លាកហ្នឹងទៅដាក់នៅកន្លែងដដែល ប៉ុន្ដែវាបាត់ជើងមិនដឹងគេយកទៅចោលនៅកន្លែងណាវាអត់ឃើញ“។

ករណីនេះនាយប៉ុស្ដិ៍នគរបាលឃុំ ត្រែញ័រ ស្រុកពួកលោក ឈើយ សាវិល មានប្រសាសន៍ថា សមត្ថកិច្ចបានទទួលពាកក្យបណ្ដឹងពីគណបក្សសង្គ្រោះជាតិរួចហើយ និងកំពុងស៊ើបអង្កេតរកជនខិលខូច។ លោកបន្ដថា៖ “អត់មានតម្រុយដែលអាចកំណត់មុខសញ្ញាអីបាន អត់ទាន់ស្រាវជ្រាវឃើញបង វាដូចជាស្ងាត់ឈឹង យើងកំពុងស្រាវជ្រាវមើលថាតើវាមកពីប្រភពណា“។

បើតាមមន្ដ្រីបក្សជំទាស់អះអាងថា ស្លាកគណបក្សសង្គ្រោះជាតិនៅខេត្ដសៀមរាបដែលត្រូវបានជនមិនស្គាល់មុខបំផ្លាញនៅក្នុងឆ្នាំ២០១៦នេះ មានចំនួន៥ករណី ដែលក្នុងនោះមាននៅស្រុកពួក ក្រុងសៀមរាប និងស្រុកប្រាសាទ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ