រដ្ឋមន្ត្រី​៖ កម្ពុជា​ត្រៀម​ខ្លួន​រួច​ហើយ​នៅ​ពេល​បរទេសដាក់ទណ្ឌកម្ម​

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្នមុនី​រ័ត្ន

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបានថ្លែងថា កម្ពុជាបានត្រៀមខ្លួនរួចហើយសម្រាប់ការផ្តាច់ជំនួយ ឬ ដាក់ទណ្ឌកម្មផ្សេងៗពីសហគមន៍អន្តរជាតិដោយថាបច្ចុប្បន្នត្រូវការជំនួយបរទេសតែប្រមាណ​២០%ប៉ុណ្ណោះសម្រាប់ដំណើរការការងាររបស់រដ្ឋាភិបាល។​ ​

លោក អូន ព័ន្នមុនី​រ័ត្ន​ បាន​ថ្លែង​នៅ​ក្នុង​សភាជាតិ​កម្ពុជាថារដ្ឋា​ភិ​បាល​​កម្ពុជាបាន​ត្រៀម​ខ្លួន​រួច​ហើយ​ប្រសិន​ជា​បរទេស​កាត់​ផ្តាច់​ជំនួយនិង​បិទ​ការ​នាំទំនិញចេញ​ពី​កម្ពុជា​។ លោក​បញ្ជាក់​ថា បញ្ហាទាំងនេះអាចដោះស្រាយព្រោះបច្ចុប្បន្នកម្ពុជាពឹងជំនួយបរទេសតែ២០%ប៉ុណ្ណោះ។​

លោ​កថា៖ « ក្រៅ​តែ​ពី​លទ្ធភាព​នៃ​ការ​កើន​ឡើង​រចនា​សម្ព័ន្ធនៃ​ថវិកាជាតិតែ​ម្តង ការ​ដែល​យើង​មាន​ឯក​រាជ្យ​ភាព​ដែល​យើង​លែង​ពឹង​ផ្អែក​ទៅ​លើ​ជំនួយ​បរទេស​នេះ យើង​ក៏​នៅ​មាន​ធន​ធាន​មួយ​ទៀត​ទាក់​ទង​នឹង​ផ្នែក​ធន​ធាន​បំរុង សម្រាប់​ធានា​គ្រប់​គ្រង​សភាព​ការ​នៅពេល​មាន​វិបត្តិ​សេដ្ឋ​កិច្ច​ឬ​ហិរញ្ញវត្ថុជា​យថា​ហេតុ » ។ ​​

ទោះ​ជា​យ៉ាង​ណា​លោក​ក៏​បាន​លើក​ឡើង​ដែរ​ថា​វិបត្តិក៏​អាចនឹង​កើត​ឡើង​ផង​ដែរ​ប្រសិន​ជា​បរទេស​កាត់​ផ្តាច់​ជំនួយ និង​បិទការនាំ​ចេញ​មែន​នោះ តែ​លោក​ថា​ទំនាក់​ទំនង​ពាណិជ្ជកម្ម​គឺ​ខុសពី​ទំនាក់​ទំនង​នយោបាយ​​ដែល​ថា​ការ​ធ្វើ​ពាណិជ្ជកម្មជា​មួយ​បរទេស​​គឺ​អាច​នៅ​ដដែល បើ​ទោះ​បី​នយោបាយ​មាន​ភាព​រកាំ​រកូស​ក៏​ដោយ​។

​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គមលោក សន ជ័យ មាន​ប្រសាសន៍​ថា​ឥទ្ធិ​ពល​នៃ​ជំនួយ​បរ​ទេស​​នេះ​មិន​ត្រឹម​តែ​ទាក់​ទង​ជា​ជំនួយ​ជា​សាច់​ប្រាក់​នោះ​ទេ តែ​វា​ជាជំនួយ​ទាក់​ទង​នឹង​ការ​វិនិ​យោគ​របស់​បរទេស​ទៀត។  លោក​បន្តថា បើបរទេសបិទជំនួយនោះនឹងធ្វើឲ្យពលរដ្ឋរងគ្រោះ។​

លោក​ថា៖​ « បើ​សិន​ជា​មាន​ទំនាក់​ទំនងល្អក់កករ​ជា​មួយ​អន្តរជាតិ ខ្ញុំ​បារម្ភថា​នឹងអាច​កើត​មាន​ដល់វិបត្តិ​ហិរញ្ញវត្ថុ ឬ​ក៏​អាច​ប៉ះពាល់​ដល់​ភាព​គ្មាន​ការ​ងារ​ធ្វើ​នោះ​ដែរ បើ​សិន​ជាភាពគ្មាន​ការ​ងារ​ធ្វើ​ជួបប្រទះ​នួវ​បញ្ហា​សកម្មភាព​សេដ្ឋកិច្ច​មួយ​ចំនួន​ទៀត​ដូច​ជា​អចលនទ្រព្យ ដូចជា​ការ​ការ​វិនិយោគទៅលើ​វិស័យ​ផ្សេងៗ​ទៀត​ហ្នឹង​ក៏​វា​អាច​មាន​ផល​ប៉ះពាល់ ហើយ​អ្វី​ដែល​លើ​ស​ពី​នេះ​គឺ​ការ​នាំ​ចេញ​ការអនុគ្រោះពន្ធ​នាំ​ចេញ​ទៅ​អាមេរិក និង​អឺរ៉ុប​ហ្នឹង​ដែរ  »។

គួរបញ្ជាក់ថា បន្ទាប់ពីតុលាការកំពូល បានសម្រេចរំលាយគណបក្ស​សង្គ្រោះជាតិ​កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ ធ្វើឲ្យមានប្រតិកម្មរិះគន់ និងថ្កោលទោសពីមជ្ឈដ្ឋានអន្ដរជាតិជាហូរហែមានជូចជា សហរដ្ឋ​អា​មេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសជាដើម ដោយប្រទេស​មួយចំនួន​បានប្រកាស​ផ្តាច់​ជំនួយ​មក​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ