ក្រុមបាល់ទាត់​​​តារាល្បីៗ​មួយក្រុម កាន់តែលេចធ្លោ​ក្នុងអាជីព​កីឡា

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 9:41 AM | កំសាន្ដកីឡា | 0 | 1916 ក្រុមបាល់ទាត់មហាហង្ស​​​​​​​​ (វង្ស សុុម៉ាលីន)

​​​​​​ចាប់តាំងពី​បានដំណើរ​ការ​ក្រុមបាល់ទាត់ដែលមាន​​កីឡាករបង្ហាញខ្លួនសុទ្ធសឹងតែជាតារាសម្ដែង​​ល្បី​ៗនៅក្នុង​ពិភពសិល្បៈ គេកត់សម្គាល់​ក្រុមបាល់ទាត់មហាហង្សកាន់តែ​​បង្ហាញ​ឥទ្ធិពល​ខ្លាំងឡើង​ក្នុងការ​​​​វេទិកាប្រកួត​ផ្សេង។ អ្វីដែល​​គេកត់សម្គាល់គឺក្រុម​នេះត្រូវបាន​​​​​​​​​សហការ​​លេង​​​យ៉ាង​​សកម្មពី​តារា​សម្ដែង​រូបសង្ហារៗ និង​ល្បី​​ឈ្មោះរហូតដល់​​១៥រូប ហើយ​​​​​ភាគច្រើនគឺមិនមែនជាតារា​ដែល​បានសម្ដែង​អោយ​​​ផលិតកម្មមហាហង្សនោះទៅ​ទៀត ​​​​ដោយសារតែក្រុមមានគោលការណ៍​ជ្រើ​ស​យកកីឡាករ​ពេញសិទ្ធិដែលជាតារាសម្ដែង​ ដែលមាន​សមត្ថភាពខ្លាំង​​​​​ក្នុងការ​លេងបាល់ ទើបគេឃើញក្រុមនេះ​​​​ទទួលជោគជ័យស្ទើរតែគ្រប់​ការប្រកួត​​​​មកទល់ពេលនេះ។

សរុបការប្រកួត​​​​​គិតត្រឹមថ្ងៃទី​​​១១ វិច្ឆិកា ក្រុមបាល់ទាត់​​តារា​ៗ​​ដែលមានឈ្មោះ​ក្រុមមហាហង្ស​​​​​​​​បង្ហាញខ្លួននៅលើទីលានប្រកួតជាមួយក្រុម​​បាល់ទាត់​​​​​​ផ្សេងៗបានចំនួន​​២៥​​លើក​ហើយ ដោយ​​ក្នុងចំណោមនោះគឺមានតែ​មួយលើកប៉ុណ្ណោះ​ដែលទទួលបរាជ័យ​​​ ​​​​​ដែល​​នេះគឺជា​លទ្ធផលចាប់តាំងពីក្រុម​​​មួយនេះ​​​​​​លេចឡើង។ ​

កីឡាករ​ពេញសិទ្ធិដែល​​​​​លេងប្រចាំ​ក្រុមនេះ ​​​​ត្រូវគេ​ឃើញថា​មាន​​វត្តមានរបស់​​​​​ផលិតករ និងជាតារាសម្ដែងដែល​​​បានកុងត្រា​​អោយផលិតកម្ម​​​មហាហង្ស​របស់លោកអ៊ិន សុភិន តិច​​តួច​​ប៉ុណ្ណោះ ប៉ុន្តែ​​​ភាគច្រើន​គឺជា​តារា​សម្ដែងដែលត្រូវគេ​ដឹង​ថាបានជាប់កុងត្រាជាមួយ​ផលិតកម្មផ្សេង​ៗហើយ​​មិនអាច​​​​​​​​ទទួលថតរឿង​អោយមហាហង្ស​ផង។

ក្រុម​​បាល់ទាត់មួយក្រុម​​ត្រូវគេឃើញថា​​សុទ្ធសឹងតែជាតារាសម្ដែង ​និង​​​ក្រុមបច្ចេកទេស​​​ផលិតកុន ដោយមិនមាន​អ្នក​​មកពីខាង​ក្រៅ​​​​​​សិល្បៈដូច​ក្រុម​​ដែលបង្កើតឡើងដោយ​​​​​តារា​ផ្សេងៗនោះទេ ទើបធ្វើអោយក្រុម​មហាហង្ស​​​​​​ទទួលបានការ​​​ចាប់អារម្មណ៍​​ពីសំណាក់តារាសិល្បៈ និង​មហាជន ស្រប​គ្នាដែល​​​​​​ក្រុមមួយនេះ​គឺអោយតែ​​​​បង្ហាញខ្លួនឡើងប្រកួតនៅលើទីលាន​ក៏​ទទួលបានជ័យជម្នះយ៉ាង​លើស​លប់ផង​។ ​​

តារា​​សម្ដែង​ដែលសុទ្ធសឹងតែជាតួឯក​​នៅក្នុង​​ពិភពសម្ដែង​កាន់តែពួតដៃគ្នានៅក្នុងក្រុមនេះ ​ដោយ​​​ក្រុមតារាទាំងនេះ​​ហាក់​​​​ផ្ដល់ពេលវេលាច្រើន​​នៅក្នុង​វិស័យ​បាល់ទាត់​​​របស់ក្រុម ​​មិនដូច​​ពីការលើកឡើងថាតារាសិល្បៈ​មមាញឹក​ខ្លាំង​​កម្រ​​ចំណាយ​នឹង​កិច្ចការ​កីឡា​​​​​រួម​គ្នាបែបនេះ​នោះផង​។ ​​​

តារា​សម្ដែងល្បីៗដែល​​​​​ត្រូវ​បានប្រកាស​ថា​ជា​​​កីឡាករ​ពេញសិទ្ធិរបស់​ក្រុម​រួមមាន ​​លោក ​​​ភឹម តារា​វិបុល លោក​ជា សុវណ្ណនរាហ៍ ​លោក​​​​​ហ៊ូ ប៉ូសេង ​​​​លោក​​លឹម ជាឡាយ ​លោកអូន ឧស្សាហ៍ លោកហេង នរៈកក្កដា និង​តារា​សម្ដែង​ល្បីឈ្មោះ​​​ជាច្រើន​រូប​​ទៀត។ ​

តារាសម្ដែងទាំងនោះ​​​​ក៏​​​សុទ្ធតែមានថ្វីជើង​​​មិនធម្មតា​​​​ដូចគ្នា​នឹងកីឡាករ​​បាល់ទាត់អាជីព​នោះ​​ផង ​​​​​​​ដោយសារតែ​​​​នាពេលកន្លងមក​គឺ​​​​កីឡាករដែល​ម្នាក់ៗសុទ្ធតែ​​បាន​​​​​ឆ្លៀតពេល​លេង​បាល់ទាត់​​​ដោយរៀងៗខ្លួន ​​​​​​​​ហើយ​នៅពេល​​បង្ហាញខ្លួនក្នុងនាមជាតារា​​ និងជាក្រុម​អ្នកសិល្បៈបែបនេះ ក៏​ធ្វើអោយក្រុម​​មហាហង្ស​​​ក្លាយជា​​​​ក្រុម​​ល្បី​ក្នុងក្រសែភ្នែកអ្នកសិល្បៈ និង​​​​អ្នកគាំទ្រ​​​​​​​​​​​​បាល់ទាត់តែម្ដង។ ​

​លោក ​​អ៊ិន សុភិន មេក្រុម​​​បានអះអាងថា​​ហេតុផលដែល​​លោកសម្រេច​ចិត្ត​បង្កើតក្រុមបាល់​​ទាត់មហាហង្ស គឺ​ដោយសារតែលោកបានកត់សម្គាល់ថានៅក្នុង​​​​ចំណោមតារា​ល្បីៗ​​​​​​​​​មាន​​​​តារាដែលអាចលេងបាល់​​​​បាន​ល្អច្រើននាក់​​​គួរសម ​​​​​​ហើយដោយសារតែចង់​​​​បង្រួបបង្រួម​​​​តារាៗ និង​​ចង់ប្រមូល​អ្នកមានថ្វីជើង​​នៅក្នុងវិស័យ​​បាល់ទាត់​ផង ទើប​​​សម្រេច​ចំណាយលុយ​​ និងពេល​​​វេលាធ្វើការ​​បង្កើត​​ក្រុម​​បាល់ទាត់នេះឡើយ។ ​

អ៊ីចឹង​ហើយទើប​លោក​​​ក្នុងនាមជាអ្នកចាត់ការក្រុម បាន​​​​​​ទាក់ទងដោយផ្ទាល់​​ដើម្បីស្នើ​សុំអោយ​​តារា​​​ៗដែលមាន​​​ថ្វីជើង​​​មកធ្វើជាកីឡាករ​​ប្រចាំក្រុម​​ ​​​​​​បើ​ទោះជា​​​​​ពួកគេ​សុទ្ធតែមិនអាចទទួលការងារថតរឿង​​របស់ផលិតកម្ម​មហាហង្ស​​បាន។ លោកអះអាងថាកីឡាករពេញសិទ្ធ​ភាគច្រើន​​មិនមែនជាតារា​​របស់មហាហង្សនោះទេ ប៉ុន្តែ​តារាៗ​​​​ទាំំងនោះសុទ្ធតែបាន​ស្ម័គ្រចិត្ត​​​​​ចូលរួម ​​ទើបធ្វើអោយ​ក្រុម​របស់លោកមាន​តារា​​ល្បីៗ​​​រហូតដល់​​​​១៥រូប​​ដែល​​​​​​​​ក្លាយជាក្រុមបាល់ទាត់​​​ដែលមានតារា​សិល្បៈ​ចូ​ល​លេងជាក្រុម​​​ ហើយត្រូវបាន​​​​លោកចាត់ទុក​ថា​ជាក្រុមបាល់ទាត់របស់តារា​សិល្បៈ​​​​​សុទ្ធសាធ ដែលមិនដូចក្រុម​ផ្សេងដែល​​គ្រាន់តែមាន​មេក្រុមជាតារា ប៉ុន្តែសម្រាប់​​​ក្រុម​​អ្នកលេង​ពិត​ប្រាកដ​​បែរជា​កីឡាករ​អាជីព និង​ជា​​អ្នកមិនមែន​​ជា​តារា​​សិល្បៈ​។ ​

លោកចង់ធ្វើអោយ​​តារា​សិល្បៈ ដែលមានថ្វីជើងក្នុងការលេងបាល់ អាចចងក្រងគ្នាដោយមិនប្រកាន់​​​ក្រុម និងផលិតកម្ម ​ដើម្បី​​លើកកម្ពស់វិស័យ​បាល់ទាត់ផង និងដើម្បី​​ជាមុខ​មាត់របស់តារា​សិល្បៈ។ ​​មកទល់​​ពេលនេះ​​លោកថា​ក្រុមតារាៗដែលមានឈ្មោះ​​​ថាក្រុម​មហាហង្ស ​ប្រកួត​ជាមួយក្រុម​អាជីព​ និងមិនអាជីព​បានចំនួន​​២៥​លើក​ហើយ ដោយក្នុងចំណោម​​​​២៥​លើកគឺធ្លាប់ចាញ់តែម្ដង ​​​​ក្រៅពីនោះសុទ្ធតែស្មើ និង​​ឈ្នះ​​​​​។

ជាក់ស្ដែង​​​​​កាលពី​ការប្រកួតលើកចុងក្រោយ​ថ្ងៃទី​​១១ វិច្ឆិកា ​​​​ក្រុមមួយនេះ​បាន​លត់ក្រុម​​​ពាណិជ្ជករ​​​​ថៃ​រហូតដល់​​៧០ ​ដែល​ជាលទ្ធផលធ្វើអោយមានការ​​ភ្ញាក់​ផ្អើល​សម្រាប់​ក្រុមនេះ​ផង។ លោកបានទាំងចាត់ទុកថា​​​កីឡាករ​​ដែល​​ជាតាសម្ដែង​​ល្បីៗ​មួយចំនួន គឺជា​​ខ្សែប្រយុទ្ធ​ឆ្នើម ​និងជាខ្សែការពារ​​យ៉ាងល្អ​​ដែល​មិនខុសពី​​​​​​​​កីឡាករអាជីព​នោះ​ផង។ ​

លោក​ប្រកាសស្វែងរក​​​គ្រូបង្វឹក​​មក​ជួយក្រុម​​ដើម្បី​អោយក្រុម​​មហាហង្ស​ដែលចម្រុះដោយ​​​​តារា​សម្ដែងល្បី​ៗ​កាន់តែមានថ្វីជើង​នៅលើទីលាន ព្រោះតែលោកនឹងមានគម្រោងបើកការប្រកួត​ជាមួយក្រុមបាល់ទាត់ផ្សេងៗ​​​កាន់តែ​ច្រើនជាងមុន ​ដើម្បី​ធ្វើអោយក្រុមកាន់តែសកម្ម និង​លេចធ្លោរ។

លោកប្រកាសចំណាយ​លើក្រុមមួយនេះ​​ក្នុងមួយ​ឆ្នាំ​​ៗ​​​រាប់ពាន​ដុល្លារ ដើម្បីទ្រទ្រង់​​ក្រុម ដោយលោកប្រកាសថា​​មិនមែនគ្រាន់តែរៀបចំក្រុម​​​ដើម្បី​លេងកំដរ ហើយ​ក៏​បែកខ្ញែកឡើយ។ លោកប្រកាសថា​​​ក្រុមបាល់​​ទាត់មហាហង្ស​នឹង​​​​​​​ពង្រឹង​ជំហរ​អោយក្លាយជាក្រុមអាជីព​មួយ តែលោកនឹង​រក្សា​​​គោលការណ៍មិនយក​​អ្នកពីខាង​ក្រៅ​អោយចូល​​លេងជំនួស​តារា​សម្ដែង និង​​​​​ក្រុម​​​ផលិតកុននោះទេ ​ដោយសារតែលោកចង់អោយក្រុមមួយនេះ​មានឈ្មោះថា​ជាក្រុម​របស់​អ្នកសិល្បៈមួយរយភាគរយ ហើយ​​​នឹងចំណាយ​​​ថវិកាទ្រទ្រង់ទាំងការ​ហ្វឹកហាត់ និង​​​​​រៀបចំការប្រកួត​ធ្វើអោយ​​តារា​​សិល្បៈ ដែលជាកីឡាករ​ពេញសិទ្ធិ និង​បម្រុង​​​​​​កាន់តែមានទឹកចិត្ត​​​​​​​​ចង់ជួយក្រុម​​​។ ​​​

លោក​​​មិនខ្លាច​​ក្រុម​​នេះ​​បាត់​បង់រូបរាងទៅវិញ​ក្រោយការប្រកាសឡើងជាផ្លូវការនោះទេ ដោយ​សារតែលោកបញ្ជាក់ថា​​បើទោះជា​​តារា​ក្នុងក្រុម​មួយចំនួន​ក៏នឹងមាន​​តារា​ជាច្រើនផ្សេងទៀត​​លេង​ជំនួស​ក្នុងនាមជាតារា​​សិល្បៈនោះដែរ ​​​​​ដ្បិតលោកបាន​​​គៀរគរ​​តារាសម្ដែង​ល្បីៗ​ជាច្រើន​អោយត្រៀមបម្រុងនៅពេល​​តារា​ល្បី​ៗពេញសិទ្ធិ​​​អវត្តមាន៕

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required