គណបក្សថ្មីមួយ បានឲ្យដឹងថា ការរំលាយគណបក្សសង្រ្គោះជាតិ និងការហាមសមាជិកជាន់ខ្ពស់គណបក្សនេះជាង១០០នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំនោះ ធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលមិញនេះ បានបង្ហាញការសោកស្តាយចំពោះតុលាការកំពូលដែលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ តាមការស្នើសុំរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៦ ខែវិច្ឆិកាម្សិលមិញ ដោយថាការសម្រេចរំលាយបក្សប្រឆំាង និងហាមមិនឲ្យមន្ត្រី១១៨នាក់ ធ្វើនយោបាយរយៈពេល៥ឆ្នាំនោះ ធ្វើប៉ះពាល់ដល់គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស នៅក្នុងប្រទេសកម្ពុជា។
ទោះជាបែបនេះក្តី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លើកទឹកចិត្តឱ្យសមាជិក និងអ្នកនយោបាយ គណបក្សសង្រ្គោះជាតិ ជំនាន់ថ្មីកសាងកម្លាំងនយោបាយឡើងវិញ ដើម្បីចូលរួមកសាងសង្គមប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា៕