Mugabe ក្តោបអំណាចជិត​៤០ឆ្នាំ ហើយចង់ផ្ទេរឲ្យប្រពន្ធ ត្រូវមន្ត្រីចាប់ឃុំខ្លួន

មេដឹកនាំប្រទេសហ្ស៊ីម​បាវេលោក ​Robert Mugabe អាយុ៩៣ឆ្នាំ ដឹកនាំប្រទេស៣៧ឆ្នាំ គឺចាប់តាំងពីឆ្នាំ១៩៨០ ក្រោយពេលដែលប្រទេសនេះទទួលបានឯករាជពីប្រទេសអង់គ្លេស។ លោកស្ថិតនៅក្នុងលេខរៀងទី៣នៃមេដឹកនាំដែលស្ថិតនៅក្នុងតំណែងយូរបំផុតនៅលើពិភពលោក​ បន្ទាប់ពីលោក Paul Biya មេដឹកនាំប្រទេសកាម៉ារ៉ូនស្ថិតនៅក្នុងតំណែង៤២ឆ្នាំ និង​លោក Teodoro Obiang Nguema Mbasogo មេដឹកនាំប្រទេសហ្គេនេ អ៊ឺក្វាតូរីយ៉ាល់ ដឹកនាំប្រទេស៣៨ឆ្នាំ។​

មេដឹកនាំវ័យ៩៣ឆ្នាំរូបនេះ ត្រូវបានមេបញ្ជាការកងទ័ពនៃប្រទេសរបស់ខ្លួន​ចល័តកងទ័ពនៅក្នុងទីក្រុងនិងតំបន់សំខាន់ៗនៅក្នុងប្រទេស ហើយក្តោបក្តាប់ស្ថានការណ៍ និង បានសម្រេចឃុំខ្លួនមេដឹកនាំវ័យ៩៣ឆ្នាំរូបនេះ​ និង ក្រុមគ្រួសារនៅក្នុងផ្ទះជាបណ្តោះអាសន្នកាលពីថ្ងៃពុធម្សិលមិញ។​

មេបញ្ជាការកងទ័ពលោក Constantino Chiwenga ប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្រោយពេលឃុំខ្លួនមេដឹកនាំរបស់ពួកគេថា យោធាមិនបានធ្វើរដ្ឋប្រហារទេគឺគ្រាន់តែចាប់ខ្លួនលោក Mugabe ដោយសារតែមេដឹកនាំរូបនេះ​ដឹកនាំមានកំហុសច្រើនកំពុងតែធ្វើឲ្យជាតិមានគ្រោះថ្នាក់។​ លោកថា នឹងរៀបចំឲ្យមានរដ្ឋាភិបាលស៊ីវិលគ្រប់គ្រងវិញ ហើយនឹងមានការបោះឆ្នោតត្រឹមត្រូវ។​ ចំណែករដ្ឋធម្មនុញ្ញនៃប្រទេសនេះ ក៏នៅតែប្រើប្រាស់ធម្មតា មិនបានប្រកាសព្យួរនោះទេ។​

នៅព្រឹកព្រលឹមថ្ងៃពុធម្សិលមិញ​អ្នកនាំពាក្យកងទ័ពបានថ្លែងសារតាមទូរទស្សន៍ជាតិ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ ខណៈយោធាគ្រប់គ្រងទីតាំងសំខាន់ៗនៃប្រទេស ដូចជាព្រលានយន្តហោះ វិមានរដ្ឋាភិបាល មន្ទីររដ្ឋសភាជាដើម។​

ដើមហេតុដែលឈានដល់មន្ត្រីយោធាឃាត់ខ្លួនមេដឹកនាំរបស់ពួកគេនេះ កើតចេញពីបញ្ហាបែកបាក់ផ្ទៃក្នុងធ្ងន់ធ្ងរ។ កាលពីសប្តាហ៍មុន​ លោក Robert Mugabe បានបណ្តេញឧបនាយករដ្ឋមន្ត្រីរបស់លោក​ចេញពីតំណែង ហើយមានការត្រៀមរៀបចំភរិយារបស់លោកគឺលោកស្រី​ Grace Mugabe ឲ្យត្រៀមបន្តតំណែង​។​

ក្រោយការដកតំណែងឧបនាយករដ្ឋមន្ត្រី និងត្រៀមរៀបចំភរិយារបស់លោកឲ្យស្នងតំណែងនេះ នាំឲ្យមានជម្លោះផ្ទៃក្នុងរវាងមន្ត្រីផ្សេងៗទៀត ហើយការសម្របសម្រួលផ្ទៃក្នុងមិនទទួលបានលទ្ធផល ក៏ឈានដល់មេបញ្ជាការកងទ័ពចាប់ខ្លួនមេដឹកនាំប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ