ក្រសួងមហាផ្ទៃ​ច្រានចោលការចោទថាពន្ធនាគារស្រុកខ្មែរឲ្យអ្នកទោសមានលុយចេញចូលសេរី​

ក្រសួងមហាផ្ទៃ​នៅថ្ងៃនេះ បានប្រកាសច្រានចោលការចោទប្រកាន់ថា ពន្ធនាគារស្រុកខ្មែរពេលបច្ចុប្បន្ន បានបើកសេរីភាពឲ្យអ្នកទោសឬទណ្ឌិត ដែលជាអ្នកមានទ្រព្យសម្បត្តិច្រើន​ចេញចូល​ដោយសេរី។​

លិខិតបដិសេធរបស់ក្រសួងមហាផ្ទៃ​ ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា បានច្រានចោលព័ត៌មាន​របស់ស្ថាប័ន Fresh News ដែលផ្សាយកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ អំពីភាពអនាធិបតេយ្យនៅក្នុងពន្ធនាគារ ដែលអត្ថបទដាក់​ចំណងជើងថា ពន្ធនាគារស្រុកខ្មែរក្លាយជាកន្លែងចេញចូលយ៉ាងសេរី សម្រាប់ទណ្ឌិតទ្រព្យមហាសាលាដូចអ្នកស្រី សេង ច័ន្ធដា។​

នៅក្នុងលិខិតនោះ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ប្រកាសបដិសេធខ្លឹមសារផ្សព្វផ្សាយនេះថា មិនមានប្រភព​និងមូលដ្ឋាននោះទេ។​

របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស លីកាដូរ កាលពីឆ្នាំ២០១៥ លើកឡើងថា ការ​​រំលោភ​បំពាន ការរើស​អើង ការ​កេង​ប្រវ័ញ្ច និង​អំពើ​ពុករលួយ ដែល​កំពុង​បន្ត​កើត​មាន​ឡើង ជា​លក្ខណៈ​ប្រព័ន្ធ​ក្នុង​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា។ របាយការណ៍នោះ ក៏បានលើកឡើងពីបញ្ហា ពន្ធនាគារចង្អៀត រចនាសម្ព័ន្ធគ្រប់គ្រងខ្វះខាត ខ្វះមធ្យោបាយធ្វើដំណើរទៅតុលាការ ខ្វះការអនុវត្តច្បាប់ និងកង្វះសមត្ថភាព​ខាងចំណេះដឹងក្នុងការចំណោម​មន្ត្រីពន្ធនាគារមួយចំនួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ