អាជ្ញាធរឃាត់ខ្លួនជនជាតិវៀតណាម២២នាក់នៅខណ្ឌច្បារអំពៅ

អាជ្ញាធរកម្ពុជា បានឃាត់ខ្លួនជនជាតិវៀតណាមជាច្រើននាក់ នៅ​រាជធានីភ្នំពេញ បន្ទាប់​ពី​រក​ឃើញ​ថា ​ពួកគេ​ចូលមកស្នាក់នៅ និងធ្វើការខុសច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

វេបសាយ​អគ្គស្នងនគរបាលការជាតិ ឲ្យដឹងនៅថ្ងៃនេះ​ថា កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងនាយកដ្ឋានអន្ដោប្រវេសន៍ បានចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិវៀតណាមចំនួន ២២នាក់ ក្នុងនោះមានស្រី ៧នាក់ នៅទីតាំងសិប្បកម្មឈើ និងសិប្បកម្មផលិតកៅអីដែក ស្ថិតក្នុង​សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

បើតាមការចុះផ្សាយរបស់អគ្គស្នងនគរបាលការជាតិ អាជ្ញាធរបានឃាត់ខ្លួន និងបញ្ជូនពួកគេទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធី។

បើតាមមន្ដ្រីអន្តោប្រវេសន៍ ជនបរទេសរស់នៅកម្ពុជាមានប្រមណ​​ជាង ​១៦ម៉ឺន​នាក់ ក្នុងនោះជនជាតិវៀតណាមមានច្រើនជាងគេ​ដល់​ទៅ​ជាង ៩៩ភាគរយ ខណៈ​ដែល​ជន​ជាតិ​វៀតណាមកាន់កាប់ឯកសារខុសប្រក្រតី មានចំនួន​​ជាង ៧ម៉ឺន ៦ពាន់នាក់ (៧៦ ៣៩៨នាក់) ហើយ​ជន​ជាតិ​វៀតណាមជាង ១ ម៉ឺន៤ពាន់នាក់​ទៀត​ (១៤ ​២៤៦​នាក់) កំពុង​រស់​នៅដោយ​គ្មាន​ឯកសារ​ស្រប​ច្បាប់។

ក្រោយមានបញ្ជាផ្ទាល់មាត់ពីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង នោះ អគ្គ​នាយក​​នៃ​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ លោក សុខ ផល បានឲ្យ​ដឹងកាលពីថ្ងៃទី៩មករា​ថា ចាប់​ពី​ខែ​វិច្ឆិកា​ឆ្នាំមុន​ដល់​ដើម​ខែ​មករាឆ្នាំ២០១៨​ អាជ្ញាធរ​បាន​ដក​ហូត​ឯកសារ​ខុស​ប្រក្រតី​​ចំនួន ១៥​ភាគរយ ហើយ​​​ភាគ​ច្រើន​ជា​ជន​អន្តោប្រវេសន៍​វៀតណាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ