រដ្ឋមន្ត្រីក្រសួងព័ត៌មានទុកពេល ២សប្ដាហ៍សម្រាប់វិទ្យុស្ត្រី FM102 ឲ្យចូលខ្លួនទៅដោះស្រាយ បន្ទាប់ពីរកឃើញថា វិទ្យុនេះបានជួលរលកសញ្ញាផ្សាយ ឬហ្វ្រេកង់បំពានទៅលើសេចក្តីប្រកាសរបស់ក្រសួង។
ក្នុងលិខិតជូនដំណឹងចុះថ្ងៃ១៦ មករា ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញ៉ារីទ្ធ បានព្រមានបិទ និងចាត់វិធានផ្លូវច្បាប់ទៅលើវិទ្យុស្រ្តី FM102 ដោយលើកហេតុផលថា វិទ្យុនេះបានជួលហ្វេ្រកង់ផ្សាយរបស់ខ្លួនបន្ត ដោយបំពានទៅលើប្រកាសរបស់ក្រសួងពត៌មាន ដែលតម្រូវឲ្យមានការស្នើសុំការអនុញ្ញាពីក្រសួងជាមុនសិន មុននឹងសម្រេចជួលហ្វេ្រកង់ផ្សាយទៅឲ្យអ្នកដទៃធ្វើអាជីវកម្ម។
លោករដ្ឋមន្ត្រីបានទុកពេលចំនួនពីរសប្តាហ៍ដល់នាយិកាវិទ្យុនេះ លោកស្រីជា ស៊ុនដាណែត ឲ្យទៅបំពេញសំណុំបែបបទស្នើសុំពីក្រសួងជាមុនសិន បើវិទ្យុនេះចង់បន្តការផ្សាយរបស់ខ្លួនបន្តទៀត។
បើតាមលោក ខៀវ កាញារីទ្ធ បន្ទាប់ពីផុតថ្ងៃកំណត់ ក្រសួងនឹងដកហូតប្រកាសអនុញ្ញាតវិទ្យុនេះ និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕