អតីតអ្នកបើករថយន្តកាពីតូល១នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួននៅបាត់ដំបង

អតីតអ្នកបើករថយន្តឲ្យក្រុមហ៊ុនកាពីតូលឲ្យដឹងថា អតីតអ្នកបើកបររថយន្តម្នាក់ទៀតត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួន ខណៈពេលធ្វើការចែកចាយខិតប័ណ្ណអំពាវនាវឲ្យសាធារណៈជនផ្អាកប្រើប្រាស់សេវាកម្មក្រុមហ៊ុនកាពីតូល។

លោក វ៉ាន់ ណារ៉ង អតីតអ្នកបើករថយន្តម្នាក់ឲ្យក្រុមហ៊ុនកាពីតូលបានឲ្យវីអូឌីដឹងថា អតីតអ្នកបើករថយន្តឈ្មោះ លី ហុង ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួននៅម៉ោងជាង៩ ព្រឹកថ្ងៃសុក្រនេះ ខណៈពេលលោកធ្វើការចែកខិតបណ្ណ័សុំឲ្យសាធារណៈជនផ្អាកជិះរថយន្តក្រុមហ៊ុនកាពីតូល និងកង់បីរបស់សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍។ លោកថា លោក លី ហុង ត្រូវបានបញ្ជូនទៅសាលាក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ។

ស្នងការខេត្តបាត់ដំបងលោក ស ថេត មានប្រសាសន៍ថា សមត្ថកិច្ចឃាត់ខ្លួនលោក លី ហុង ដោយសារតែលោកធ្វើការខិតប័ណ្ណទាំងនោះ នៅតាមផ្លូវដែលលោកថាធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។ លោកមានប្រសាសន៍ថា៖ “គាត់ទៅបោះ (ខិតប័ណ្ណ)ធ្វើអី? ម៉េចគាត់មិនធ្វើការតវ៉ាទៅតាមផ្លូវច្បាប់? គេមានអាជ្ញាធរគ្រប់ជាន់ថ្នាក់តើ ឥឡូវយើងមិនពេញចិត្តនៅកន្លែងណា ចំណុចអី យើងមានលិខិតស្នាមហើយដាក់ដើម្បីសុំធ្វើការដោះស្រាយទៅ យើងមកបាចអាញ៉េអាញ៉ៃអីចឹងវាអសណ្ដាប់ធ្នាប់…ជិះម៉ូតូព្រាចទៅណា៎! មិនមែនដើរចែកទេ”

លោក ស ថេត ឲ្យដឹងដែរថា លោក លី ហុង ត្រូវបានបញ្ជូនទៅអធិការដ្ឋានក្រុងបាត់ដំបងដើម្បីសាកសួរពីករណីនេះ។

គួរបញ្ជាក់ថា នៅម៉ោងប្រមាណ៨ព្រឹកថ្ងៃសុក្រនេះ អតីតអ្នកបើករថយន្តឲ្យក្រុមហ៊ុនកាពីតូលម្នាក់ឈ្មោះ បុន វិបុល ត្រូវបានសមាជិកសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍ ចាប់ខ្លួនបញ្ជូនទៅសាលាសង្កាត់កាកាប ដោយលោកអះអាងថា ដោយសារអតីតអ្នកបើកបររថយន្តរូបនោះបានចែកខិតប័ណ្ណនិយាយប៉ះពាល់ដល់សមាគមនោះ។

ទោះយ៉ាងណា បើតាមលោក វ៉ាន់ ណារ៉ង លោក បុន វិបុល ត្រូវបានដោះលែងវិញនៅម៉ោងប្រមាណជាង១១ បន្ទាប់ពីបញ្ចប់ការសាកសួរ និងធ្វើកិច្ចសន្យាជាមួយនឹងមន្រ្តីសង្កាត់កាកាប។

គួររំឭកថា កាលពីថ្ងៃទី១២ ខែមីនា សមាគមរួមគ្នាអភិវឌ្ឍន៍កម្ពុជា ដែលគេស្គាល់ថា ជាសមាគមរបស់អ្នករត់ម៉ូឌុប និងម៉ូតូកង់បីបានឃាត់ខ្លួនអតីតអ្នកបើករថយន្តឲ្យក្រុមហ៊ុនកាពីតូលចំនួន៧នាក់ នៅពេលអតីតអ្នកបើកឡានទាំងនោះធ្វើសកម្មភាពចុះចែកខិតប័ណ្ណនៅតាមផ្លូវក្នុងរាជធានីភ្នំពេញ។ អ្នកទាំងនោះត្រូវសមត្ថកិច្ចដោះលែងឲ្យមានសេរីភាពវិញ បន្ទាប់ពីពួកគេចុះកិច្ចសន្យាយប់ដើរចែកខិតប័ណ្ណដោយមិនមានការអនុញ្ញាតពីអាជ្ញាធរ។

កាលពីថ្ងៃទី៦ ខែកុម្ភៈ វិវាទការងារនៅក្រុមហ៊ុនកាពីតូលបានផ្ទុះហិង្សាបង្កឲ្យអ្នកតវ៉ា១៤នាក់ជាអតីតបុគ្គលិកក្រុមហ៊ុននេះរងរបួសធ្ងន់។ ក្រោយហិង្សានោះ សហជីព សហគមន៍ និងក្រុមអង្គការសង្គមស៊ីវិលសរុប៥០ស្ថាប័ន ប្រកាសគាំទ្រការធ្វើពហិកាសេវាកម្មក្រុមហ៊ុនកាពីតូល ហើយអំពាវនាវឲ្យសាធារណជនទូទៅចូលរួមការធ្វើពហិការនេះ ដោយក្រុមសង្គមស៊ីវិលអះអាងថា ដោយសារក្រុមហ៊ុននេះបានរំលោភសិទ្ធិការងារ និងបង្ក្រាបការតវ៉ារបស់បុគ្គលិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ