រដ្ឋាភិបាលស្នើតែងតាំងរដ្ឋលេខាធិការ១១នាក់ និងអភិបាលខេត្តថ្មី៤នាក់

រដ្ឋាភិបាលបានស្នើទៅកាន់រដ្ឋសភាដើម្បីតែងតាំងរដ្ឋលេខាធិការចំនួន១១រូបសម្រាប់ក្រសួងមួយចំនួន ដោយបញ្ជាក់ថា ដើម្បីបំពេញបន្ថែមសមាសភាពសមាជិករដ្ឋាភិបាលទៅតាមតម្រូវការចាំបាច់ និងស្នើទៅព្រះមហាក្សត្រតែងតាំងអភិបាលខេត្តថ្មី៤រូប​ជំនួសអភិបាលខេត្តបច្ចប្បន្នដែលនឹងត្រូវទទួលតំណែងរដ្ឋលេខាធិការនៅ​តាម​ក្រសួង​។

ក្នុងលិខិតចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ផ្ញើទៅកាន់ប្រធានរដ្ឋសភាលោក ហេង សំរិន ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានស្នើឲ្យមានការរៀបចំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភាលើការកែសម្រួលសមាសភាពរដ្ឋាភិបាល។ ក្នុងសំណើនោះ លោក ហ៊ុន សែន បានសម្រេចបញ្ចប់មុខងាររដ្ឋមន្រ្តីចំនួន៣រូបនិងផ្លាស់ប្តូររដ្ឋមន្រ្តីចំនួន៥រូបឲ្យទៅដឹកនាំក្រសួងផ្សេងវិញ។

ក្រៅពីការស្នើសុំបញ្ចប់ និងផ្លាស់ប្ដូរតួនាទីរដ្ឋមន្ត្រី ក្នុងលិខិត​នោះ លោកនាយករដ្ឋមន្ត្រីក៏បានស្នើតែងតាំងមន្ត្រី១១រូបផ្សេងទៀតសម្រាប់តំណែងរដ្ឋលេខាធិការផងដែរ។ នាយករដ្ឋមន្ត្រីស្នើតែងតាំងលោក ឈិត សុខុន អតីតអភិបាលខេត្តព្រះសីហនុ និងលោក ខូយ ឃុនហួរ ដែលជាអភិបាលខេត្តកំពតបច្ចុប្បន្ន ជារដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី។ ចំណែកអតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក អ៊ឹម សួស្តី និងលោក ប៉ាវ ហមផាន អតីតអភិបាលខេត្តរតនគិរី ត្រូវស្នើតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

បើតាមលិខិតស្នើសុំដដែល លោក ជៀង អំ អភិបាលខេត្តស្វាយរៀងសព្វថ្ងៃត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ ឯលោក ហាស សារ៉េត អតីតអភិបាលខេត្តព្រៃវែង ត្រូវស្នើឲ្យតែងតាំងជារដ្ឋលេខាធិការក្រសួងកសិកម្ម។ ដោយឡែក លោក ផៃ ប៊ុនឈឿន ដែលបច្ចុប្បន្នមានតំណែងជាអនុរដ្ឋលេខាធិការនៅក្រុសួងបរិស្ថាន ត្រូវស្នើតែងតាំងជារដ្ឋលេខាធិការនៅក្រសួងនេះវិញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ស្នើឲ្យតែងតាំងអភិបាលខេត្តបន្ទាយមានជ័យសព្វថ្ងៃគឺលោក គោស៊ុំ សារឿត ជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងលោក ផែង សុវិជ្ជានោ ដែលបច្ចុប្បន្ន ជាអនុរដ្ឋលេខាធិការក្រសួងដែនដី ក៏ត្រូវស្នើឲ្យតែងតាំងជារដ្ឋលេខាធិការក្រសួងនេះផងដែរ។ ដូចគ្នានេះដែរ អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ជួង វន ត្រូវស្នើតែងតាំងជារដ្ឋលេខាធិការក្រសួងនេះវិញដែរ។

បើតាមអ្វីដែលលោកនាយករដ្ឋមន្ត្រីថ្លែងកាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីទាំងនេះគឺត្រូវរង់ចាំរដ្ឋសភាបោះឆ្នោត ហើយមានព្រះរាជក្រឹត្យតែងតាំងនិងពិធីផ្លាស់ប្តូរនិងតែងតាំងថ្មី។ លោកនាយរដ្ឋមន្ត្រីបានស្នើទៅកាន់សភាឲ្យមានការរៀបចំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ហើយសំណើនេះត្រូវបានសភាយល់ព្រមហើយដែរ។

ក្នុងលិខិតដាច់ដោយឡែកមួយទៀតចុះថ្ងៃទី១៧ ខែមីនា ទូលថ្វាយទៅព្រះមហាក្សត្រ នាយករដ្ឋមន្ត្រីស្នើតែងតាំងលោក សួន បវរ អភិបាលរងខេត្តបន្ទាយមានជ័យទៅជាអភិបាលខេត្ត លោក ចាន់ ចេស្តាអភិបាលរងខេត្តកំពតទៅជាអភិបាលខេត្ត លោក វ៉ី សំណាង អភិបាលរងខេត្តកំពង់ស្ពឺទៅជាអភិបាលខេត្ត និង លោក ម៉ែន វិបុល អភិបាលរងខេត្តស្វាយរៀងទៅជាអភិបាលខេត្តនេះ។

អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ លើកឡើងថា រដ្ឋាភិបាលគួរតែកាត់បន្ថយសមាជិកគណៈរដ្ឋមន្ត្រីរបស់ខ្លួនឲ្យនៅតិចជាងនេះ ដោយលោកថា នៅប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ជាងកម្ពុជាដូចជាប្រទេសថៃ និងសិង្ហបុរី គឺមានចំនួនសមាជិកគណៈរដ្ឋមន្ត្រីតិចជាងកម្ពុជា។ លោកថា ការងារមួយចំនួនរបស់មន្ត្រីនៅតាមក្រសួងដែលពួកគាត់បម្រើការមានភាពមិនច្បាស់លាស់ និងមានខ្លះជាន់តួនាទីគ្នាក៏មាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ