យុវជនមួយក្រុមប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយករណីចោទប្រកាន់លោក កឹម សុខា លើរឿងអាស្រូវស្នេហា

តំណាង​ក្រុមយុវជន លោក ស្រី ចំរើន នាពេល​កន្លង​ទៅ

យុវជនមួយក្រុមមានគ្នាប្រមាណ៣០នាក់ ដែលអះអាងថាជានិស្សិតមកពីសាកលវិទ្យាល័យរដ្ឋ និងឯកជន បាននាំគ្នាដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយនៅរសៀលថ្ងៃសុក្រនេះ ដោយក្រុមយុវជនអះអាងថា ពួកគេសង្ស័យថា លោក កឹម សុខា បានផ្ដល់លុយឲ្យស្រីស្នេហ៍ទិញផ្ទះ និងដី ហើយអាចជាប់ពាក់ព័ន្ធអំពើពុករលួយ។

តំណាងក្រុមយុវជន លោក ស្រី ចំរើន ថ្លែងពេលដាក់ពាក្យបណ្ដឹងថា ការដាក់ពាក្យបណ្តឹងនេះគឺចង់ឲ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតលើសំឡេងខ្សែអាត់ដែលត្រូវគេអះអាងថាជាការសារសងរវាងលោក កឹម សុខា ជាមួយនារីកំណាន់ចិត្ត ដោយអត្ថន័យនៃខ្សែអាត់នោះក៏មានការលើកឡើងពីការទិញដី និងផ្ទះឲ្យនារីនោះផងដែរ។ លោកមានប្រសាសន៍ថា៖ “ចង់ស្វែងរកការពិតទាក់ទងសារសំឡេងដែលលោក កឹម សុខា បានសារសងជាមួយស្រីស្នេហ៍របស់លោកពាក់ព័ន្ធការផ្ដល់លុយទិញដី ទិញផ្ទះ និងបើករបបរកស៊ីជួនទៅកាន់ស្រីស្នេហ៍របស់គាត់”

លោក ស្រី ចំរើណ អះអាងបន្ទាប់ពីដាក់ពាក្យបណ្ដឹងនៅមុខអង្គភាពប្រឆាំងអំពើពុករលួយថា មន្ត្រីអង្គភាពបានទទួលពាក្យបណ្តឹងរបស់លោកហើយ និងសន្យាថានឹងចាត់ការទៅលើករណីនេះ ប៉ុន្តែចំពោះចំណាត់បែបណា លោកមិនទាន់ដឹងឡើយទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមីនា យុវជនក្រុមនេះក៏បាននាំគ្នាដាក់ញត្តិទៅរដ្ឋសភា ដើម្បីឲ្យស្ថាប័ននេះកោះហៅលោក កឹម សុខា ចេញមុខបកស្រាយរឿងខ្សែអាត់សំឡេងដែលសង្ស័យថាបានសារសងស្នេហាជាមួយ ស្រីកំណាន់ដោយថារឿងអាស្រូវរបស់លោក កឹម សុខា ធ្វើឲ្យប៉ះពាល់ដល់ច្បាប់ និងសង្គមជាតិ។

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថាលោកមានរូបភាពអ្នកនយោបាយល្បីឈ្មោះម្នាក់នាំស្រីទៅចូលសណ្ឋាមួយនៅទីក្រុងបាងកកប្រទេសថៃ។ ថ្វីត្បិតតែលោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះអ្នកនយោបាយនោះក៏ដោយ តែមជ្ឈដ្ឋានជាច្រើនគិតថា លោកនាយករដ្ឋមន្រ្តីសំដៅដល់លោក កឹម សុខា ដែលកំពុងរងការចោទថាមានអាស្រូវស្នេហា។

គួរបញ្ជាក់ថានេះមិនមែនជាលើកទីមួយទេ ពោលកាលពីមុនបោះឆ្នោតឆ្នាំ២០១៣ ក៏មានស្រ្តីម្នាក់ចេញមុខអះអាងថា ជាប្រពន្ធក្រៅច្បាប់របស់លោក កឹម សុខា ដែរ។ កាលនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងវាយប្រហារចំៗទៅលើលោក កឹម សុខា ចំពោះករណីនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ