ទូតអាមេរិកប្រតិកម្មសម្ដីលោក ហ៊ុន សែន ដែលថា ចារកម្មអាមេរិកសម្លាប់លោក កែម ឡី

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt

តំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា បដិសេធចំពោះ​ការចោទប្រកាន់ពីប្រមុខរដ្ឋាភិបាលកម្ពុជា ដែលលើក​ឡើង​ថា លោក​សង្ស័យ​ចារកម្ម​អាមេរិក​អាចជាអ្នកនៅពីក្រោយការស្លាប់អ្នកវិភាគនយោបាយល្បីឈ្មោះ​លោកបណ្ឌិត កែម ឡី។

ក្នុងពិធីជួបជាមួយក្រុមអ្នកគាំទ្រនៅប្រទេសអូស្ដ្រាលី​កាលពីថ្ងៃសុក្រ​កន្លង​មក​នេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​ផ្ដាំ​ទៅ​ភរិយា​លោក កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា កុំឲ្យចាត់ទុករូបលោកជាសត្រូវ ខណៈលោកសង្ស័យថា អ្នក​នៅ​ពី​ក្រោយ​ការ​ស្លាប់​របស់​លោក កែម ឡី អាចជាចារកម្មរបស់អាមេរិក។

លោកថ្លែងទៀតថា​ ក្នុងនោះ លោក ជុន ចាន់បុត្រ ក៏ធ្លាប់និយាយអំពីរឿងនេះ នៅពេលអនុប្រធានវិទ្យុអាស៊ីសេរីរូបនេះ បាន​ទៅ​ជួបមេបញ្ជាការកងទ័ព និងកូនប្រុសលោក ដើម្បីសុំជួយការពារសុវត្ថិភាព ដោយថា ខ្លាចអាមេរិកសម្លាប់ដូច លោក កែម ឡី។

ឆ្លើយនឹងសំណួរអ្នកសារព័ត៌មានក្នុងពិធីមួយនៅខេត្តកំពង់ធំ​នៅថ្ងៃនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក William Heidt មានប្រសាសន៍ថា លោកមានសោកស្ដាយ និងហួសចិត្ត ចំពោះ​ការ​ចោទ​ប្រកាន់​បែប​នេះ​ពី​សំណាក់​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន និងចាត់ទុកថា នេះជាការវាយប្រហារមកលើរដ្ឋាភិបាលសហរដ្ឋអាមេរិក។

លោកអះអាងថា អាមេរិក​ជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងគាំទ្រអង្គការសង្គមស៊ីវិល និងថា ករណី​ឃាតកម្មលោក កែម ឡី កាលពី​ជិត ២ឆ្នាំមុន ចាំបាច់ត្រូវមានការស៊ើបអង្កេត​ដោយ​បើកជំហរ និងមានតម្លាភាព។

លោកក៏ច្រានចោលការចោទថា លោក ជុន ចាន់បុត្រ គឺជាចារកម្មអាមេរិក និងថា ការថ្លែងរបស់លោក ហ៊ុន សែន គឺ​ជាការ​ចោទ​ប្រកាន់ដ៏ឆ្គួតលីលា។

លោកថ្លែងថា៖ «ខ្ញុំចង់និយាយបន្ដិចទេអំពីការអត្ថាធិប្បាយមួយចំនួនពីប្រទេសអូស្ដ្រាលី កាលពីចុងសប្ដាហ៍នេះ។ ពិតណាស់ ការថ្លែងមួយកាលពីថ្ងៃសុក្រ អំពីសហរដ្ឋអាមេរិក និងព្រឹត្តិការណ៍ដ៏សោកសៅអំពីលោក កែម ឡី ពិតណាស់ ការថ្លែងទាំងពីរនេះ គឺមិនច្បាស់លាស់ និងជាការវាយប្រហារមកលើអាមេរិក។ អ្នកទាំងអស់គ្នានៅកម្ពុជា សុទ្ធតែដឹងថា យើងបានគាំទ្រយ៉ាងពេញទំហឹងផ្នែកប្រជាធិបតេយ្យ យើងគាំទ្រដល់អង្គការសង្គមស៊ីវិល។​ យើងធ្លាប់​បាននិយាយតាំងដើមមក នៅពេលលោក កែម ឡី ត្រូវបានគេសម្លាប់ យើងបាននិយាយអំពីសារសំខាន់នៃការបើកការស៊ើបអង្កេតបើកជំហរ និងតម្លាភាព»។

អ្នកវិភាគបញ្ហានយោបាយលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃត្រង់នៅស្ដារម៉ាតមួយកន្លែង ក្នុងរាជធានីភ្នំពេញ កាលពីខែកក្កដាឆ្នាំ២០១៦។

អាជ្ញាធរកម្ពុជា បានចាប់ខ្លួនបុរសម្នាក់ប៉ុណ្ណោះ ឈ្មោះ អឿត អាង ហៅខ្លួន​ឯង​​ថា ជួប សម្លាប់ ដែល​ត្រូវ​​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​គុកមួយជីវិត។

យ៉ាងនេះក្ដី សាច់ញាតិ និងភិរិយាលោក កែម ឡី មិនជឿថា បុរសឈ្មោះ ជួប សម្លាប់ គឺ​ជា​ឃាតករ​ពិត​ប្រាកដ​ក្នុង​ករណី​ឃាតកម្ម​នេះទេ។

របាយការណ៍ស៊ើបអង្កេតរបស់សារព័ត៌មាន Al Jazeera ចេញផ្សាយកាលពីខែមករាឆ្នាំ២០១៧ បានបង្ហាញថា ប្រភព និង​សាក្សី​ជាច្រើនក្នុងខេត្តសៀមរាប បានរៀបរាប់ឲ្យដឹងថា បុរសឈ្មោះ «អឿត អាង» ត្រូវ​បាន​គេ​ហៅ​ទៅ​ជួប​ប្រជុំ​ជាមួយ​មន្ដ្រី​ថ្នាក់​ស្រុក និងមន្ដ្រីយោធាជាន់ខ្ពស់មួយចំនួន ពោលគឺប្រហែលមួយសប្ដាហ៍ មុនកើតឃាតកម្មលើលោក កែម ឡី៕

រាយការណ៍បន្ថែមដោយ កញ្ញា ខាន់ លក្ខិណា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ