ព្រឹទ្ធសភាសម្រេចទទួល​ស្គាល់សមាជិកជំនួស​សមាជិក​ទទួល​អនិច្ចកម្មនិងលាឈប់

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 3:22 PM | នយោបាយ | 0 | 2184

ព្រឹទ្ធសភាបានសម្រេចទទួលស្គាល់សមាជិកខ្លួន២រូបជំនួសសមាជិកដែលបានទទួលមរណភាពនិងលាឈប់សុំចូលនិវត្តន៍។

ក្នុងសេចក្តីសម្រេចចុះថ្ងៃទី១២ មេសា ព្រឹទ្ធសភាបានសម្រេចទទួលស្គាល់សមាជិកព្រឹទ្ធិសភាថ្មី២រូប គឺសមាជិកព្រឹទ្ធិសភាមកពីមណ្ឌលភូមិភាគទី៥(ខេត្តតាកែវ កំពត និងកែប) លោកស្រី ជិន សុងីម មកជំនួសលោក ប៉េង ប៉ាត់ ដែលបានទទួលមរណភាព។ ចំណែកលោក យឹម ឃុនឃឿន ដែលជាសមាជិកព្រឹទ្ធសភាមកពីមណ្ឌលទី៦(ខេត្តព្រៃវែង ស្វាយរៀង) ជំនួសសមាជិកគណបក្សសម រង្ស៊ី លោក គង់ គាំ ដែលបានសុំចូលនិវត្តន៍។

គួរបញ្ជាក់ថាលោក ប៉េង ប៉ាត់ ជាសមាជិកព្រឹទ្ធិសភាមកពីគណបក្សប្រជាជនកម្ពុជានិងជាស្វាមីរបស់លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានទទួលមរណភាពនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ ក្នុងអាយុ៦៦ឆ្នាំ។

ចំណែកឯលោកគង់ គាំ ដែលជាសមាជិកព្រឹទ្ធិសភាមកពីគណបក្សសម រង្សី កាលពីថ្ងៃទី០២ វិច្ឆិកា ឆ្នាំ២០១៥ លោកបានប្រកាសចូលនិវត្តន៍។

អគ្គលេខាធិការនៃព្រឹទ្ធសភា លោក អ៊ុំ សារឹទ្ធ មានប្រសាសន៍ថាសមាជិកព្រឹទ្ធសភាថ្មីពីររូបនោះជាការដាក់បញ្ចូលរបស់គណបក្សទាំងពីរ។ លោកមានប្រសាសន៍ថា៖ “តាមនីតិវិធីតាមច្បាប់គឺគណបក្សសាម៉ីគេស្នើសមាភាពថ្មីមក យើងបានធ្វើបែបបទហ្នឹងដើម្បីទទួលស្គាល់។ ក្នុងបញ្ជីបោះឆ្នោតពីមុនគាត់មានឈ្មោះហើយក្នុងលំដាប់លេខរៀង មិនមែនតែទៀងតែតាមលេខរៀងហ្នឹងទេ។ ឧបមាអ្នកបន្ទាប់គេមិនធ្វើអញ្ចឹងអ្នកបន្តាប់ទៀតគេធ្វើជំនួសទៅអាហ្នឹងក៏មានដែរវាមិនមែនតែតាមលេខរៀងទេ ជាគោលការណ៍តាមលេខរៀង!”៕

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required