កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលកំពុងរងការចោទប្រកាន់ថាជាស្រីកំណាន់ របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា សម្រេចចិត្តចូលខ្លួនបំភ្លឺនៅថ្ងៃស្អែក តាមការកោះហៅរបស់តុលាការ ករណីផ្ដល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ។
បើតាមដីកាកោះចុះថ្ងៃទី១១ ខែ មេសា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី លោក សៀង សុខ បានកោះហៅកញ្ញាស្រីមុំចូលបំភ្លឺនៅថ្ងៃទី១៩ ខែមេសា វេលាម៉ោង៨ និង៣០នាទីព្រឹក ដើម្បីសាកសួរពីដំណើររឿងរបាយការណ៍របស់សមត្ថកិច្ចនៃនាយកដ្ឋាន ប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បង្ហាញថាមានករណីផ្ដល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ។
ក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការរបស់សមាគមអាដហុក កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រី មុំ លើកឡើងថា កញ្ញាសម្រេចចូលបំភ្លឺតាមការកោះហៅរបស់តុលាការ ប៉ុន្តែកញ្ញាមិនបានបញ្ជាក់ថា នៅថ្ងៃស្អែកនេះកញ្ញានឹងត្រូវនិយាយអ្វីបានខ្លះនោះទេ។ កញ្ញាបន្ថែមថា៖ “ព្រោះថាខ្ញុំអត់ត្រូវថា អ្វីដែលខ្ញុំនិយាយ ព្រោះថាខ្ញុំអត់អាចត្រៀមបាន ព្រោះខ្ញុំថាពេលខ្ញុំទៅនៅថ្ងៃទី១៩ហ្នឹង គឺខ្ញុំគិតថាសម្រេចចិត្តខ្ញុំគ្រាន់តែគិតថាខ្ញុំសម្រេចនឹងទៅ ព្រោះមុននឹងក្រោយគឺខ្ញុំត្រូវចូលទៅបំភ្លឺចឹង”។
មេធាវីការពារក្ដីឲ្យកញ្ញាស្រីមុំ គឺលោកស្រី ទ្រី ឈូន មានប្រសាសន៍ថា បើតាមការសិក្សាសំណុំរឿងលោកស្រីថា កូនក្ដីរបស់លោកស្រីមិនបានប្រព្រឹត្តិបទល្មើសដូចការចោទប្រកាន់នោះទេ។ ចំពោះការចូលបំភ្លឺនៅព្រឹកថ្ងៃស្អែកនេះ លោកស្រីថា លោកស្រីមិនការព្រួយបារម្ភនោះទេ។ លោកស្រីមានប្រសាសន៍ថា៖ “ខ្ញុំអត់មានការបារម្ភទេ។ ឆ្លងកាត់ការសិក្សាសំណុំរឿងទៅ ខ្ញុំយល់ឃើញថា កូនក្ដីរបស់ខ្ញុំជាជនរងគ្រោះ”។
គួរបញ្ជាក់ថា កាលថ្ងៃទី៨ ខែមេសា កញ្ញាស្រី មុំ ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ចេញដីកាកោះឲ្យចូលបំភ្លឺម្ដងរួចហើយ ទាក់ទងនឹងករណីផ្ដល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ។ តែដោយសារតែភាគីជាជនសង្ស័យមិនទាន់មានមេធាវីការពារក្ដីទើបស្នើសុំពន្យារពេលចូលបំភ្លឺ។
កន្លងទៅ ក្រុមអង្គការការពារសិទ្ធិស្ដ្រីបានចេញសេក្ដីថ្លែងការណ៍រួមថ្កោលទោសចំពោះការចេញខ្សែអាត់សំឡេងជាបន្តបន្ទាប់ និងចាត់ទុកការចេញដីកាកោះរបស់តុលាការនេះថាជាការចោទប្រកាន់គ្មានឈរលើមូលដ្ឋានច្បាប់ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់កញ្ញាស្រីមុំ៕