ពលរដ្ឋជិត៦០គ្រួសារ នៅជាប់ព្រំប្រទល់ស្រុកបវិលនិងស្រុកបាណន់ ខេត្តបាត់ដំបងជំរុញឲ្យ រដ្ឋាភិបាលពន្លឿងការដោះស្រាយករណីវិវាទដីធ្លីជាមួយទាហាន ជូនពួកគេឲ្យបានឆាប់ ដោយថា ពលរដ្ឋគ្មានធ្វើស្រែ ខណៈដែលរដូវបង្កបង្កើនផលមកដល់។
តំណាងពលរដ្ឋប្រមាណ២០នាក់នៅថ្ងៃព្រហស្សតិ៍ទី១៨ខែឧសភានេះ បាននាំគ្នាយកញត្តិមកដាក់នៅខុទ្ទាកាល័យលោកនាយករដ្ឋមន្រ្តីជាថ្មីទៀត ដើម្បីសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរគមន៍ដោយផ្តល់ដីនោះឲ្យពួកគេវិញនិងចេញបណ្ណកម្មសិទ្ធិ។
ពលរដ្ឋម្នាក់វ័យជាង៦០ឆ្នាំលោក កែ សំអាន ប្រាប់អ្នកសាព័ត៌មានថា ពួកគាត់បានមករស់នៅ និងបង្កបង្កើនលើដីមានទំទាស់នោះតាំងឆ្នាំង២០០០ ហើយនៅឆ្នាំ២០១២ក្រុមនិសិត្សបានចុះវាស់វែងដីនោះជូនពលរដ្ឋ ប៉ុន្តែលោកថា ត្រូវទាហានមួយក្រុមមករារាំងមិនឲ្យក្រុមនិសិត្យវាស់វែង ជូនពលរដ្ឋនោះទេ ដោយថា ដីនោះជាដីទាហានទៅវិញ។
លោកបន្តថា បើទោះបីជាក្រុមនិសិត្សមិនវាស់ឲ្យក៏ដោយ ពលរដ្ឋនៅបន្តធ្វើស្រែចំការលើដី នោះរហូតមកដល់ឆ្នាំ២០១៧ ទើបក្រុមទាហានទាំងនោះមកបោះជុំរុំក្នុងដីនោះ និងរារាំងមិនឲ្យពលរដ្ឋបានបង្កបង្កើនផលទៀតឡើយ។
លោកបន្ថែមថា៖ «កាលឆ្នាំ២០១២ ក្រុមនិសិត្សចុះទៅវាស់វែងឲ្យពលរដ្ឋហើយ ប៉ុន្តែទាហាន ឈ្មោះ ភ្លន់ ផល្លា ហ្នឹងគាត់ចុះមកជំទាស់ថា ដីទាហានមិនឲ្យចេញប្លង់ទេ ពេលគេជំទាស់ពួកនិ សិត្សទៅបាត់ពួកខ្ញុំនៅតែបន្តអាស្រ័យផលដដែល ទើបខែ៣ថ្ងៃទី១០ឆ្នាំ២០១៧នេះទើបទា ហានទាំងនោះចុះមកនៅលើដីតែម្តងដោយដាក់ជំរុំនៅនោះ អញ្ចឹងពួកខ្ញុំសុំសំណូមពរឲ្យ សម្តេច ហ៊ុន សែន ជួយពួកខ្ញុំឲ្យចេញប័ណ្ណកម្មសិទ្ធិជូនពួកខ្ញុំ៥៩គ្រួសារនេះផង»។
អ្នកស្រី សោម ចំរើន ដែលអះអាងថាជាតំណាងពលរដ្ឋឲ្យដឹងថាទាហានដែលមករំលោភយកដីពលរដ្ឋមានឈ្មោះ ភ្លន់ សុផល្លា, ព្រឹម លាម, ឈិត ធៀង, ស្វាយ ធូប, ស្វាយ ធឿម និងបក្សពួកផ្សេងទៀត ដោយថា បុគ្គលទាំងនោះ បានគម្រាមកំហែងនិងយកគ្រឿងចក្រមកឈូសឆាយដីដំណាំរបស់ពលរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
អ្នកស្រីបន្ថែម៖ «កន្លងមកអភិបាលស្រុក និងអភិបាលខេត្ត បានចេញលិខិតមួយដោយហាមមិនឲ្យភាគីណាចុះទៅធ្វើអ្វីលើដីនោះទេ ដោយរងចាំការដោះស្រាយនៅមុនពេលរដូវធ្វើស្រែចំការ។ ប៉ុន្តែ អីឡូហ្នឹង ចូលដល់រដូវធ្វើស្រែហើយ នៅតែអត់ដោះស្រាយឲ្យពួកខ្ញុំដដែល ហើយល្ងរ សណ្តែកពួកខ្ញុំខូចអស់ហើយៗ ប្រជាពលរដ្ឋបង្ខំចិត្តធ្វើដាក់ទៅខេត្តទៀត គេនៅតែអត់ដោះ ស្រាយឲ្យទៀត។ បើមិនឲ្យប្រជាពលរដ្ឋធ្វើប្រជាពលរដ្ឋបានអីហូបដាច់ពោះស្លាប់ហើយដោយ សារអត់ដីធ្វើស្រែហ្នឹងហើយម្នាក់ៗជំពាក់លុយអង្គការហើយបើមកហាមឃាត់អត់ពលរដ្ឋបាន លុយសង់អង្គការ»។
អ្នកស្រីបន្តថា កន្លងមកប្រជាពលរដ្ឋ ធ្លាប់រកកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្ត ក្រសួងរៀបចំដែនដី ក្រសួងការពារជាតិ និងខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ប៉ុន្តែអ្នកស្រីថា រហូតមកដល់ពេលនេះ នៅមិនទាន់មានដំណោះស្រាយឡើយ។
មន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តីគឺ លោក គង់ ចំរើន បានទទួលញត្តិពីប្រជាពលដ្ឋម្តងទៀត ប៉ុន្តែលោកមិនឲ្យអ្នកសាព័ត៌មានចូលសួរ ពេលដែលលោកកំពុងធ្វើការនោះទេ។
វីអូឌីមិនអាចសុំការឆ្លើយតបពីភាគីទាហានបានទេចំពោះការចោទប្រកាន់នេះ។
កន្លងមកមេឃុំ ឃ្លាំងមាស ក្នុងស្រុកបវិលលោក ប៉ិន សម្បត្តិ ធ្លាប់ប្រាប់វីអូឌីថា ករណីជម្លោះនេះ លោកមិនមានសមត្ថភាពក្នុងការដោះស្រាយឡើយ ដោយលោក បង្វែរឲ្យទៅសួរអាជ្ញាធរខេត្តវិញ។
អភិបាលខេត្តបាត់ដំបងលោក ច័ន្ទ សុផល ប្រាប់វីអូឌីថា អាជ្ញាធរខេត្តកំពុងតែធ្វើការដោះស្រាយ ហើយ ប៉ុន្តែលោកសុំឲ្យភាគីជម្លោះទាំងពីរត្រូវយោគយល់ឬសម្បទានឲ្យគ្នាខ្លះដើម្បីឆាប់បាន ដំណោះស្រយ។
លោកបន្ថែមថា៖ «បញ្ហានេះខាងយើងកំពុងធ្វើការដោះស្រាយ ហើយជិតត្រូវគ្នា ហើយពួកខ្ញុំដឹង ថាបញ្ហានេះ កើតយូរហើយៗ ពួកយើងខំដោះស្រាយ ហើយដូចលោកបានជ្រាប ហើយទំនាស់ របៀបនេះទាល់តែភាគីទាំងសង់ខាងចេះលះបង់ខ្លះ មកខាងនោះលះបង់ខ្លះ មកនោះទើបអាច ឆាប់ត្រូវគ្នា»។
បើតាមអះអាងរបស់ពលរដ្ឋឲ្យដឹងថា ដីដែលពលរដ្ឋមានជម្លោះជាមួយទាហាននោះ មានទំហំសរុប១៥២ហិកតា និងមានពលរដ្ឋ៥៩គ្រួសារក្នុងនោះមានពលរដ្ឋមកពីស្រុកបាណន់ចំនួនផងដែរ ដោយក្នុងមួយគ្រួសារមានដីចន្លោះពី៣ទៅ៤ហិកតាប៉ុណ្ណោះ៕