ក្រុម​ឧទ្ទាម​ IS ប្រកាស​ទទួល​ខុស​ត្រូវ​ការ​វាយ​ប្រហារ​លើ​ស្ថានីយ៍​ទូរទស្សន៍​រដ្ឋ​អាហ្វហ្កានីស្ថាន

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 10:48 AM | អន្តរជាតិ | 0 | 4186

ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​អត្ត​ឃាត​ទៅ​លើ​ស្ថានីយ៍​ទូរទស្សន៍​រដ្ឋ​អាហ្វហ្កានីស្ថាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៦​នាក់ និងប​ណ្ដាល​ឲ្យ​មនុស្ស ២៤​នាក់​រង​របួស រួម​ទាំង​ជន​វាយ​ប្រហារ​ផង​ដែរ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ផ្សាយ​បន្ថែម​ថា ការវាយ​ប្រហារ​នោះ ដែល​បាន​កើត​ឡើង​នៅ​ភាគ​ខាង​កើត​ទីក្រុង​ចាឡាឡាបាដ​នោះ គឺ​ជា​អំពើ​ហិង្សា​ថ្មី​បំផុត​ដែល​បាន​កើត​ឡើង​លើ​អ្នក​កាសែត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាហ្វហ្កានីស្ថាន នៅ​ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ។ អំពើ​ហិង្សា​នេះ បាន​កើត​ឡើង​តែ​ជាង​មួយ​សប្ដាហ៍​ក្រោយ​ពី​ទូរទស្សន៍​នេះ​ផ្សាយ​ថា មេដឹកនាំ​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​នៅ​អាហ្វហ្កានីស្ថាន ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក។

ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម បាន​បង្កើត​មូលដ្ឋាន​របស់​ខ្លួន​នៅ​ខេត្ត​ណាន់ហ្កាហារ នៅ​ជាប់​នឹង​ព្រំដែន​ប្រទេស​ប៉ាគីស្ថាន ជា​ទីដែល​ពួកនេះ​ប្រឆាំង​ទាំង​កង​ទ័ព​រដ្ឋាភិបាល និង​កម្លាំង​បះបោរ​តាលីបង់។

អភិបាល​ខេត្ត​ណាន់ហ្កាហារ លោក ហ្គូឡាប់ ម៉ាន់ហ្កាល់ ត្រូវ​បាន​ Reuters ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា ការ​វាយ​ប្រហារ​ទៅ​លើ​ស្ថានីយ៍​ទូរទស្សន៍ RTA ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ជន​វាយ​ប្រហារ ៤​នាក់ ក្នុងនោះ​មាន​ម្នាក់​បាន​ចុះ​បំផ្ទុះ​គ្រាប់​បែក​នៅ​ច្រក​ចូល​បរិវេណ​ស្ថានីយ​ទូរទស្សន៍ ខណៈ​ដែល​ជន​ផ្សេង​ទៀត​បាន​បាញ់​កាំភ្លើង​ស្រោច​ទៅ​លើ​អគារ​របស់​ស្ថានីយ៍​ទូរទស្សន៍នោះ​៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required