មេដឹកនាំ​កូរ៉េ​ខាង​ត្បូង​ថា អាច​ផ្ទុះ​ជម្លោះ​យោធា​ ខណៈ​កូរ៉េ​ខាង​ជើង​ប្រឹ​ងប្រែង​ផលិត​មីស៊ីល

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 10:13 AM | អន្តរជាតិ | 0 | 5577

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក មូន ជែអ៊ីន បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ជម្លោះ​ជាមួយ​កូរ៉េ​ខាង​ជើង​អាច​កើត​ឡើង​យ៉ាង​ខ្ពស់ ដោយសារ​កូរ៉េ​ខាង​ជើង​កំពុង​តែ​ជំរុញ​កម្មវិធី​ផលិត​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល ដែល​ក្រុង​ព្យុងយ៉ាង​ថា ចាំ​បាច់​ដើម្បី​ប្រឆាំង​នឹង​ទង្វើ​ឈ្លាន​ពាន​របស់​អាមេរិក។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​​ព័ត៌មាន Reuters។

លោក មូន បាន​ថ្លែង​ដូច្នេះ តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​កូរ៉េ​ខាង​ត្បូង​និយាយ​ថា ខ្លួន​ចង់​បើក​ប្រព័ន្ធ​ពិភាក្សា​ជាមួយ​កូរ៉េ​ខាង​ជើង​ឡើង​វិញ ខណៈ​ដែល​មេដឹកនាំ​កូរ៉េ​ខាង​ត្បូង កំពុង​ព្យាយាម​បង្កើត​គោល​នយោបាយ ២​ផ្លូវ ពាក់​ព័ន្ធ​នឹង​ការ​ដាក់​ទណ្ឌកម្ម និង​ការពិភាក្សា ដើម្បី​​បង្ក្រាប​លើ​ក្រុង​ព្យុង​យ៉ាង។

កូរ៉េ​ខាង​ជើង មិន​បាន​លាក់​បាំង​ការ​ពិត​នោះ​ឡើយ​ថា ខ្លួន​កំពុង​តែ​ប្រឹង​ប្រែង​អភិវឌ្ឍ​គ្រាប់​មីស៊ីល​បំពាក់​ទៅ​ដោយ​គ្រាប់​បែក​នុយក្លេអ៊ែរ ដែល​អាច​បាញ់​ទៅ​ដល់​ទឹក​ដី​អាមេរិក ហើយ​មិន​រវីរវល់​នឹង​ការ​អំពាវ​នាវ​ឲ្យ​ផ្អាក​នោះ​ឡើយ បើទោះបី​ជា​ការ​អំពាវ​នាវ​នោះ ធ្វើ​ឡើង​ដោយ​ប្រទេស​ចិន​ក៏​ដោយ។

កូរ៉េ​ខាង​ជើង បាន​បាញ់​គ្រាប់​មីស៊ីល​ជា​ថ្មី​ម្ដង​ទៀត​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន ល្មើស​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ដោយ​ក្រុង​ព្យុងយ៉ាង​និយាយ​ថា នោះ​គឺ​ជា​ការ​សាក​ល្បង​សមត្ថភាព​គ្រាប់​មីស៊ីល​របស់​ខ្លួន ដែល​ផ្ទុក​ទៅ​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដ៏​ធំ។

លោក មូន ត្រូវ​បាន​ដក​ស្រង់​សម្ដី​ថា ការ​ពិត​គឺ​ថា អាច​មាន​លទ្ធភាព​ផ្ទុះ​ជម្លោះ​យោធា​ខ្ពស់ នៅ​តាម​បន្ទាត់​ព្រំ​ដែន៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required