ចិន​យល់ព្រម​ជួយ​ស្វែងរក​យន្តហោះ​វៀតណាម​ដែល​បាត់​ខ្លួន​

យន្តហោះ​ល្បាត​ឆ្នេរសមុទ្រ CASA ដែលមកដល់ព្រលានយន្តហោះយោធាមួយនៅទីក្រុងហូជីមិញក្នុងឆ្នាំ 2014(រូបភាពពីសារព័ត៌មានChannel News Asia)

ក្រសួងការពារជាតិវៀតណាម បានឲ្យដឹងថា ចិនបានបញ្ជូននាវាកាលពីថ្ងៃសុក្រកន្លងមក ឆ្លើយតបទៅនឹងសំណើពីវៀតណាម ឲ្យជួយស្វែងរកយន្តហោះមួយគ្រឿង ដែលបានធ្លាក់ជាមួយបុគ្គលិក ៩នាក់ ខណៈប្រទេសនេះកំពុងស្វែងរកយន្តហោះចម្បាំងមួយគ្រឿងដែលកំពុងបាត់ខ្លួន។

ទីភ្នាក់ងារព័ត៌មាន បានដកស្រង់ខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មានមួយរបស់ក្រសួងការពារជាតិវៀតណាម ហើយរាយការណ៍ថា យន្តហោះល្បាតឆ្នេរសមុទ្រ CASA បានធ្លាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងមក នៅឈូងសមុទ្រតុងកឹង នៅចន្លោះឆ្នេរសមុទ្រវៀតណាម និងកោះហៃណានរបស់ចិន ជាទីដែលក្រុមសង្គ្រោះបានរកឃើញបំណែក និងសម្ភារៈមួយចំនួន។

យន្តហោះដែលផលិតដោយក្រុមហ៊ុន Airbus នោះ ត្រូវបានគេបញ្ជូនឲ្យទៅស្វែងរកយន្តហោះចម្បាំង Sukhoi SU-30 ដែលបានបាត់ខ្លួនពីរ៉ាដាកាលពីថ្ងៃអង្គារកន្លងមកនេះ។ អាកាសយានិកម្នាក់ក្នុងចំណោម ២នាក់ ត្រូវគេជួយសង្គ្រោះបានពីសមុទ្រមួយថ្ងៃក្រោយមក។

កម្លាំងល្បាតឆ្នេរសមុទ្រ កងទ័ពជើងទឹក កងទ័ពជើងអាកាស និងក្រុមនេសាទជាច្រើនពាន់នាក់ កំពុងស្វែងរកយន្តហោះទាំងពីរគ្រឿងនោះ។

ចំណែកឯប្រទេសចិន បានបញ្ជូននាវាល្បាតឆ្នេរសមុទ្រពីរគ្រឿង ទៅជួយស្វែងរកយន្តហោះ CASA ដែលជាការឆ្លើយតបទៅនឹងសំណើរបស់វៀតណាម និងបានអនុញ្ញាតឲ្យនាវារបស់ខ្លួនចូលទៅក្នុងដែនទឹកមួយ ដែលប្រទេសទាំងពីរឯកភាព។

យន្តហោះល្បាតនោះ បានធ្លាក់នៅអំឡុងពេលមានអាកាសធាតុអាក្រក់។

វៀតណាម បានជួបប្រទះនឹងឧបទ្ទវហេតុធ្លាក់យន្តហោះជាបន្តបន្ទាប់នៅក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ដោយសារតែឧទ្ធម្ភាគចក្រចាស់របស់ខ្លួន ប៉ុន្តែ ករណីធ្លាក់យន្តហោះ គឺជាកម្រកើតមាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ