តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រង​អំពើហិង្សា​សម្រេច​ប្ដឹង​ឧទ្ធរណ៍​

តំណាងរាស្រ្ត លោក គង់ សភា និង​លោក ញ៉យ ចំរើន រងរបួស​ដោយ​ក្រុមមនុស្ស​មួយក្រុម​វាយ​​ កាលពីពេលកន្លងមក (រូបថតផ្តល់ឲ្យ​)

តំណាងរាស្ត្របក្សប្រឆាំង២រូប ដែលរងការវាយឲ្យរបួសធ្ងន់ធ្ងរពីសំណាក់ក្រុមបាតុករ នៅជាប់របងវិមានរដ្ឋសភាកាលពីខែតុលាឆ្នាំមុននោះ បានសម្រេចឲ្យក្រុមមេធាវីរបស់ពួកគេ ប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសឲ្យក្រុមជនជាប់ចោទជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ។

លោក ញ៉យ ចំរើន និងលោក គង់ សភា ដែលជាសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ បានរងការវាយទាត់ធាក់កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥កន្លងមក នៅចំពេលដែលក្រុមបាតុករ ដែលគេដឹងថាគាំទ្រគណបក្សកាន់អំណាច បានតវ៉ាទាមទារឲ្យទម្លាក់លោក កឹម សុខា ប្រធានស្ដីទីគណបក្សប្រឆាំង ពីតំណែងអនុប្រធានរដ្ឋសភា។

មនុស្ស ៣នាក់ មានឈ្មោះ ម៉ៅ ហឿន អាយុ ៣៤ឆ្នាំ សុត វណ្ណី អាយុ ៤៥ឆ្នាំ និង ឆាយ សារិទ្ធ អាយុ ៣៣ឆ្នាំ ដែលសុទ្ធតែជាសមាជិកនៃជួរអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខទទួលខុសត្រូវចំពោះអំពើហិង្សានេះ។

ជនជាប់ចោទទាំងបី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ កាលពីថ្ងៃទី២៧ ខែឧសភាកន្លងមកនេះ ប៉ុន្តែ ត្រូវបានព្យួរទោស ៣ឆ្នាំ។

ទោះជាយ៉ាងណា តំណាងរាស្ត្រទាំងពីររូប កាលពីថ្ងៃម្សិលមិញ បានសម្រេចឲ្យក្រុមមេធាវីរបស់ពួកគេ ប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្ដីសម្រេចនេះរបស់សាលាដំបូងរាជធានីភ្នំពេញ៕

មេធាវីការពារក្តីឲ្យតំណាងរាស្ត្របក្សប្រឆាំង លោក សំ សុគង់ មានប្រសាសន៍នៅថ្ងៃសៅរ៍នេះថា លោកបានដាក់ពាក្យប្តឹងទៅរដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យស្ថាប័ននេះបញ្ជូនបណ្តឹងនោះទៅសាលាឧទ្ធរណ៍ ប្រឆាំងនិងសាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៤ឆ្នាំ ដោយលោកថា កូនក្តីលោកមិនអាចទទួលយកបាននោះទេ។

លោក សំ សុគង់ បញ្ជាក់ថា ក្នុងពាក្យបណ្តឹងនោះ កូនក្តីរបស់លោកទាមទារសំណងជំងឺចិត្ត ១០០លានរៀល (ស្មើប្រហែល ២៥០០០ដុល្លារ) ពីជនជាប់ចោទម្នាក់ៗ និងស្នើឲ្យតុលាការអនុវត្តទោសឲ្យបានពេញលេញទៅលើជនទាំងបីនោះ ដោយពុំមានការព្យួរទោសនោះឡើយ។

លោក សំ គង់ មានប្រសាសន៍ថា៖«កូនក្តីទាំងពីរនាក់ ពួកគាត់មិនពេញចិត្តទាំងការកាត់ទោសដាក់ពន្ធនាគារ និងទាំងការទូទាត់សំណងនៃការខូចខាត ដោយសារពួកគាត់មានការព្យុសនកម្មខូចខាតធំធេង ហើយការចំណាយលើការព្យាបាលច្រើន ហើយការសងសំណងតិចតួចពេក ដែលមិនសមស្របនឹងព្យុសនកម្មកើតឡើងចំពោះពួកគាត់ អញ្ចឹងហើយបានពួកគាត់សម្រេចប្តឹងឧទ្ធរណ៍ឲ្យជួយពិនិត្យលើសំណង និងអំពីទោសដាក់ពន្ធនាគារឡើងវិញ»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាន់ណា មានប្រសាសន៍ថា រដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញនឹងបញ្ជូនពាក្យបណ្តឹងរបស់មេធាវីតំណាងរាស្ត្របក្សប្រឆាំងនោះទៅសាលាឧទ្ធរណ៍ ប៉ុន្តែ លោកមិនបានបញ្ជាក់ថានឹងត្រូវបញ្ជូននៅពេលណានោះទេ ដោយលោកថា ស្ថាប័នលោកបានធ្វើតាមនីតិវិធី។

កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំំពេញ បានសម្រេចឲ្យពួកគេជាប់ទោសតែ ១ឆ្នាំប៉ុណ្ណោះ ដោយព្យួរទោស ៣ឆ្នាំ ប៉ុន្តែចៅក្រមមិនបានបញ្ជាក់ពីមូលហេតុនៃការព្យួរទោសនោះទេ។

តុលាការក៏បានបង្គាប់ឲ្យពួកគេបង់ប្រាក់សំណងដល់តំណាងរាស្ត្រ លោក គង់ សុភា ៤០លានរៀល និងលោក ញ៉យ ចំរើន ៤០លានរៀលដែរ។ តុលាការក៏បានបង្គាប់ឲ្យពួកគេបង់ប្រាក់ពិន័យ ៦លានរៀលក្នុងម្នាក់ៗចូលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ