បទយកការណ៍៖ ការអបអរការចុះបញ្ជីប្រាសាទសម្បូណ៍ព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 2:59 PM | បទយកការណ៍ | 0 | 1737 ការអបអរការចុះបញ្ជីប្រាសាទសម្បូណ៍ព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក (FB: លោក ហ៊ុន សែន)

មាន​ចម្ងាយប្រមាណ២០០គីឡូម៉ែត្រ​ ពី​ទីក្រុង​ភ្នំពេញ ប្រាសាទ​សម្បូណ៍ព្រៃគុក គឺជា​រមណីយដ្ឋាន​វប្បធម៌ប្រវត្តិសាស្រ្ត ដែល​មាន​ទីតាំង​តាម​​បណ្តោយ​ទន្លេស្ទឹង​សែន ស្រុក​ប្រាសាទសំបូរ ខេតុ្តកំពង់ធំ។ បើមើលទៅលើរចនាបទ​ប្រាសាទ និងសិលាចារឹកនៅ​ទី​នោះ ប្រាសាទ​នេះ​ត្រូវ​បាន​អ្នក​ស្រាវជា្រវ​សន្និដ្ឋាន​ថា បាន​កសាង​ឡើង​​ក្នុង​សម័យ​ចេនឡា ដើម​សតវត្សទី៧ នៃរជ្ជកាលព្រះបានឥសាន​វរ្ម័នទី១។

ទីនេះគឺជា​រាជធានីចាស់​ «ឦសានបុរៈ» របស់​ប្រទេស​​កម្ពុជា និង​ជាទីសក្ការៈបូជាដល់​ទេវៈ​ព្រាហ្មណ៍​សាសនា​សម័យ​ចេនឡា ​​នៅ​ចន្លោះ​សតវត្សរ៍​ទី​៦ដល់​សតវត្សរ៍​ទី៩​​។ ត្រូវ​បាន​កសាង​នៅ​មុន​សម័យ​អង្គរ ប្រាសាទ​សម្បូណ៍ព្រៃគុក គឺជា​រចនា​បទ​ដើម​មួយ ​ដែល​នាំទៅ​រក​ការ​បង្កើត​ប្រាសាទ​អង្គរវត្ត នៅ​សម័យ​មហានគរ។

តាមការ​បកស្រាយរបស់សាស្ត្រចារ្យ មីសែល ត្រាណេ បាន​ពន្យល់ថា ពាក្យ «សម្បូណ៍ព្រៃគុក» ផ្សំឡើង​ដោយ​ពាក្យ៣គឺ «សម្បូណ៍» «ព្រៃ» និងពាក្យ «គុក»។ គុក​ ​មាន​ន័យថាជា គុហា ឬប្រាសាទ។ ជារួម សម្បូណ៍ព្រៃគុក ​មាន​ន័យ​ថាជា​ ព្រៃដែល​ស្តុក​និង​សំបូរ​ដោយ​ប្រាង្គបា្រសាទ។

ប្រាសាទ​សម្បូណ៍ព្រៃគុក ត្រូវ​បាន​អង្គការ យូណេស្កូ ដាក់​បញ្ជូល​ក្នុង​បញ្ជី​បេតិកភណ្ឌពិភព​លោក​ កាល​ពី​ថ្ងៃទី៨ ខែកក្កដាកន្លងទៅ​នេះ នៅ​ឯទីក្រុងក្រាកូវ ប្រទេស​ប៉ូឡូញ។ រមណីយដ្ឋាន​នេះ បាន​ក្លាយជា​បេតិកភណ្ឌ​ពិភព​លោក​ទី​៣ របស់កម្ពុជា ក្រោយ​ពី​ការ​ដាក់​បញ្ជូល​ប្រាសាទ អង្គរ​វត្តនៅ​ឆ្នាំ ១៩៩២ និងប្រាសាទព្រះ​វិហារ នៅ​ឆ្នាំ២០០៨។

កាលពី​ថ្ងៃទី១០​ ខែកក្កដា ក្រោយ​ដាក់​បញ្ចូលជាសម្បត្តិ​បេតិកភណ្ឌបាន​ចំនួន​២​ថ្ងៃ រដ្ឋាភិបាលបាន​អំពាវនាវ​ឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ចូលរួមទូងស្គរ វាយគង និងគោះត្រដោក អបអរប្រាសាទសម្បូណ៍ព្រៃគុក បានដាក់បញ្ជូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។

មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៧ ការអបអរការចុះបញ្ជីប្រាសាទសម្បូណ៍ព្រៃគុក ត្រូវបានធ្វើឡើង នៅពហុកីឡាដ្ឋានជាតិ ឬស្តាតអូឡាំពិក​ ដោយមានការប្រគុំតន្ដ្រី យ៉ាងអធិកអធម។

អ្នក​ចូល​រួម​ទាំង​នោះ​មាន​គ្រប់​វ័យ ទាំង​ចាស់ ទាំង​ក្មេង  ប្រុស​ស្រី និងមានឯកសណ្ឋានមិនខុសគ្នាប៉ុន្មានទេ គឺអាវពណ៌ស មាន​រូប​ដើម​ឈើ​នៅ​ខាង​មុខ ហើយរូបប៉មប្រាសាទសម្បូណ៍ព្រៃគុក​នៅ​ខាង​ក្រោយ។ ពួកគេភាគច្រើន មានទឹក​មុខ​ញញឹម​ញញ៉ែម អ្នក​ខ្លះក៏​ដូចជា​អស់​កម្លាំង ហើយ​អ្នក​ខ្លះទៀត ​កំពុង​ជជែក​គ្នាលេង។

កំពុងសំណេះសំណាលជាមួយមិត្តភក្ដិ កញ្ញា មាន សុធារ៉ា ​ អាយុ១៨ឆ្នាំ ជា​និសិត្សឆ្នាំទី១ នៅសកលវិទ្យាល័យអាស៊ីអឺរ៉ុប។ កញ្ញា​លើក​ឡើង​ថា កញ្ញា​រីករាយ​ណាស់​ ដែល​បានមក​ចូល​រួម​កម្មវិធី​នេះជាពិសេស​ គឺត្រង់ថា ​ប្រាសាទ​សម្បូណ៍ព្រៃគុក​របស់កម្ពុជា ត្រូវ​បាន​ដាក់​បញ្ចូក​ជាសម្បត្តិ​បេតិកភណ្ឌពិភព​លោក ហើយថា វានឹងអាចបង្ហាញ ​ពី​កិត្តិស័ព្ទជាតិ​ខ្មែរ នៅលើឆាកអន្ដរជាតិកាន់តែខ្លាំងជាងមុន។​

កញ្ញាថា៖ «ខ្ញុំ​ពិត​ជា​សប្បាយរីករាយខ្លាំង​មែនទែន​ ហើយ​មាន​មោទនភាព​ចំពោះជាតិ​ខ្មែរយើងដែលបាន​បន្សល់​ទុកប្រាសាទ ចុះជា​បេតិកភណ្ឌពិភព​លោក ដើម្បីឲ្យ​សាកលលោកដឹងថាកម្ពុជាអស្ចារ្យ​ប៉ុណ្ណា ប្រទេសអច្ឆរិយៈ។ … ចង់​ឲ្យ​ដាក់​ចូល​ទាំង​អស់…»។

​បុរសវ័យ​កណ្តាលម្នាក់ទៀត ដែលមាន​មាឌធំខ្ពស់ កំពុងឈរយ៉ាង​ស្ងៀមស្ងាត់ ហាក់​ដូចជា​សញ្ជឹងគិតអ្វី​មួយតែ​ម្នាក់​ឯង​ ដោយភ្នែក​សំលឹង​ទៅក្រុម​មនុស្សម្នាឯទៀត ដើរទៅ​មកនោះ លោក វុទ្ធ វិបុល រស់នៅសង្កាត់​ទឹក​ថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកយល់ថា ការដាក់​ប្រាសាទសម្បូណ៍ព្រៃគុក​ ចូលជា​បេតិកភ័ណ្ឌពិភពលោក នឹង​ផ្តល់​ផល​ចំណេញ​យ៉ាងច្រើនដល់កម្ពុជា ហើយលោកក៏ចង់ឃើញ ​មាន​ការ​ដាក់​បញ្ជូល​សម្បត្តិផ្សេងៗ ជាបន្តបន្ទាប់ទៀតផងដែរ។

លោក​ថា៖ «ខ្ញុំ​សប្បាយណាស់​ដែល​ប្រាសាទសម្បូណ៍ព្រៃគុកបាន​ក្លាយ​ជា​បេតិកភ័ណ្ឌពិភព…ជា​មោទនភាពថ្លៃថ្លា​មួយ​របស់​ខ្មែរ។ វានឹង​មាន​ផល​ចំណេញ​ដល់​ខាងវិស័យទេសចរណ៍ច្រើន។ បើសិនជាអាច មាន​ប្រាសាទផ្សេងទៀតអាច​ដាក់​ចូល​បេតិកភ័ណ្ឌបាន ក៏ជាការ​ល្អច្រើន​សម្រាប់កម្ពុជា»។

ប្រជាពលរដ្ឋដែលចូលរួមផ្សេងទៀត ក៏បានសំដែងអារម្មណ៍សប្បាយរីករាយដូចៗគ្នា ដោយថា ការដាក់បញ្ចូលប្រាសាទនេះ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នឹងធ្វើកម្ពុជា កើនប្រភពចំណូលសេដ្ឋកិច្ច និងកំណើនភ្ញៀវទេសចរជាតិនិងអន្ដរជាតិ មកទស្សនាប្រាង្គប្រាសាទក្នុងប្រទេសកម្ពុជា «ត្រេកអរ សប្បាយរីករាយ​ណាស់ដែល​រដ្ឋាភិបាល​បាន​សម្រេច​ដាក់​ប្រាសាទ​សម្បូណ៍ព្រៃគុកជា​បេតិកភ័ណ្ឌពិភព​លោក ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​មួយក្នុង​ចំណោម​ប្រជាពលរដ្ឋទូទាំង​ប្រទេស​ដែល​សប្បាយ។ ​…នឹង​មាន​ការរីក​ចម្រើន​ក្នុង​ប្រទេស​កម្ពុជា​យើង​ផ្នែក​ទេសចរណ៍។  នឹង​បាន​យក​ប្រាសាទមក​ថែរក្សា និង អភិរក្សតទៅទៀត» ។ «មានអារម្មណ៍ថា សប្បាយ ព្រោះស្រឡាញ់ព្រៃគុកហ្នឹង អត់ដែលបានទៅដល់ទេ គ្រាន់តែខ្ញុំមើលទូរទស្សន៍ ចង់ទៅ តែអត់ដែលបានទៅ»។

ថ្លែងនៅក្នុងពិធីនេះ​ រដ្ឋមន្ដ្រីក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា លើកឡើងថា ប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោក គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដោយថា នេះជាមោទនភាពជាតិមួយ ដែលកូនចៅកម្ពុជាជំនាន់ក្រោយ ធ្វើការតបស្នងសងគុណ ដល់បុព្វបុរសខ្មែរ ដែលបានកសាងប្រាសាទទាំងនេះឡើង។

លោកស្រីថា៖ «មោទនភាពជាតិដ៏ធំធេងនៅពេលនេះ គឺជាកិច្ចតបស្នងសងគុណដ៏ធំធេង ដល់ដល់បុព្វបុរសខ្មែរ និងវិញ្ញាណនក្ខន្ធអតីតព្រះមហាក្សត្រខ្មែរជាច្រើនរាជវង្សតំណមកហើយ ដែលបានលះបង់ទាំងកម្លាំងកាយ ចិត្ត បញ្ហាញាណ ទុកនូវស្នាដៃដ៏មានតម្លៃ កំពូលជាសាកល សម្រាប់កូនខ្មែរជំនាន់ក្រោយ»។

ឋិតក្នុងសំលៀកបំពាក់ពណ៌ផ្កាឈូក ដោយមើលទៅមានកម្លាំងពលាំងជាងមុន ប៉ុន្ដែដំណើរដើរ ហាក់ត្រេតទ្រតបន្ដិច លោកនាយរដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីជាប្រវត្តិសាស្ដ្រមួយនេះ។

អមដំណើរជាមួយនឹងភរិយារបស់លោក គឺលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ឥស្សរជនទាំងពីរនាក់ ក៏បានបក់ដៃជាសញ្ញាស្វាគមន៍ និងគោរពដល់ប្រជាពលរដ្ឋជាច្រើននាក់ ដោយមានទាំងសំឡេងហ៊ោកញ្ជៀវ និងសាទរ ថ្ងៃប្រាសាទសំបូរព្រៃគុកចូលជាបេតិកភណ្ឌពិភពលោក។

មានប្រសាសន៍នៅក្នុងពិធីដ៏មហោឡារិកនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងថា ដូនតាខ្មែរបានខិតខំកសាងប្រាង្គប្រសាទដ៏មហិមានេះមកហើយ ដូច្នេះក្នុងនាមជាកូនចៅខ្មែរជំនាន់ក្រោយ បើមិនអាចថែរក្សាបានទេ នោះយើងគឺជាកូនអកត្តញ្ញូហើយ។​ លោកថា «យើងទាំងអស់គ្នា ត្រូវធ្វើជាកូនកត្ដញ្ញូ»។

លោកបន្ថែមថា ការដាក់បញ្ចូលប្រាសាទនេះ មិនត្រឹមតែបង្ហាញឲ្យឃើញពីវប្បធម៌ អរិយធម៌ និងអក្សរសាស្ដ្រប៉ុណ្ណោះទេ ប៉ុន្ដែលោកថា កម្ពុជានឹងអាចបង្កើនប្រាក់ចំណូល និងសេដ្ឋកិច្ចជាតិ តាមរយៈវិស័យទេសចរណ៍ បង្កើនឪកាសការងារ និងការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។

លោកថ្លែងថា៖ «នេះគឺជាតួនាទីនៃកូនខ្មែរ ដែលបានកើតលើទឹកដីនេះ សង្ឃឹមថា អ្វីដែលយើងបានធ្វើនេះ គឺដោយសារដូនតាយើង បន្សល់ទុកឲ្យយើង ដូនតាយើងបានប្រឹងប្រែងកសាង យើងជាអ្នកជំនាន់ក្រោយ គ្រាន់តែការពារ គឺការពារមិនបាន គឺជាកូនអកត្តញ្ញូ យើងទាំងអស់គ្ន ត្រូវធ្វើជាកូនកត្តញ្ញូ»។

លោកមានប្រសាសន៍ថា កម្ពុជា មានមុខមាត់ដូចសព្វថ្ងៃនេះ គឺដោយសាររដ្ឋាភិបាលបានដាក់ចេញគោលនយោបាយច្បាស់លាស់នៅក្នុងវិស័យវប្បធម៌និងអរិយធម៌ រួមទាំងនយោបាយក្នុងនិងក្រៅប្រទេស។ លោកនាយករដ្ឋមន្ដ្រីបញ្ជាក់បន្ថែមថា រដ្ឋាភិបាលក៏កំពុងរៀបចំស្នើដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌផ្សេងទៀតផងដែរ ដូចជា ប្រាសាទកោះកេរ្ដិ៍ ភ្នំគូលេន និងប្រាសាទបន្ទាយឆ្មារជាដើម។ល។

រដ្ឋាភិបាលបានកំណត់យកថ្ងៃទី១០កក្កដា ជាថ្ងៃអបអរការចុះបញ្ជីប្រាសាទសម្បូណ៍ព្រៃគុកជាសម្បត្តិ​បេតិកភណ្ឌពិភពលោក រៀងរាល់ឆ្នាំ។

ក្រៅពីប្រាសាទសំបូរព្រៃគុក រដ្ឋាភិបាលកម្ពុជាក៏បានទទួលជោគជ័យ ដោយបានដាក់សម្បត្តិបេតិភ័ណ្ឌ៧ទៀត ចូលជាសម្បត្តិមនុស្សជាតិរួចហើយផងដែរ ដូចជាប្រាសាទអង្គរវត្ត របាំព្រះរាជទ្រព្យ ល្ខោនស្បែកធំ ប្រាសាទព្រះវិហារ គុកទួលស្លែង ល្បែងទាញព្រ័ត្រ និងចាប៉ីដងវែង៕

រាយការណ៍បន្ថែមដោយកញ្ញា ថាញ់ ចន្ទសុធារី និងកញ្ញា ហ៊ាង សុគន្ធារី

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required