គណបក្សសង្រ្គោះជាតិស្នើឲ្យសង់រូបសំណាកលោកបណ្ឌិត កែម ឡី នៅទីលានប្រជាធិបតេយ្យ

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

គណបក្សសង្រ្គោះជាតិស្នើសុំដីមួយចំណែកនៃទីលានប្រជាធិបតេយ្យសង់រូបសំណាក លោកបណ្ឌិត កែម ឡី ដើម្បីរំលឹកដល់វីរភាពរបស់លោក ដោយថាជានិមិត្តិរូបនៃសេរីភាពបញ្ចេញមតិ។

នៅក្នុងលិខិតចុះថ្ងៃទី១៧ ខែសីហា ដែលដាក់ទៅអភិបាលរាជធានីភ្នំពេញ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ឲ្យដឹងថាប្រជាពលរដ្ឋខ្មែរទាំងក្នុងស្រុកនិងក្រៅប្រទេស មានការសោកស្ដាយយ៉ាងខ្លាំងចំពោះមរណភាពរបស់ភាពលោកបណ្ឌិត កែម ឡី ដោយបានចាត់ទុកលោកបណ្ឌិតជាវីរបុរសរបស់ពួកគាត់។

លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍បន្ថែមថា ការជ្រើសរើសទីលានប្រជាធិបតេយ្យដើម្បីតម្កល់រូបសំណាកលោកបណ្ឌិត កែម ឡី ដោយសារទីនោះជាកន្លែងតំណាងដល់ការបញ្ចេញមតិ ខណៈដែលពលរដ្ឋបានចាត់ទុកបណ្ឌិតរូបនេះថាជាវាគ្មិនម្នាក់ដែលហ៊ាននិយាយការពិត។ លោកបន្តថា ការវិភាគរបស់លោកបណ្ឌិត កែម ឡី មានមូលដ្ឋានច្បាស់លាស់ ដើម្បីឲ្យពលរដ្ឋបានដឹង ហើយការវិភាគទាំងអស់របស់លោកគឺឆ្លុះបញ្ចាំពីបញ្ហាដែលបានកើតនៅក្នុងសង្គមបច្ចុប្បន្ន ទើបពលរដ្ឋបានទុកលោកជាវីរបុរសស្រឡាញ់ជាតិ។

លោកមានប្រសាសន៍ថា៖ “ការធ្វើរូបសំណាកតម្កល់នេះ ដើម្បីរំលឹកដល់វីរភាពរបស់លោក លោកដឹងថាការនិយាយការពិតវាគ្រោះថ្នាក់ដល់ជីវិតដល់អី លោកនៅតែហ៊ាននិយាយដើម្បីប្រយោជន៍ជាតិហ្នឹង។ ហើយទី២ ខ្ញុំយល់ថាលោកគួរតែជានិមិត្តរូបនៃសេរីភាពបញ្ចេញមតិ ព្រោះលោកដឹងថាមានបញ្ហាក៏លោកនៅតែបញ្ចេញមតិដែរ ដើម្បីឆ្លុះបញ្ចាំងការពិត អាហ្នឹងដែរខ្ញុំឃើញថាវាមានសារៈសំខាន់ណាស់សម្រាប់មនុស្សជំនាន់ៗក្រោយយកជាគំរូតាមយល់ថាវាជាសារៈសំខាន់សម្រាប់សង្គម

ទាក់ទងសំណើនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា មានប្រសាសន៍ថា សាលារាជធានីបានទទួលសំណើនេះពីល្ងាចមិញ ហើយមិនទាន់អាចឆ្លើយតបថាយ៉ាងនោះទេ។ លោកមានប្រសាសន៍ថា៖ “អត់ទាន់ដឹងដែលចាំមើលខ្ញុំ វាអត់អីត្រូវបន្ទាន់ដែលត្រូវធ្វើភ្លាម ត្រូវការឆ្លងយោបល់ ហើយអាចអញ្ចើញម្ចាស់សំណើមកជជែកឬមួយអីយ៉ាងម៉េច យើងអត់ទាន់ច្បាស់អំពីនេះនៅឡើងទេ យើងកំពុងតែស្នើសុំការដឹកនាំពីថ្នាក់ដឹកនាំ

លោក អ៊ួ ច័ន្ទរ័ត្ន បន្តថា ប្រសិនបើសាលារាជធានីហៅទៅជជែកនោះ លោកនឹងទៅដោយប្រាប់ពីមូលហេតុដែលចង់តម្កល់រូបសំណាកលោកបណ្ឌិត កែម ឡី នៅទីលានប្រជាធិបតេយ្យ។

លោកមានប្រសាសន៍ថា៖ “ខ្ញុំនៅតែសង្ឃឹមថាសាលារាជធានីភ្នំពេញអាចហ្នឹងជជែកគ្នាជាមួយខ្ញុំ ដើម្បីផ្ដល់កន្លែងសមរម្យរបៀបម៉េចអីរបៀបម៉េច ហើយខ្ញុំមានគំនិតរហូតដល់ថា បើសិនជាសាលារាជធានីភ្នំពេញលោកអនុញ្ញាតិឲ្យមានដីកន្លែងបាន២ម៉ែត្រ ៤ជ្រុងអីទៅ យើងធ្វើជាកូនឃឿនមួយខ្ពស់ឡើងទៅលើ ហើយយើងសរសេរអ្វីដែលលោកបណ្ឌិត កែម ឡី លោកបានមានប្រសាសន៍កាលពីគាត់នៅរស់ ដូចជាពាក្យថា ជូតទឹកភ្នែក បន្តដំណើរទៅមុខ និយាយការពិតកុំនិយាយការពារអីចឹង បើអ្នកនិយាយការពិតកុំនិយាយការពារអីអញ្ចឹងដែរ

លោកបញ្ជាក់បន្ថែមថា ជាងកំពុងសាងសង់រូបសំណាកលោក កែម ឡី ធ្វើអំពីស្ពាន់សុទ្ធ ចំណាយទឹកប្រាក់ជាង ៥ពាន់ដុល្លារ ហើយជាងដែលរចនារូបនោះមិនបានយកកម្រៃទេ ដោយសារគាត់ស្រឡាញ់នឹងគោរពលោកបណ្ឌិត។ លោកបន្តថា រូបសំណាកនេះនឹងធ្វើឲ្យហើយមុនបុណ្យខួប១០០ថ្ងៃ។

ប្អូនប្រុសលោក កែម ឡី គឺលោក កែម រិទ្ធិសិត សម្ដែងការគាំទ្រ ការស្នើសុំបរិវេណទីលានប្រជាធិបតេយ្យ ដើម្បីតម្កល់រូបសំណាកលោកបណ្ឌិត កែម ឡី តែលោកថាមិនមានសង្ឃឹមថាសាលារាជធានីភ្នំពេញយល់ព្រមនោះទេ។ លោកមានប្រសាសន៍ថា៖ “ពីព្រោះទីលានប្រជាធិបតេយ្យវាពិបាកត្រង់ថា យើងជាមនុស្សធម្មតា មានន័យថាជាប្រជាជនសាមញ្ញអញ្ចឹង យើងខ្លាចគេមិន គេខាងរដ្ឋាភិបាលមិនអនុញ្ញាតិ បើសិនគាត់ជាវីរជននៅក្នុងជួររដ្ឋាភិបាលអីមួយ អាហ្នឹងបានយើងអាចមានសង្ឃឹមអីខ្លះ ប៉ុន្តែសង្ឃឹមលើប្រជាជនទេ បើថាតស៊ូមតិទាំងអស់គ្នាទៅច្រើនទៅក្រែងលោអាចយកជ័យជំនះបាន អាចគេយល់ព្រម

ក្នុងពិធីរំឭកខួបមួយឆ្នាំនៃថ្ងៃបង្កើតគណបក្សកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ លើកឡើងថា ដើម្បីតបស្នងសងគុណដល់លោក កែម ឡី គណបក្សលោកនឹងស្នើទៅរដ្ឋាភិបាលឲ្យដាក់ថ្ងៃដែលគេបាញ់សម្លាប់នេះធ្វើជាទិវាបុណ្យជាតិឬហៅថាទិវាសេរីភាពបញ្ចេញមតិ។

លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងហាងលក់ទំនិញ (Star Mart) ស្ថិតនៅស្ថានីយប្រេងឥន្ធនៈកាលតិចជាប់ស្តុបបូកគោកាលពីថ្ងៃទី១០ខែកក្ដដាឆ្នាំ២០១៦។

មុនពេលគេធ្វើឃាត លោក កែម ឡី បានធ្វើយុទ្ធនាការ១០០រាត្រី ដើម្បីចងក្រងឯកសារព្រំដែន។ ស្របពេលនោះ លោកក៏បានធ្វើអត្ថាធិប្បាយបន្ថែមលើរបាយការណ៍ស៊ើបអង្កេតរបស់អង្គការ Global Witness ដែលដាក់ចំណងជើងថា «អាណាចក្រជំនួញ ត្រកូលហ៊ុន»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ