អ្នករាយការណ៍៖ ប្រទេសកម្ពុជាហាក់ដូចជាកំពុងខិតទៅជិតស្ថានភាពគ្រោះថ្នាក់

អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត

អ្នក​រាយ​ការណ៍​ពិសេសផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជា​ជាតិ​ បាន​វាយតម្លៃ​ស្ថានភាព​ទូ​ទៅ​របស់​កម្ពុជា​ថា មាន​ភាពតាន​តឹង និងហាក់​កំពុង​ខិត​ទៅជិត​ស្ថានភាព​គ្រោះ​ថ្នាក់ ខណៈបញ្ហានេះនឹងទំនង​បង្កើត​បរិយាកាស​មួយ ​ដែល​អាចប៉ះពាល់ដល់ការបោះឆ្នោត​ឆ្នាំក្រោយ។

ក្នុង​សន្និសីទព័ត៌មាន បិទ​បញ្ចប់​បេសកម្មនៅ​រសៀល​ថ្ងៃ​ទី១៨សីហា​នេះ ​ ​អ្នក​រាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​លោក​​ស្រី​ រ៉ូណា ស្មីត បាន​កត់​សំគាល់​ជាទូ​ទៅ​ថា កម្ពុជាហាក់​កំពុង​ខិត​ជិត​ស្ថានភាព​គ្រោះ​ថា្នក់ ដែលក្នុង​នោះ ​លោក​ស្រី​ ក៏បានលើក​ឡើង​ពី​ចំណាត់​ការ​ផ្លូវ​ច្បាប់​ជា​ច្រើន​ប្រឆាំង​នឹង​អ្នក​នយោបាយ ការ​ចោទ​ប្រកាន់អង្គការសង្គម​ស៊ីវិល​ពី​សំណាក់​រដ្ឋាភិបាល ការឃុំ​ខ្លួន​បណ្តោះ​អាសន្ន ការបំភិត​បំភ័យ​ និង​ការ​ភ័យ​ខ្លាច ដើរ​មិន​ស្រប​គ្នា​ជា​មួយ​នឹង​បរិយាកាសមួយ ​ដែល​នាំ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​នោះ​ទេ។

លោក​ស្រី​មានប្រសាសន៍បន្ថែមថា៖ «បើ​ទោះ​បី​ជា​មានភាព​ជោគជ័យនៃ​ការ​បោះឆ្នោត​ឃុំសង្កាត់ ក៏​ខ្ញុំ​នៅ​តែ​មាន​កង្វល់​អំពី​វោហាសាស្ត្រ​បែប​ហិង្សា​ ដែល​សម្តែងឡើងដោយ​សមាជិក​រដ្ឋាភិបាល និង​យោធា។ មតិ​យោបល់​បែបនេះ ​មិន​គួរ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋ​មន្ត្រី​នៃ​រដ្ឋាភិបាល​ឡើយ​ សូម្បី​តែ​នៅ​ក្នុង​ភាព​ឯក​ជន​ក៏​ដោយ។…ខ្ញុំ​បាន​កត់​សម្គាល់​នូវ​វិសោធនកម្មជា​ច្រើន​លើ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ជា​ពិសេស​លើ​ការ​សើ​រើ​ឡើងវិញ​ ដែល​ហាម​ឃាត់គណបក្ស​មួយ​មិន​ឲ្យ​ប្រើ​រូបភាព​សំឡេង ឬ​ឯក​សារជា​លាយ​លក្ខណ៍​អក្សរ ឬ​សកម្មភាព​នានា​នៃ​ជន​ដែល​ត្រូវបាន​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​បទ​មជ្ឈឹម »

លោក​​ស្រី​ រ៉ូណា ស្មីត ក៏ជម្រុញរាជរដ្ឋាភិបាលកម្ពុជាឲ្យធានាថា គ្រប់ភាគីទាំងអស់មានលទ្ធភាពក្នុងការសួរដេញដោយគ្នានិងការពិភាក្សាគ្នា ដោយចំហលើបញ្ហា ដែលជាកង្វល់របស់ប្រជាជនកម្ពុជាទាំងអស់។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សួស យ៉ារ៉ា ហៅការវាយតម្លៃរបស់លោកស្រី ស្មីត នេះថាមិនបានវាយតម្លៃត្រឹមត្រូវគ្រប់ជ្រុង នៃទិដ្ឋភាពសង្គមកម្ពុជានោះទេ។

លោកថា៖ «ខ្ញុំយល់ថា លោកស្រី រ៉ូណា ស្មីត គាត់គ្រាន់តែធ្វើទស្សនៈកិច្ចមួយពេលៗ គាត់មិនអាចយល់អស់ពីអ្វីនៅក្នុងសង្គមយើងនោះទេ។ អញ្ចឹង គាត់មិនបានដឹងថា អ្វីដែលជាការរីកចំរើន អ្វីដែលជាសេរីភាព ឲ្យពេញលេញរបស់ប្រជាជនកម្ពុជាយើង ដែលពីមុនហ្នឹងឥឡូវវាខុសគ្នាដូចម្តេច។ អញ្ចឹងអ្វីដែលគាត់លើកឡើង ជាករណីរបស់បុគ្គលមួយៗ តែបើរាយការណ៍ជាសង្គមទាំងមូលខ្ញុំយល់ថាវាមិនទាន់ពេញលេញទេ»

បើ​តាម​លោក​ស្រី ​ស្មីត ​របាយការណ៍​ពី​បេសកកម្ម​នេះ ​នឹង​ត្រូវ​លោក​ស្រី​រាយការណ៍ដោយ​ផ្ទាល់​មាត់​​ ក្នុង​សន្និ​បាត​​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជា​ជាតិ នៅ​ទី​ក្រុង​ហ្សឺណែវ នៅ​ចុង​ខែ​កញ្ញា​ខាង​មុខនេះ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ