តុលាការឃុំខ្លួនស្ត្រីម្នាក់ទៀតពីបទជេរប្រមាថនាយករដ្ឋមន្ត្រីនិងព្រះមហាក្សត្រ

កញ្ញា មឿន លីហ័រ (រូបភាពពីហ្វេសប៊ុក)

សាលាដំបូង ខេត្តបន្ទាយមានជ័យ បានសម្រេចឃុំខ្លួនស្ត្រីវ័យក្មេងម្នាក់ ដែលបានបង្ហោះសារ និងរូបភាព បែបជេរប្រមាថ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងព្រះមហាក្សត្រ តាមបណ្តាញសង្គមហ្វេសប៊ុក។

ដីកាបង្គាប់ឲ្យឃុំខ្លួនរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ខែកញ្ញា ចៅក្រមស៊ើបសួរ លោក ជួន វណ្ណៈ សម្រេចដាក់ កញ្ញា មឿន លីហ័រ ឲ្យស្ថិតក្រោមការពិនិត្យពីបទ «ជេរប្រមាថជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង» ដែលបានប្រព្រឹត្តនៅក្រុងប៉ោយប៉ែតតាំងពីខែកុម្ភៈ។ ដីកាដដែល បង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន រហូតដល់មានបទបញ្ជាថ្មី។

ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីទី១៧កញ្ញា ប្រធានមន្ទីរស្រាវជ្រាវយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក ព្រហ្ម ថេង ឲ្យដឹងថា ស្ត្រីរូបនោះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួន កាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីរកឃើញថា នាងបានបង្ហោះរូបកាត់តជាច្រើន អមដោយសារប្រមាថ ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចម៉ែ។ លោក ព្រហ្ម ថេង ឲ្យដឹងតាមរយៈភ្នំពេញប៉ុស្តិ៍ទៀតថា ករណីនេះមិនមានអ្នកប្តឹងទេ ប៉ុន្តែ ត្រូវបានចាត់ការដោយសមត្ថកិច្ចក៏ដូចជាព្រះរាជអាជ្ញា។

អ្នកនាំពាក្យសាលាដំបូង ខេត្តបន្ទាយមានជ័យ លោក រឿន លីណា ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះ យ៉ាងខ្លីថា ករណីនេះ ស្ថិត​ក្នុងដំណាក់កាល របស់ចៅក្រមស៊ើបនៅឡើយ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃនេះ គេឃើញ មានការបង្ហោះវីដេអូ ដែលអញ្ជើញនារីរូបនោះ ដល់ផ្ទះទៅសាកសួរ ព្រមទាំងសារ និងរូបភាពដែលថតចម្លងទុកពីហ្វេសប៊ុកឈ្មោះ «ជលស្សៃយនា នាងកូនពៅ ស៊ីអារម្មណ៍» ដែលគេអះអាងថាជារបស់ កញ្ញា មឿន លីហ័រ។

នៅក្នុងឆ្នាំ២០១៧ នេះ មនុស្ស មិនតិចជាង៥នាក់ទេ ត្រូវបានតុលាការឃុំខ្លួន ក្នុងករណីស្រដៀងគ្នានេះ ខណៈអ្នកធ្វើការខាងសិទ្ធិមនុស្ស ដាក់ការព្រួយបារម្ភ ចំពោះការចាប់ខ្លួន និងចោទប្រកាន់កាន់តែច្រើនឡើង ចំពោះអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដោយសារតែបញ្ចេញមតិផ្ទាល់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ