ក្រសួងបរិស្ថានរកឃើញហ្វូស៊ីលសត្វគ្រំ ខ្យង និងងាវសមុទ្រ មានអាយុរាប់លានឆ្នាំ

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 3:49 PM | អភិបាលកិច្ចល្អ | 0 | 7635 ហ្វូស៊ីលសត្វគ្រំ ខ្យង និងងាវសមុទ្រ មានអាយុរាប់លានឆ្នាំ (FB: ក្រសួងបរិស្ថាន)

ក្រសួងបរិស្ថានថា បានរកឃើញហ្វូស៊ីលគ្រំ ខ្យង និងងាវសមុទ្រ ដែលមានអាយុដល់ទៅរាប់លានឆ្នាំ នៅដែនជម្រកសត្វព្រៃមួយកន្លែង ក្នុងខេត្តព្រះវិហារ។

បើតាមការចុះផ្សាយលើគេហទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃចន្ទទី១៨ខែកញ្ញានេះ ក្រសួងអះអាងថា ហ្វូស៊ីលសត្វទាំងនេះ ស្ថិតក្នុងដែនជម្រកសត្វព្រៃ «គូលេនព្រហ្មទេព» ខេត្តព្រះវិហារ និងរកឃើញដោយ ក្រុមស្រាវជ្រាវនៃនាយកបេតិកភណ្ឌនៃក្រសួងបរិស្ថាន។

បើតាមប្រភពដដែល តាមរយៈការរកឃើញនេះ ក្រុមអ្នកស្រាវជ្រាវ សន្និដ្ឋានថា កម្ពុជាអាចធ្លាប់ជាបាតសមុទ្រ និងថា ហ្វូស៊ីលដែលរកឃើញនេះ មានអាយុជាងរាប់លានឆ្នាំឯណោះ។ ដុំហ្វូសីលទាំងនេះ មានរាងដូចជា ដុំថ្មដែលផ្តុំទៅដោយងាវសមុទ្រ ងាវ ឬគ្រំ ហើយត្រូវបានរកឃើញនៅលើទួលមួយកន្លែង ក្នុងភូមិសាស្ត្រនៃតំបន់ដែនជម្រកសត្វព្រៃ «គូលេនព្រហ្មទេព»។

អនុប្រធានការិយាល័យអប់រំផ្សព្វផ្សាយនៃក្រសួងបរិស្ថាន លោក លឹម វណ្ណច័ន្ទ ឲ្យដឹងថា​ ប្រសិនបើមានការសិក្សា ឬធ្វើកំណាយនៅតំបន់នេះ នោះគេនឹងអាចស្វែងយល់បាន អំពីទឹកដីដ៏ចំណាស់របស់កម្ពុជា ពិសេស ការស្វែងយល់ពីប្រភេទសត្វ ក្នុងប្រវត្តិសាស្ដ្រកម្ពុជា៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required