បក្ស​ប្រឆាំង​បន្តថ្លែងសារនៅមុខ​ពន្ធ​នាគារ ទោះបីតុលាការមិនឲ្យជួបលោក កឹម សុខា

លោក ម៉ៅ មុនីវណ្ណ និងក្រុម​តំណាង​រាស្ត្របក្សប្រឆាំង (FB: Mao Monyvann)

ក្រុមតំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិ បានបន្ត​ថ្លែងសារនៅមុខពន្ធនាគារត្រព្រាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ថ្វីបើ​សំណើ​សុំ​ជួបប្រធានបក្សរបស់ខ្លួន ត្រូវ​បាន​តុលាការ​បដិសេធ​ជាលើកទី២។

នៅព្រឹក​ថ្ងៃទី១៨កញ្ញានេះ ក្រុម​តំណាង​រាស្ត្របក្សប្រឆាំង ចំនួន១២​នាក់ ​តំណាង​ដោយ​លោក ម៉ៅ មុនីវណ្ណ បាន​បន្ត​ចុះ​ទៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុងស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ​ ដើម្បីថ្លែងសារនយោបាយនានា ខណៈសំណើសុំជួបលោក កឹម​ សុខា ត្រូវបានតុលាការបដិសេធ ជាលើកទី២ ដោយថា សំណុំរឿងកំពុងស្ថិតក្នុងចំណាត់ការស៊ើបសួរ។

ថ្លែង​នៅ​មុខ​ពន្ធ​នាគារ​ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម លោក ម៉ៅ មុនីវណ្ណ បាន​បញ្ជាក់​ថា​ ការ​ជួបជុំនៅមុខពន្ធនាគារ​ ថ្ងៃនេះ​ គឺដើម្បីសម្តែងការមិន​ពេញ​ចិត្ត ​នឹង​ចំណាត់​ការ​ររបស់​អាជ្ញា​ធរ និងទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក​ កឹម សុខា ឲ្យ​មាន​សេរីភាព​វិញ​។

លោក​ថា៖ «ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្សសង្គ្រោះ​ជាតិ​ ស្វាគមន៍​សេចក្តី​សម្រេច ​របស់​សហគមន៍​អន្តរជាតិ ដែល​មាន​ជា​បន្តបន្ទាប់ ​គឺ​យើង​ស្វាគមន៍ ហើយ​យើង​ត្រៀម​ខ្លួន​ជា​និច្ច​ ក្នុង​ការ​ជម្រុញ​ធ្វើ​ឲ្យ​ ​ព្រះ​រាជាណាចក្រកម្ពុជា​របស់​យើង​ហ្នឹង ​គោរព​តាម​រដ្ឋ​ធម្មនុញ្ញ ហើយ​បរិយាកាស​បោះឆ្នោត​មាន​ភាព​សេរី​ត្រឹម​ត្រូវ​ និង​យុត្តិ​ធម៌ ដែល​អាច​ទទួ​ល​បាន ​ទាំង​អស់​គ្នា»។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​​ចាប់​ខ្លួន កាលពីដើមខែ​កញ្ញា និង​ ​ត្រូវបានតុលាការចោទប្រកាន់ថា «ក្បត់ជាតិ» និង​បានឃុំ​ខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ​ខេត្ត​ត្បូង​ឃ្មុំ ​ជាប់​ព្រំដែន​វៀតណាម។

​កាល​ពី​​ថ្ងៃ​ទី​០៦ខែ​កញ្ញា​ ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ បានដាក់លិខិតស្នើសុំជួបលោក កឹម សុខា ម្តងរួចហើយ ប៉ុន្តែត្រូវបានសាលាដំបូងរាជធានី​ភ្នំពេញ បដិសេធក្រោមហេតុផលដដែល។

លើកទី២​នេះ ​ក៏​ដូច​ជា​លើក​មុន​ផង​ដែរ ​ក្នុង​ដំណើរ​ទៅ​សួរ​សុខទុក្ខ​លោក ​កឹម សុខា នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង គេសង្កេតឃើញមាន កងកម្លាំងអាជ្ញាធរចម្រុះ ​រាប់សិបនាក់ ប្រដាប់ដោយអាវុធ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ជុំ​វិញ​ពន្ធនាគារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ