អាមេរិក​ព្រមាន​កម្ទេច​កូរ៉េ​ខាង​ជើង បើ​នៅ​តែ​បន្ត​គំរាម​កំហែង

រដ្ឋ​បាល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ពង្រឹង​ការ​ដាក់​សម្ពាធ​ទៅ​លើ​កូរ៉េ​ខាង​ជើង នៅ​ថ្ងៃ​នេះ មួយសប្ដាហ៍​មុន​នឹង​ការ​ជជែក​យ៉ាង​តឹង​តែង​នៅ​ឯ​អង្គការ​សហ​ប្រជាជាតិ ដោយ​ព្រមាន​​កម្ទេច​ក្រុង​ព្យុងយ៉ាង ប្រសិន​បើ​រដ្ឋ​ឯកោ​មួយ​នេះ នៅ​តែ​មិន​ព្រម​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​របស់​ខ្លួន​នោះ។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ខណៈ​ដែល​ក្រុម​មន្ត្រី​អាមេរិក និង​ពួក​សម្ព័ន្ធ​មិត្ត​កំពុង​តែ​ព្យាយាម​ស្វែង​រក​ដំណោះ​ស្រាយ​ដើម្បី​ទប់​ស្កាត់​ក្រុង​ព្យុងយ៉ាង​នោះ ប្រធានាធិបតី​អាមេរិក នឹង​ឡើង​ថ្លែង​នៅ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ នៅ​ថ្ងៃ​ស្អែក​នេះ ហើយ​បន្ទាប់​មក​ នឹង​ជួប​ជជែក​ជាមួយ​សមភាគី​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង នៅ​ក្រៅ​កិច្ច​ប្រជុំ​អង្គការ​សហ​ប្រជាជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ។

ដោយ​ផ្អែក​តាម​ខុទ្ទកាល័យ​វិមាន​បៃតង​ក្រុង​សេអ៊ូល AFP បាន​ផ្សាយ​បន្ត​ថា លោក ត្រាំ និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក មូន ជែអ៊ីន បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ហើយ​បាន​ប្ដេជ្ញា​ដាក់​«សម្ពាធ​ខ្លាំង​ថែមទៀត» ទៅ​លើ​របប​លោក គីម ជុងអ៊ុន។ វិមាន​បៃតង បាន​បន្ថែម​ថា គេ​ត្រូវ​តែ​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើង​​ភ្លឺ​ភ្នែក​ថា ទង្វើ​គឃ្លើន​បន្ថែមវ​ទៀត នឹង​ធ្វើ​ឲ្យ​របប​នេះ​ស្ថិត​លើ​ផ្លូវ​ទៅ​រក​ការ​ដួល​រលំ។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន បាន​អនុម័ត​ទណ្ឌកម្ម​ថ្មី​ទៀត​ដាក់​លើ​កូរ៉េ​ខាង​ជើង ប៉ុន្តែ ប្រសិទ្ធភាព​នៃ​ទណ្ឌកម្ម​ថ្មី​នេះ វា​អាស្រ័យ​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធ​មិត្ត និង​ជា​ដៃ​គូ​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ក្រុង​ព្យុងយ៉ាង និង​ប្រទេស​រុស្ស៊ី ដែល​បាន​ទទួល​យក​ពលករ​កូរ៉េ​ខាង​ជើង​ប្រហែល ១​ម៉ឺន​នាក់ ឲ្យ​បម្រើ​ការ​នៅ​រុស្ស៊ី​នោះ។

អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​អង្កការ​សហ​ប្រជាជាតិ អ្នកស្រី Nikki Haley បន្ត​ដាក់​សម្ពាធ​នៅ​មុន​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ញូវយ៉ក​នា​ពេល​ខាង​មុខ​នេះ ដោយ​អ្នក​ស្រី​បញ្ជាក់​ថា ប្រសិន​បើ​កូរ៉េ​ខាង​ជើង​បន្ត​គំរាម​កំហែង​ដល់​អាមេរិក ឬ​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​នោះ កូរ៉េ​ខាង​ជើង​នឹង​ត្រូវ​វិនាស៕

លោក ត្រាំ ក៏​បាន​ព្រមាន​កាល​ពី​មុន​​ផង​ដែរថា លោក​នឹង​បាច់​ភ្លើង​ដាក់​លើ​កូរ៉េ​ខាង​ជើង ហើយ​អ្នកស្រី Nikki Haley ថា លោក ត្រាំ មិន​មែន​ព្រមាន​ចោល​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ