សកម្មជន​ដីធ្លី​ថា ​នឹង​​បញ្ឈប់​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ បើ​​មានការដោះលែងសកម្មជនទាំង៦នាក់

សមត្ថកិច្ចបានបំបែកសកម្មជនដីធ្លីដែលពាក់អាវខ្មៅនៅជិតរង្វល់មូលចោមចៅកាលពីពេលកន្លងទៅ (ដោយ លី បេទ្បា)

​សកម្មជន​ដី​ធ្លីមក​ពី​សហគមន៍​មាន​ជម្លោះ​ដី​ធ្លី​ក្នុង​រាជ​ធានី​ភ្នំពេញ បានឲ្យ​ដឹង​ថា ពួកគេ​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​បន្តទៀត នៅ​ព្រឹកថ្ងៃ​ស្អែក​នេះ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត និង​តំណាង​របស់​ពួកគេ ដែល​កំពុង​ជាប់​ឃុំ។

តំណាងពលរដ្ឋសហគន៍បឹងកក់ ​អ្នកស្រី ​ប៊ូវ ​សោភា បានប្រាប់វីអូឌីថា សហគមន៍​របស់​អ្នកស្រី នឹង​បញ្ឈប់​យុទ្ធនាការ​នេះ ប្រសិន​បើ​តុលាការ​សម្រេច​ដោះ​លែង​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី មន្ត្រី​ការពារ​សិទ្ធិ​ ៤​រូប​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​មន្ត្រី គ.ជ.ប. លោក នី ចរិយា។

អ្នកស្រីបញ្ជាក់ថា៖ ​“​ក្នុងសប្តាហ៍ហ្នឹង គឺពួកខ្ញុំបត់អាវខ្មៅទុក បានន័យថា ពួកខ្ញុំចង់បំបាត់យុទ្ធនាការអាវខ្មៅ នៅក្នុងសប្តាហ៍ហ្នឹង​តែម្តង បើសិនជាមានការដោះលែងពួកគាត់ទាំង ៦នាក់ នៅក្នុងរយៈពេលមួយ​សប្តាហ៍ហ្នឹង”។

តំណាងសហគមន៍ដដែលនេះ បានបន្ថែមថា យុទ្ធនាការនៅថ្ងៃស្អែកនេះ ពួកគាត់នឹងនាំគ្នាឈរលើកបដារូបថតអ្នកជាប់ឃុំទាំងនោះ និងស្រែកទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំទាំងនោះឲ្យមានសេរីភាពឡើង​វិញ។

រី​ឯ​តំណាងសហគមន៍បុរីកីឡា អ្នកស្រី ស ស៊ន បានប្រាប់វីអូឌីនៅថ្ងៃនេះថា សកម្មជនដីធ្លីនៅសហគមន៍បុរីកីឡាក៏គ្រោងនឹងធ្វើយុទ្ធនាការអាវខ្មៅ​នៅព្រឹកថ្ងៃទី​១៩ ​ខែធ្នូនេះ នៅក្នុងសហគមន៍របស់ខ្លួន ​ដើម្បីទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក មន្ត្រី គ.ជ.ប. និង​អ្នក​ស្រី ទេព វន្នី ព្រម​ទាំង​ទាមទារ​ឲ្យ​បញ្ចេញ​វីដេអូ​ករណី​ឃាតកម្ម​លោក កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា​កន្លង​មក។

មន្ត្រីការពារសិទ្ធិមនុស្សអាដហុក ៤រូប មាន​ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងលោកស្រី លឹម មុនី ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចឃុំខ្លួនកាលពីដើមខែឧសភាកន្លងទៅនេះ ក្រោមការចោទប្រកាន់ពីបទសូកប៉ាន់សាក្សីពាក់ព័ន្ធនឹងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថា មានទំនាក់ទំនងស្នេហាដ៏ចម្រូងចម្រាស់ជាមួយមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា។

រីឯអ្នកស្រី ទេព វន្នី ត្រូវអាជ្ញាធរខណ្ឌដូនពេញចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែសីហា​កន្លង​មក​នេះ ដោយចោទថា សកម្មជនដីធ្លីរូបនេះ បានជេរប្រមាថរាជការសាធារណៈទាក់ទិននឹងសំណុំ​រឿងចាស់​ដែលអ្នកស្រី ទេព វន្នី ដឹកនាំការ​តវ៉ាប្រឆាំងនឹងការបណ្តេញចេញកាលពីឆ្នាំ២០១៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ