ឌូទើតេ​បណ្ដេញ​មន្ត្រី​អន្តោ​ប្រវេសន៍​ពីរ​រូប​​ពី​តំណែង​ជុំ​វិញ​អំពើ​ពុក​រលួយ

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ (រូបភាពពី​ទី​ភ្នាក់​ងារ​Channel News Asia)

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ បាន​បណ្ដេញ​មន្ត្រី​អន្តោ​ប្រវេសន៍ ២​រូប ចេញ​ពី​តំណែង ដោយសារ​ប្រឈមមុខ​នឹង​ការ​ចោទប្រកាន់​ពី​រឿង​ពុក​រលួយ ខណៈ​លោក​បញ្ជាក់​ឡើង​វិញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក ចំពោះ​ការ​កម្ចាត់​អំពើ​ពុក​រលួយ​ក្នុង​រដ្ឋាភិបាល។ នេះ​ដោយ​យោង​​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បើ​តាម Reuters មន្ត្រី​ទាំង​ពីរ​រូប​នោះ ត្រូវ​បាន​បណ្ដេញចេញ​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​លោក ឌូទើតេ វិល​ត្រឡប់​ទៅ​ដល់​ទីក្រុង​ Davao បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​នៅ​ប្រទេស​សិង្ហបុរី។

មន្ត្រី​ទាំង​ពីររូប​នោះ ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ចុះ​ផ្សាយ​ថា បាន​ទារ​លុយ ១​លាន​ដុល្លារ​ពី​ជន​ជាតិ​ចិន លោក ជែក ឡាំ ដែល​ជា​ប្រធាន​ក្រុមហ៊ុន Jimei International ជា​ថ្នូរ​ទៅ​នឹង​ការ​ចុះ​បញ្ជី​ក្រុមហ៊ុន​មួយ​នេះ។

ទោះជាយ៉ាងណា មន្ត្រី​ទាំង​ពីររូប​នោះ បាន​បដិសេធ​ការចោទ​ប្រកាន់​នេះ និងនិយាយ​ថា ពួកគេ​គ្រាន់​តែ​ជា​គោលដៅ​នៃ​ការ​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​នៅ​ក្នុង​ការិយាល័យ​អន្តោ​ប្រវេសន៍​តែ​ប៉ុណ្ណោះ៕

លោក ឡាំ ដែល​ជា​ជន​ជាតិ​ចិន​មក​ពី​តំបន់​ល្បែង​ទីក្រុង​ម៉ាកាវ កំពុង​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​វិស័យ​សេដ្ឋកិច្ច និង​សូក​ប៉ាន់​មន្ត្រី​នៅ​ហ្វីលីពីន។ គេ​មិន​ដឹង​ថា លោក ឡាំ ស្ថិត​នៅ​ទីណា​នោះ​ឡើយ។ មេធាវី​លោក​ ឡាំ នៅ​ក្នុង​ប្រទេស​ហ្វីលីពីន នា​ពេល​កន្លង​មក បាន​បដិសេធ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ទៅ​លើ​លោក ឡាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ