ទួល​ប្រាសាទ​បុរាណ​មួយ​ត្រូវ​គេ​គាស់​កកាយ ខណៈ​អាជ្ញាធរ​អប្សរា​ថា មិន​បាន​ដឹង

ដោយ លោក បូ សាវី​​ | ថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 5:01 PM | វប្បធម៌ | 0 | 43434 ទួលប្រាសាទបុរាណ​ដែល​ត្រូវ​គេ​គាស់កកាយ​ធ្វើ​ថ្មី​(រូបថត៖ បូ សាវី)

ទីតាំង​ទួល​ប្រាសាទ​បុរាណ​មួយ ស្ថិតនៅ​ក្នុង​ខេត្ត​សៀមរាប ត្រូវបាន​គេ​អះអាងថា កំពុង​ត្រូវបាន​គេ​គាស់​កកាយ ខណៈ​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់​ថា ពុំ​បាន​ដឹង​ករណី​នេះ​នោះ​ទេ។

ប្រធាន​គណៈកម្មការ​វត្ត​ប្រាសាទ​ត្រាំនាគ ស្ថិត​ក្នុង​សង្កាត់​ស្លក្រាម ខេត្ត​សៀមរាប លោក អោក សំអឿន បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា ទួលប្រាសាទ​បុរាណ​មួយ ស្ថិត​ក្នុង​វត្ត​ប្រាសាទ​ត្រាំនាគ ត្រូវ​បាន​គេ​គាស់​កកាយ និង​ជីក​ដី​កសាង​​គ្រឹះ​ប្រាសាទ​ថ្មី​អស់​រយៈ​ពេល ១សប្ដាហ៍​មក​ហើយ។ លោក​បន្ថែម​ថា លោក​មិន​អាច​​ហាម​ឃាត់​សកម្មភាព​ជីក​កកាយ​នោះ​ទេ ប៉ុន្តែ លោក​បាន​ដាក់​កម្លាំង​ដើម្បី​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ទាំង​នោះ។

លោកបន្ដថា៖​ ផ្ទាំងថ្មចម្លាក់ទើបគាស់បានក្រោយនៅលើ​គ្រឹះ​មួយធំនៅលើនិងក្បាលនាគមួយហ្នឹងទេហើយនាគតូចៗពីរទើបគាស់បានពីព្រោះអាហ្នឹងខ្ញុំមានវិធានការដាក់គ្នាយាមជាប់ទាំងយប់ទាំងថ្ងៃក្រែងមានគេជីកដី​ប៉ះពាល់ដល់បេតិកភណ្ឌជាតិក្រែងលោកមានវត្ថុផ្សេងៗមាសប្រាក់ស្ដីកាលណាគេគាស់កកាយចឹងទៅមានរបស់របរអីត្រូវខ្ញុំដឹងខ្ញុំឮខ្ញុំយកទៅទុកដាក់ចឹងទៅ បើតាមអំណាទៅហាមឃាត់គេគ្មានទេអំណាចអី

បុរស​ម្នាក់​ឈ្មោះ ម៉េង លី ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ការ​សាង​សង់​នៅ​ទីនោះ ប្រាប់​ថា គម្រោង​សាង​សង់​ប្រាសាទ​ថ្មី​នៅ​ទីនោះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​អ្នកស្រី ហ៊ុន សេងលី ដែល​ជា​សាច់​ញាតិ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ប៉ុន្តែ លោក​បាន​ជំរុញ​ឲ្យ​សាក​សួរ​ព័ត៌មាន​លម្អិត​ទៅ​លោក រដ្ឋា បុរស​ម្នាក់​ទៀត​ដែល​ទទួល​ខុស​ត្រូវ​លើ​គម្រោង​សាង​សង់​នេះ។

លោក​បន្ដថា៖ ខ្ញុំមកឃើញតែឥដ្ឋបួនជ្រុង និងរូបដុំនាគហើយគេនាំគ្នាអុចធូបចឹងទៅ

បុរស​ម្នាក់​ដែល​ប្រាប់​ត្រឹម​ឈ្មោះ​ថា រដ្ឋា បាន​ឲ្យ​ដឹង​ថា សំណង់​ប្រាសាទ​ថ្មី​នៅ​លើ​ទីទួល​ប្រាសាទ​បុរាណ​នេះ នឹង​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា “នាគរាជ​តេជោ​មរកត” ដោយ​លោក​ថា បាន​ទទួល​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរជាតិ​​អប្សរា និង​ការ​ឯកភាព​​ពី​​ព្រះចៅ​អធិការ​វត្ត​ប្រាសាទ​ត្រាំនាគ។

លោក​បន្ដថា៖ ដឹងតើអាហ្នឹង​វាជា​ទួលប្រាសាទបុរាណ។ ពីមុនកសាងបុស្សបុកឈើពី ១៨ ឬ ១៩ឆ្នាំមុន។ ក្រោយមកចាស់ទ្រុឌទ្រោម យើងធ្វើ​ថ្មីវិញប៉ុណ្ណឹង។ តាមសំណើខាងវត្ដក៏ដូចជាម្ចាស់មូលនិធិកសាងនៅលើទីតាំងវត្ដប្រាសាទត្រាំនាគ ប៉ុន្ដែ ក្រោយមកក៏ស្នើ​សុំ​ដាក់ឈ្មោះថា ប្រាសាទនាគរាជតេជោមរកត។ អាហ្នឹងសំណើរសុំទៅអប្សរាប

នៅ​ពេល​ទាក់​ទង​សុំ​ការ​បក​ស្រាយ​ជុំ​វិញ​ករណី​នេះ ព្រះ​ចៅ​អធិការ​វត្ត​ប្រាសាទ​ត្រាំ​នាគ ព្រះតេជគុណ ស រ៉ា មាន​សង្ឃ​ដីកា​ថា ការ​ជីក​គាស់​កកាយ​នេះ មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ជាតិ​អប្សរា ប៉ុន្តែ ព្រះ​អង្គ​ថា កំពុង​រត់​ការ​ច្បាប់​បណ្ដើរៗ។

ព្រះអង្គមាន​សង្ឃ​ដីកាថា៖ ពាក្យថា បំផ្លាញយើងទៅកម្ទេច​ចោល។ ពាក្យដែលយើងកសាងយើង អត់មានចេតនាបំផ្លាញទេ យើងមានអារម្មណ៍មួយស្រលាញ់ជាតិរបស់យើង។ អប្សរាក៏បានដឹងឮដែរ ឥឡូវកំពុងរត់ការបណ្ដើរៗ

ទោះជាយ៉ាងណា អ្នកនាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បានបដិសេធ​ថា លោក​មិន​បាន​ដឹង​ករណី​នេះ​នោះ​ទេ។

វីអូឌី​មិន​អាច​ទាក់​ទង​​អ្នកស្រី ហ៊ុន សេងលី ដើម្បី​ឲ្យ​បក​ស្រាយ​អំពី​គម្រោង​សាង​សង់​នេះ​នៅ​ឡើយ​ទេ​រហូត​មក​ដល់​រសៀល​ថ្ងៃ​នេះ។

ប្រាសាទ​ត្រាំនាគ ស្ថិត​នៅ​លើ​ទីទួល​ទំហំ​ប្រហែល ៥០​គុណ​នឹង ៧០​ម៉ែត្រ ហើយ​ចម្លាក់​ប្រាសាទ​បែក​បាក់​មួយ​នេះ ត្រូវ​បាន​កសាង​អំពី​ថ្ម​ភក់។ ចម្លាក់​ក្បាល​នាគធ្វើ​អំពី​ថ្ម​ភក់ ត្រូវបាន​គេ​រក្សា​ទុក​ក្នុង​កុដិ​នៃ​វត្តប្រាសាទ​ត្រាំនាគ៕

សរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required