មេដឹកនាំគណបក្សប្រឆាំងដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេស បានឆ្លើយតបទៅនឹងបណ្តឹងប្រឆាំងរូបលោកថាលោកស្វាគមន៍ចំពោះបណ្តឹងរបស់លោក ហ៊ុន សែន និងធី សុវណ្ណថា ដែលប្តឹងទារសំណងជាង១លានដុល្លារទាក់ទងនឹងអ្វីដែលលោក សម រង្ស៊ី និយាយថា លោក ហ៊ុន សែន សូកលុយធី សុវណ្ណថា ១លានដុល្លារដើម្បីបំបែកបក្សប្រឆាំង។
ក្នុងបទសម្ភាសន៍ជាមួយអាស៊ីសេរីនៅទីក្រុងប៉ារីស លោក សម រង្ស៊ី ថ្លែងថា«ខ្ញុំមិនខ្វល់ពីគេប្តឹងខ្ញុំទេ ដរាបណាខ្ញុំនិយាយការពិត។អ្វីដែលខ្ញុំនិយាយព័ត៌មានដែលទទួលបានដែលខ្ញុំផ្សព្វផ្សាយបន្តពីអ្វីដែលប្រជាពលរដ្ឋខ្មែររាប់ម៉ឺនរាប់សែននាក់ បានឃើញ បានឮ បានដឹងគឺគេបង្ហោះគឺជាសារឆ្លើយឆ្លងគ្នាជាមួយសាមីខ្លួនពីរនាក់នោះ ហើយប្រភពនេះគឺវាចេញមកពីប្រភពផ្ទៃក្នុងអ្នកជិតស្និទជាមួយសាមីខ្លួនដែលកំពុងតែប្តឹងខ្ញុំ»។
លោក គី តិច ជាមេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្រ្តី បានបដិសេធធ្វើអត្ថាធិប្បាយដោយលោកអះអាងថាជាប់រវល់ប្រជុំ។
លោក សម រង្ស៊ី បន្តថា ការដែលលោក ហ៊ុន សែន ប្តឹងលោកបន្ថែមទៀតនេះគឺជាការល្អដោយលោកថាវាមានឱកាសយករឿងនេះទៅលាតត្រដាងឲ្យកាន់តែច្បាស់។លោកចាត់ទុកសារបែកធ្លាយនោះថា«ជារឿងសំខាន់ណាស់ ហើយធ្ងន់ធ្ងរណាស់សម្រាប់អ្នកពាក់ព័ន្ធ ហើយអ្នកពាក់ព័ន្ធគេមិនបដិសធ ដូចជាគេទទួលស្គាល់។ បើគេទទួលស្គាល់ហើយ យើងចាំបាច់ញញើតអីនឹងនិយាយចំពោះអ្វីដែលគេផ្សព្វផ្សាយ ហើយសាមីខ្លួនមិនហ៊ានបដិសេធ មានន័យថា សាមីខ្លួនទទួលស្គាល់»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្តឹងលោក សម រង្ស៊ី ដោយទារសំណងជំងឺចិត្តចំនួន១លានដុល្លារ ខណៈកញ្ញា ធី សុវណ្ណថា ក៏បានប្តឹងមេបក្សប្រឆាំងរូបនេះ ដោយទារជំងឺចិត្ត២៥ម៉ឺនដុល្លារ ទាក់ទងនឹងការលើកឡើងថា «លោក ហ៊ុន សែន សូកលុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា ឲ្យបំបែកគណបក្សសង្រ្គោះជាតិ»។
នេះបើតាមលោក គី តិច មេធាវីការពារក្តីឲ្យនាយករដ្ឋមន្រ្តី ដែលត្រូវបានដកស្រង់សំដីដោយព័ត៌មាន Fresh News កាលពីយប់ថ្ងៃទី១៧ ខែមករានេះ។
ដោយឡែកក្នុងពាក្យបណ្តឹងរបស់ ធី សុវណ្ណថា កាលថ្ងៃទី១៧ ខែមករា ក៏បានប្តឹងលោក សម រង្ស៊ី ទៅសាលាដំបូងរាជធានីភ្នំពេញពីបទបរិហាកេរ្តិ៍ជាសាធារណៈ ក្នុងសំណុំរឿងតែមួយនេះដោយទារជំងឺចិត្តចំនួន២៥ម៉ឺនដុល្លារ។
កាលពីចុងឆ្នាំ២០១៦ សារឆ្លងឆ្លើយដែលគេជឿថាជាសាររបស់លោក ហ៊ុន សែន និង ធី សុវណ្ណថា ត្រូវបានគេផ្សព្វផ្សាយដោយក្នុងការសន្ទនានោះ ភាគីទាំងពីរបានប្រើពាក្យថា “តានិងចៅ” ដែលបាននិយាយពីរឿងផ្ទាល់ខ្លួនមួយចំនួន ប៉ុន្តែភាគច្រើនផ្តោតសំខាន់លើយុទ្ធសាស្ត្របំបែកបំបាក់គណបក្សប្រឆាំង។
កិច្ចសន្ទនានោះក៏បាននិយាយផងដែរ ពីការផ្តល់លុយខ្ទង់មួយ១លានដុល្លារដល់ ធី សុវណ្ណថា ដើម្បីបំបែកបំបាក់មេដឹកនាំគណបក្សសង្រ្គោះជាតិ៕