រដ្ឋ​មន្រ្តី​សុខា​ភិបាល​ស្នើ​ក្រសួង​ព័ត៌មាន​អន្តរាគមន៍​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ប្រេង​កូឡាតាប៉ិ​និង​ថ្នាំ​ដុសធ្មេញ​ផ្កា​ឈូក​២

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 1:20 PM | សុខភាព | 4 | 567

រដ្ឋមន្រ្តីក្រសួង​សុខាភិបាល​បាន​ស្នើ​ឲ្យ​រដ្ឋមន្រ្តីក្រសួង​ព័ត៌មានចាត់វិធានការបញ្ឈប់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​របស់​ផលិតផល​ប្រេងកូឡាតាប៉ិ​និង​ថ្នាំដុសធ្មេញផ្កាឈូក២ ដោយ​លើក​ឡើង​ថាពុំមានសុំការ​អនុ​ញ្ញាត​​ពីក្រសួ​ងសុ​ខាភិបា​ល​។​

លិខិត​មួយច្បាប់​ចុះថ្ងៃទី​១៨ខែកុម្ភៈ ឆ្នាំ​២០១៦ដែលវីអូឌី​ទទួលបាន រដ្ឋមន្រ្តីក្រសួង​សុខាភិបាល​ លោក ម៉ម ប៊ុនហេង បាន​​ជម្រាបមករដ្ឋមន្រ្តីក្រសួង​ព័ត៌មានថាលោកស្នើ​រដ្ឋមន្រ្តី​​ជួយ​ធ្វើ​អន្តរាគម​ន៍​ទៅ​ទូរទស្សន៍​បាយ័ន​Bayon TvនិងBTV News ​បញ្ឈប់​ការផ្សព្វ​ផ្សាយ​នូវផលិត​ផល​ប្រេង​កូឡាតាប៉ិ​​និង​ថ្នាំ​ដុសធ្មេញ​សញ្ញាផ្កាឈូក២ នៅម៉ោង​៦​ដល់​ម៉ោង​៧ល្ងាច។ លោក​បញ្ជាក់ថាមូលហេតុនៃ​ការស្នើសុំបញ្ឈប់នេះ​ដោយ​សារ​៖ “ការផ្សាយ​ពាណិជ្ជកម្ម​ពាក់​ព័ន្ធ​នឹង​វិស័យ​​សុខាភិបាល​នូវផលិត​ផល​ប្រេង​កូឡា​តាប៉ិ​និង​ថ្នាំដុសធ្មេញ​សញ្ញា​ផ្កាឈូក​២​ដែល​គ្មាន​ចុះ​ប្រវេទ​នៅក្រសួង​​សុខាភិបាល​និង​គ្មាន​ការ​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​ពីក្រសួង​សុខាភិបាល”

លិ​ខិតបញ្ជាក់ថា៖ “​ក្រសួង​សុខាភិបាល​សង្ឃឹមថា​ឯក​ឧត្តម​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​នឹងមានវិធានការ​យ៉ាង​តឹង​រ៉ឹង​បំផុត​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​ដែល​មិន​គោរ​ព​តាម​គោល​ការណ៍​ណែនាំ​របស់​ក្រសួង​ព័ត៌មាន”។​

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ មានប្រសាសន៍ថា​លោក​មិនដឹង​ពីបញ្ហានេះទេ ដោយ​លោក​ថាលោក​មិនមែនកាន់ផ្នែកឱសថនោះ​ទេ​។​

វីអូឌមិនទាន់អាច​សុំការ​បកស្រាយ​បន្ថែមពី​លោក ម៉ម ប៊ុនហេង បាននៅឡើយទេ។ វីអូឌីក៏​មិនទាន់អាច​ទាក់ទង​រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បានភ្លាមៗនៅឡើយទេ៕​

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required