អនុប្រធានគណបក្សប្រជាជនកម្ពុជានិងប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅល្ងាចថ្ងៃសុក្រនេះបានជួបគ្នានៅវិមានរដ្ឋសភា ដោយមន្រ្តីអះអាងថាដើម្បីបន្តពង្រឹងវប្បធម៌សន្ទនារវាងបក្សទាំងពីរហើយការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិអាចនៅត្រូវជជែកនៅជំនួបពេលក្រោយ។
អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង ថ្លែងពេលស្វាគមន៍គ្នាក្នុងជំនួបនេះថាលោក កឹម សុខា និងរូបលោកផ្ទាល់បានទាក់ទងគ្នាតាមរយៈសារអេឡិចត្រូនិចដើម្បីជួបគ្នាតាំងពីសប្តាហ៍មុន ប៉ុន្តែលោកថាដោយសារភាគីគណបក្សប្រជាជនមានធុរៈក៏ពន្យាដល់សប្តាហ៍នេះ។
ប្រធានស្តីទីគណបក្សង្រោះជាតិ លោក កឹម សុខា ថ្លែងក្រោយជំនួបទៅកាន់អ្នកសារព័ត៌មានថាក្នុងជំនួបនេះភាគីទាំងពីរបានពិភាក្សាគ្នាពីអ្វីដែលគណបក្សទាំងពីរបានជជែកគ្នាហើយនៅសេសសល់នាពេលកន្លងមក។ ទោះយ៉ាងណា លោកមិនបានបញ្ជាក់ទេថាជាបញ្ហាអ្វីនោះ ដោយលោកប្រគល់ភារកិច្ចនេះទៅកាន់លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យរបស់គណបក្សនេះវិញ។
ដូចគ្នានេះដែរ លោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ក៏មិនបាននិយាយអ្វីដែរ ដោយលោកប្រគល់ភារកិច្ចនេះទៅលោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាខាងគណបក្សប្រជាជនកម្ពុជាវិញដែរ។
បើតាមលោក យ៉ែម បុញ្ញឫទ្ធិ ភាគីទាំងពីរនឹងខិតខំបន្តវប្បធម៌សន្ទនារវាងបក្សទាំងពីរបន្តទៀត ដែលលោកថាដើម្បីជាផលប្រយោជន៍ជូនប្រទេសជាតិ។ លោកឲ្យដឹងទៀតថាជំនួបនេះ ភាគីទាំងពីរក៏បានឯកភាពបង្កើតគណៈកម្មការចំពោះកិច្ចដើម្បីឲ្យមានការរៀបចំពិភាក្សាសេចក្តីព្រាងច្បាប់សហជីពបន្តទៀត និងបើកឱកាសឲ្យភាគីពាក់ព័ន្ធបានចូលរួមផ្តល់យោបល់។ លោកបន្តថាភាគីទាំងពីរក៏បានយល់ព្រមបង្កើតក្រុមការងារដើម្បីពិភាក្សាលើកកំពស់វប្បធម៌សន្ទនា ក៏ដូចជាព្យាយាមរកដំណោះស្រាយបញ្ហាដែលនៅសេសសល់។ ត្រង់ចំណុចនេះ លោក ឲ្យដឹងដែរថាភាគីទាំងពីរអាចនឹងជជែកពីការចាប់ខ្លួនសកម្មជនរបស់គណបក្សសង្គ្រោះជាតិផងដែរ។
ត្រង់ចំណុចនេះដែរ លោក ឈាង វុន អះអាងថាបញ្ហាអ្នកជាប់ឃុំរបស់គណបក្សសង្រ្គោះជាតិមិនបានស្ថិតក្នុងរបៀបវារៈនៅរសៀលនេះទេ ដោយលោកថាបញ្ហាទាំងនេះទុកឲ្យថ្នាក់ដឹកនាំកំពូលរបស់គណបក្សទាំងពីរជាអ្នកដោះស្រាយនៅពេលក្រោយ។
លោកបន្ថែមថា៖ “ឯកឧត្តមយ៉ែម បុញ្ញឫទ្ធិ លោកបានបញ្ជាក់ច្បាស់ហើយ ការជជែកគ្នារបស់យើងនៅល្ងាចនេះមិនមាននិយាយពីបុគ្គលណាៗណាទេ ហើយវាមិនមែនជារបៀបវារៈដែលយើងត្រូវជជែកគ្នាផង អ៊ីចឹងខ្ញុំគិតថារឿងដែលនៅសេសសល់ដែលឯកឧត្តមយ៉ែម បុញ្ញឫទ្ធិ បានលើកមិញនេះ អាចយកមកជជែកគ្នានៅពេលក្រោយទុកឲ្យថ្នាក់ដឹកនាំបានគិតពិចារណា”។
លោក ឈាង វុន ឲ្យដឹងដែរថាភាគីទាំងពីរក៏បានសម្រេចផ្តល់នូវមធ្យោបាយដល់ប្រធានក្រុមតំណាងរាស្រ្តភាគតិចនិងភាគច្រើននូវទីប្រឹក្សាចំនួន៩នាក់ ដែលមានឋានៈស្មើរដ្ឋលេខាធិការឬប្រធានអគ្គនាយកដ្ឋានជាដើម ដែលលោកថាដើម្បីជួយសម្រួលដល់ការងាររបស់ប្រធានទាំងពីរ។ លើសពីនេះលោកថាប្រធានទាំងពីរក៏នឹងទទួលបានរថយន្តម្នាក់មួយគ្រឿងផងដែរ។ ទន្ទឹមនឹងនេះ លោកថា ក្រុមតំណាងរាស្រ្តទាំងពីរភាគីក៏នឹងទទួលបានកញ្ចប់ថវិកាមួយចំនួនទៅតាមសមាមាត្រនៃអាសនៈនៅក្នុងសភាពីរដ្ឋសភាផងដែរ ដែលលោកថា ដើម្បីបំពេញការងារទៅតាមគម្រោងដែលក្រុមណាមួយស្នើឡើង។
បើតាមអ្នកនាំពាក្យទាំងពីរ ថ្នាក់ដឹកនាំគណបក្សទាំងពីរគ្រោងនឹងជួបគ្នាបន្តទៀត ប៉ុន្តែពួកលោកថាមិនទាន់កំណត់ថ្ងៃនៅឡើយ។ ទោះយ៉ាងណា ពួកគាត់អះអាងថាយ៉ាងតិចក៏ភាគីទាំងពីរជួបគ្នាក្នុង១ខែម្តងដែរ៕