អាមេរិក​ជំរុញឲ្យចិនបន្តដាក់សម្ពាធលើកូរ៉េខាងជើង​

រដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោន ជំរុញឲ្យទីក្រុងប៉េកាំង បន្តដាក់សម្ពាធលើកូរ៉េខាងជើង​ ឲ្យត្រឡប់ទៅរកតុចរចាវិញ ដើម្បីការពារកុំឲ្យទីក្រុងព្យុងយ៉ាង បន្តកម្មវិធីអាវុធនុយក្លេអ៊ែបង្កជម្លោះនៅក្នុងតំបន់។​

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ចិន បានថ្លែងថា ចិនបានផ្អាកការនាំចូលទំនិញពីកូរ៉េខាងជើង​ចាប់ពីថ្ងៃទី១៩ខែកុម្ភៈ ហើយបានបញ្ជាក់ថា នេះ គឺជាផ្នែកដែលទីក្រុងប៉េកាំងចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការដាក់ទណ្ឌកម្មប្រឆាំងរដ្ឋអំណាចទីក្រុងព្យុងយ៉ាង។​

នៅដើម​ខែកុម្ភៈនេះ ទីក្រុងព្យុងយ៉ាង បានសាកល្បង អាវុធមីស៊ីលឆ្លងទ្វីប ដែលជាការបាញ់សាកល្បងលើកដំបូង ចាប់តាំងពីលោកដូណល ត្រាំ បានចូលកាន់តំណែងកាលពីថ្ងៃទី២០ខែមករា។​

រដ្ឋការលោកត្រាំ ថ្លែងថា ចិនគួរតែមានសម្ពាធបន្ថែមទៀត លើរដ្ឋអំណាចទីក្រុងព្យុងយ៉ាង ចំពោះការដំណើរប្រតិបត្តិការលើកម្មវិធីអាវុធនុយក្លេអ៊ែ។​

អ្នកនាំពាក្យ​ក្រសួងការបរទេសអាមេរិក​ថ្លែងថា ប្រទេសទាំងអស់គួរតែធ្វើការឲ្យមានតម្លាភាព ក្នុងការអនុវត្តន៍ តាមគោលការណ៍ដំណោះស្រាយរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាតិ​។ លោកថា ចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កូរ៉េខាងជើង​ ដូច្នេះចិន​ត្រូវធ្វើសកម្មភាពឲ្យលេចធ្លោក្នុងការដាក់វិធានការលើកូរ៉េខាងជើង។​

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ចិន​បានបញ្ជាក់ថា ការបញ្ឈប់នាំធ្យូងថ្មពីកូរ៉េខាងជើង អាចនឹងបន្តអនុវត្តរហូតដល់ខែធ្នូឆ្នាំ២០១៧។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ