ពលរដ្ឋ​​ចាញ់​បោកក្រុមហ៊ុន EBC ឡើង​មក​រក​អន្តរាគមន៍​ពី​នាយករដ្ឋ​មន្ត្រី​ជា​ថ្មី

ពលរដ្ឋ​​ដែលចាញ់​បោកក្រុមហ៊ុន EBC (ឃុត សុគន្ធ)

ក្រុម​ពលរដ្ឋ​ជាង ១០០​នាក់ ដែល​អះ​អាង​ថា បាន​ចាញ់​បោក​​ក្រុមហ៊ុន Empire Big Capital Limited ហៅ​កាត់​ថា EBC​ នោះ បានប្រមូលផ្តុំគ្នា​នៅ​មុខខុទ្ទកាល័យនាយករដ្ឋមន្រ្តីជាថ្មីទៀត​នៅថ្ងៃនេះ ដោយ​បាន​ស្នើ​ទៅ​លោក ហ៊ុន សេន ឲ្យជួយរកយុត្តិធម៌ជូនពួកគេ ខណៈ​ដែល​ពួកគេ​អះ​អាង​ថា ម្នាក់ៗ​បាន​ខាត​បង់​ប្រាក់​យ៉ាង​តិច ១​ម៉ឺន​ដុល្លារ។

ក្រុម​ពលរដ្ឋ​ទាំង​នោះ បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន EBC ថា បានបោកប្រាក់​ជាង ៦០​លាន​ដុល្លារ​ពី​ពលរដ្ឋ​ប្រហែល ៥​ម៉ឺន​នាក់ តាម​រយៈ​ការ​ប្រមូល​ប្រាក់​ពី​ពលរដ្ឋ ដោយ​សន្យា​ផ្ដល់​ការ​ប្រាក់ ១០​ភាគរយ​នៃ​ប្រាក់​វិនិយោគ​ក្នុង​មួយ​ខែៗ។

ជា​អ្នក​ភូមិ​មក​ពី​ខេត្តព្រៃវែង លោក សម វុទ្ធី បាន​ប្រាប់វីអូឌីថា គ្រួសារគាត់ចាញ់បោកប្រាក់ក្រុមហ៊ុន EBC អស់ ១ម៉ឺន ២ពាន់ដុល្លារ។ លោក​បន្ថែម​ថា កន្លងមករូបលោក និងពលរដ្ឋដទៃ​ទៀត បាន​រកកិច្ចអន្តរាគមន៍ពីក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ រដ្ឋសភា និងខុទ្ទកាល័យនាយករដ្ឋមន្រ្តីនេះផងដែរ ប៉ុន្តែ មិនទទួលបានដំណោះស្រាយឡើយ។

លោកបន្ថែមថា៖«ពួកយើងសុំឲ្យសម្តេចជួយ ពីព្រោះ​ក្រុមហ៊ុនហ្នឹង​មករកស៊ីក្នុងស្រុកខ្មែរ ហើយមានចំណារ​យល់​ព្រមបោះត្រាសញ្ញេពីក្រសួងមហាផ្ទៃ ពីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ មូលប័ត្រកម្ពុជា និងបានធ្វើបទបង្ហាញទៅតាមបណ្តាសណ្ឋាគារ និងទីរួមខេត្តមួយចំនួន គឺធ្វើនៅសាលាខេត្តតែម្តង។ សួរថា ធ្វើឲ្យប្រជាជនភ័យអីទៀត? អញ្ចឹងបងប្អូន មិនត្រឹមតែរាស្រ្តសាមញ្ញទេ មន្រ្តីធំនៅភ្នំពេញ ក៏មានចាញ់បោកក្រុមហ៊ុននេះដែរ តែគេមិនចេញមុខ»។

ដោយ​អះ​អាង​ថា​មកពី​ខេត្តឧត្តមានជ័យ លោក ស រ៉េត និយាយថា ដោយសារតែមានការផ្សព្វផ្សាយតាមរយៈការទទួលពីអាជ្ញាធរ និងមានការផ្តល់ការប្រាក់ខ្ពស់ គ្រួសារគាត់បានលក់របស់របរមួយចំនួន និងខ្ចីលុយបន្ថែមពីធនាគារផ្សេងសរុបប្រមាណ ១ម៉ឺន ៨ពាន់ដុល្លារ យកមក​ចង់ការបន្តនៅក្រុមហ៊ុន EBC នេះទាំងអស់។

លោកបន្ថែមថា៖ «ក្រុមហ៊ុនពេលទៅឃោសនាគេថា មានច្បាប់អនុញ្ញាត្តិពីក្រសួងមហាផ្ទៃ ​ខាងហិរញ្ញវត្ថុគេថា មានច្បាប់អស់ហើយ គេចាក់ស្លាយឲ្យយើងមើលពេលសិក្ខាសាលាទៀត អញ្ចឹងពួកខ្ញុំប្រជាពលរដ្ឋអ្នកល្ងង់ ពេលឃើញគេ​បង្ហាញតាមស្លាយអញ្ចឹង ចេះតែ​ជឿគេស្លុប។ អញ្ចឹងពួកខ្ញុំល្ងឹតល្ងង់ ចេះតែតាមគេតាមឯងទៅ»។

លោក គង់ ចំរើន ជា​មន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តី បានប្រាប់ទៅប្រជាពលរដ្ឋឲ្យរង់ចាំសិន ដោយថា រដ្ឋាភិបាលមានយន្តការ និងកំពុងធ្វើការលើរឿងនេះហើយ។

កាលពីឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ រួមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត បានធ្វើសន្និសិទសារព័ត៌មានមួយ ដោយបង្ហាញមុខមេខ្លោងមួយចំនួនមាន ឈ្មោះ លោក ស៊ាន តាន់ ជាក្រុមហ៊ុនអ៊ីប៉ីស៊ី (EBC) ឈ្មោះ ហួត សុវណ្ណ ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ ឈ្មោះ ជីហ្គោ សាលី ជាប្រធានសមាគមប្រឹក្សាយោបល់វិនិយោគ និងបក្សពួកផ្សេងទៀត។

ក្រោយសន្និសិទនោះ សមត្ថកិច្ចបានចាប់ខ្លួនមនុស្ស ២នាក់ បញ្ជូនទៅតុលាការ ដោយសង្ស័យថា ជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន អ៊ីប៉ីស៊ី (EBC) ក្នុងករណីរឿងឆបោកប្រាក់ពលរដ្ឋនេះ។

កាលណោះ ក្រសួងមហាផ្ទៃ ឲ្យដឹងថា ក្រសួងទទួលបានពាក្យបណ្តឹងពីពលរដ្ឋប្រមាណ ៧ ៤៣០បណ្តឹង ក្នុងចំណោមជនរងគ្រោះ ៥ម៉ឺននាក់ និងទឹកប្រាក់ជាង ៦០លានដុល្លារ ប៉ុន្តែ កាលណោះ មន្រ្តីក្រសួងមហាផ្ទៃថា ទិន្នន័យពិតប្រាកដអាចមានច្រើនជាងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ