អាមេរិក​ច្រាន​ចោល​សម្ដី​លោក ហ៊ុន សែន ដែល​ថាចារកម្ម​អាមេរិក​​សម្លាប់​លោក កែម ឡី

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨​ ម៉ោង 10:55 AM | កែម ទ្បីនយោបាយ | 0 | 1689 នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William Heidt (FB: U.S. Embassy Phnom Penh, Cambodia)

តំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា បដិសេធចំពោះ​ការចោទប្រកាន់ពីប្រមុខរដ្ឋាភិបាលកម្ពុជា ដែលលើក​ឡើង​ថា លោក​សង្ស័យ​ចារកម្ម​អាមេរិក​អាចជាអ្នកនៅពីក្រោយឃាតកម្ម​អ្នកវិភាគនយោបាយល្បីឈ្មោះ ​លោកបណ្ឌិត កែម ឡី។

ក្នុងពិធីជួបជាមួយក្រុមអ្នកគាំទ្រនៅប្រទេសអូស្ដ្រាលី​កាលពីថ្ងៃសុក្រ​កន្លង​មក​នេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​ផ្ដាំ​ទៅ​ អ្នកស្រី ប៊ូ រចនា ភរិយា​សព​​លោក កែម ឡី​ កុំឲ្យចាត់ទុករូបលោកជាសត្រូវ ប៉ុន្តែ លោក​ដាក់​ការ​សង្ស័យថា ចារកម្ម​អាមេរិក​អាច​ស្ថិត​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​រូប​នេះ​។

ក្រៅ​ពី​​និយាយ​អំពី​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​រូប​នេះ​ហើយ លោក ហ៊ុន សែន ក៏​បាន​និយាយ​ដល់​អនុ​ប្រធាន​វិទ្យុ​អាស៊ី​សេរី​លោក ជុន ចន្ទបុត្រ ផង​ដែរ ដោយ​លោក​ថា អ្នក​សារព័ត៌មាន​រូប​នេះ បាន​ស្កាត់​ទៅ​ជួប​មេ​បញ្ជាការ​យោធា​មួយ​រូប និង​កូន​ប្រុស​របស់​លោក ដែល​លោក ហ៊ុន សែន អះ​អាង​ថា លោក ជុន ចន្ទបុត្រ​ បាន​ស្វែង​រក​ការ​ជួយ​ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន ដោយ​បារម្ភ​ខ្លាច​អាមេរិក​សម្លាប់​ដូច​លោក កែម ឡី ដែរ។

លោក ហ៊ុន សែន ថ្លែងថា៖ «ជុន ចន្ទបុត្រ បាន​ទៅ​ជួប​ឧត្ដមសេនីយ៍​ឯក ម៉ោ សុផាន់ មេ​បញ្ជាការ​កង​ពលតូច ៧០ មុន​ ជុន ចន្ទបុត្រ ជួប ហ៊ុន ម៉ាណែត កូន​ប្រុស​របស់​ខ្ញុំ។ តើ​ ជុន ចន្ទបុត្រ និយាយ​ថា​ម៉េច​ទេ? គាត់​បាន​សុំ​ឲ្យ​ឧត្ដមសេនីយ៍​ឯក ម៉ៅ សុផាន់ ជួយ​ការពារ​ផង ប្រយ័ត្ន​ពួក​អាមេរិក​សម្លាប់​ដូច​ កែម ឡី»។

ទោះជាយ៉ាងណា ឯក​អគ្គរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក William Heidt បាន​ច្រាន​ចោល​នូវ​អ្វី​ដែល​លោក ហ៊ុន សែន បាន​លើក​ឡើង ដោយ​ចាត់​ទុក​ថា ជា​ការ​វាយ​ប្រហារ​ទៅ​លើ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​ជា​ការ​ចោទ​ប្រកាន់​ដោយ​ខ្វះ​ការ​ពិចារណា។

តំណាង​រដ្ឋាភិបាល​អាមេរិក​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា ប្រទេស​របស់​លោក​ប្រកាន់លទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និង​គាំទ្រអង្គការសង្គមស៊ីវិល និងថា ករណី​ឃាតកម្មលោក កែម ឡី កាលពី​ជិត ២ឆ្នាំមុន ចាំបាច់ត្រូវមានការស៊ើបអង្កេត​ដោយ​បើក​ជំហរ និងមានតម្លាភាព។

លោកថ្លែងថា៖ «ខ្ញុំ​មិន​ចង់​និយាយ​បន្តិច​ទេ​អំពី​អត្ថាធិប្បាយ​មួយ​ចំនួន​ពី​ប្រទេស​អូស្ត្រាលី​កាល​ពី​ចុង​សប្ដាហ៍​នេះ។ ពិត​ណាស់ ការ​ថ្លែង​មួយ​កាល​ពី​ថ្ងៃ​សុក្រ​អំពី​សហរដ្ឋ​អាមេរិក និង​ព្រឹត្តិការណ៍​ដ៏​សោកសៅ​អំពី​លោក កែម ឡី ពិត​ណាស់ ការ​ថ្លែង​ទាំង​ពីរ​នេះ គឺ​មិន​ច្បាស់​លាស់ និង​ជា​ការ​វាយ​​ប្រហារ​លើ​អាមេរិក។ អ្នក​ទាំង​អស់​គ្នា​សុទ្ធ​តែ​ដឹង​ថា យើង​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ផ្នែក​ប្រជាធិបតេយ្យ យើង​គាំទ្រ​ដល់​អង្គការ​សង្គម​ស៊ីវិល។ យើង​ធ្លាប់​បាន​និយាយ​តាំង​ពី​ដើម​មក នៅ​ពេល​លោក កែម ឡី ត្រូវ​បាន​គេ​សម្លាប់ យើង​បាន​និយាយ​អំពី​សារៈ​សំខាន់​នៃ​ការ​បើក​ការ​ស៊ើប​អង្កេត​បើក​ចំហរ និង​តម្លាភាព»។

ប្រធានអ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ យល់ថា បក្សកាន់អំណាច​កំពុងប្រើសង្គ្រាមចិត្ដសាស្ដ្រ និង​លាប​ពណ៌​ដាក់​សហរដ្ឋអាមេរិក ដើម្បីលុបលាងកំហុសរបស់ខ្លួន ប៉ុន្ដែ លោកថា យុទ្ធសាស្ដ្របែបនេះ មាន​តែ​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​ខាត​បង់​ផល​ប្រយោជន៍​ទៅវិញទេ។

លោកថា៖ «រដ្ឋាភិបាលហាក់ដូចជា​វាយប្រហារខ្លាំងទៅលើអាមេរិកតែម្ដង ខ្ញុំយល់ឃើញថា អាហ្នឹង ជាសង្គ្រាមចិត្តសាស្ដ្រ ​ដែល​ចង់បង្ហាញថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺអត់មានកំហុសទេ លោកចង់បង្ហាញថា អ្វីៗ ដែល​កើត​ឡើង​ក្នុងប្រទេសកម្ពុជា គឺមានអាមេរិកនៅពីក្រោយខ្នង។ បរិបទ​សព្វថ្ងៃនេះ ចំពោះគណបក្សប្រជាជនកម្ពុជា គឺ​មាន​តែ​ខាត​ទៅ​វិញទេ ព្រោះប្រជាពលរដ្ឋដែលមាននិន្នាការប្រជាធិបតេយ្យ គាត់ស្ទើតែជឿទៅលើសហរដ្ឋអាមេរិកច្រើន»។

អ្នកវិភាគបញ្ហានយោបាយលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃត្រង់នៅក្នុង​ស្ដារម៉ាតស្ថិត​ក្នុង​ការ៉ាស់​សាំង​កាល់តិច ក្នុងរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០១៦។

រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ មាន​តែ​ខ្មាន់​កាំភ្លើង​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ តែ​ម្នាក់​ប៉ុណ្ណោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន និង​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត នៅ​ក្នុង​សំណុំ​រឿង​ឃាតកម្ម​​មួយ​នេះ។

ប៉ុន្តែ សាច់​ញាតិ និង​ភរិយា​សព​លោក កែម ឡី មិន​ជឿ​ថា បុរស​ឈ្មោះ អឿត អាង ជា​ឃាតករ​ពិត​ប្រាកដ​នោះ​ឡើយ និង​បាន​ទាមទារ​ទៅ​រដ្ឋាភិបាល ឲ្យ​ស្វែង​រក​អ្នក​ពាក់​ព័ន្ធ ឬ​នៅ​ពី​ក្រោយ​ឃាតកម្ម​នេះ។

របាយការណ៍ស៊ើបអង្កេតរបស់សារព័ត៌មាន Al Jazeera ចេញផ្សាយកាលពីខែមករាឆ្នាំ២០១៧ បានបង្ហាញថា ប្រភព និង​សាក្សី​​ជាច្រើនក្នុងខេត្តសៀមរាប បានរៀបរាប់ឲ្យដឹងថា បុរសឈ្មោះ «អឿត អាង» ត្រូវ​បាន​គេ​ហៅ​ទៅ​ជួប​ប្រជុំ​ជាមួយ​មន្ដ្រី​ថ្នាក់​ស្រុក និងមន្ដ្រីយោធាជាន់ខ្ពស់មួយចំនួន ពោលគឺប្រហែលមួយសប្ដាហ៍​ប៉ុណ្ណោះ ​មុនកើតឃាតកម្មលើលោក កែម ឡី៕

រាយការណ៍បន្ថែមដោយ កញ្ញា ខាន់ លក្ខិណា

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required