មន្ដ្រីកសិកម្មម្នាក់រងការចោទថាបាញ់បោះនៅតំបន់ទេសចរណ៍ខេត្ដសៀមរាប

តំបន់ទេសចរណ៍ធម្មជាតិ បឹង​ពារាំង

សមាជិកសហគមន៍មួយនៅខេត្ដសៀមរាបឲ្យដឹងថា មន្ដ្រីមន្ទីរកសិកម្ម​ខេត្ដនេះបានប្រើអាវុធបាញ់គំរាមជាច្រើនគ្រាប់នៅតំបន់អភិរក្សទេសចរណ៍ធម្មជាតិបឹងពារាំង បន្ទាប់ពីពលរដ្ឋ​ហាមឃាត់មិនឲ្យមន្រ្តីរូបនោះចាប់ត្រីនៅតំបន់អភិរក្សសត្វស្លាបនិងមច្ឆាជាតិ។

សមាជិកសហគមន៍វប្បធម៌ធម្មជាតិបឹងពារាំង ដែលសុំ​មិនឲ្យបញ្ចេញឈ្មោះ ប្រាប់វីអូឌី នៅល្ងាចថ្ងៃទី១៨ខែមេសានេះថា កាលពីម៉ោង៦ល្ងាចថ្ងៃទី១៧ខែមេសានេះ មនុស្សមួយក្រុមជិត២០នាក់ ដែលមានទាំងប្រធានមន្ទីរកសិកម្មខេត្ដសៀម​រាប លោក ទា គឹមសុទ្ធ ផងនោះ​ បានប្រើអាវុធខ្លីមិនស្គាល់ម៉ាក បាញ់ឡើងលើ៧គ្រាប់ គំរាមប្រជាស​ហគមន៍ បន្ទាប់ពីពួកគេ​ហាមឃាត់មិនឲ្យរកត្រីក្នុងតំបន់អភិរក្សធម្មជាតិបឹងពារាំង​ នៅសង្កាត់ជ្រាវ ក្រុងសៀម​រាប​។ សមាជិករូបនោះ បន្ដថា អ្នកដែលបាញ់បោះសេរីទាំងនោះ​ជាមន្ដ្រីមន្ទីរកសិសកម្ម ខណៈពួកគេផឹកស្រវឹងពេលទៅកំសាន្ដនៅតំបន់នោះ។

ករណីនេះ ប្រធានមន្ទីរកសិកម្មខេត្ដសៀមរាប លោក ទា គឹមសុទ្ធ ដែលទើបកាន់តំណែងថ្មីបានបដិសេធពីការចោទប្រកាន់នេះ ដោយថា ការបាញ់បោះសេរីនោះ មិនមែនជាក្រុមរបស់លោកទេ។ លោកបន្ដទៀតថា លោកទៅតំបន់នោះទៅធ្វើការងារជាមួយសហគមន៍ និងមានមន្ដ្រីមន្ទីរសុរិយោដីខេត្ដ មន្ដ្រីអាជ្ញាធរជាតិអប្សរា និងសមាជិកសហគមន៍ជាច្រើនទៀត ដោយថា ក្រុមពួកលោក គ្មានអាវុធប្រើប្រាស់នោះឡើយ។

ទោះជាយ៉ាងនេះក្ដី ប្រធានសហគមន៍វប្បធម៌ទេសចរណ៍ធម្មជាតិ បឹង​ពារាំង លោក គង់ មង្គល ​ឲ្យដឹងថា ក្រុមបាញ់បោះសេរីនោះ គឺពួកគេបានទៅកំសាន្ដជាលក្ខណៈអ្នកទេ​សចរណ៍ ដែលមានលោក ទា គឹមសុទ្ធ ប្រ​ធានមន្ទីរកសិកម្មខេត្ដសៀមរាបផងដែរ។ លោកថាអ្នកទាំងនោះមានអាការៈស្រវឹងស្រាផង និងខឹងសមាជិកសគមន៍ហាមឃាត់មិនឲ្យរកត្រីក្នុងតំបន់ទេសចរណ៍ផងទើបមានការបាញ់បោះ។ លោកបន្ដថា សមាជិកសហគមន៍រើសបានសំបកគ្រាប់ចំនួន៤សំបកនៅក្នុងទូក  ប៉ុន្ដែមិនស្គាល់ម៉ាក។លោកចាត់ទុកជាទង្វើនេះជាគំរូអាក្រក់ដល់សហគមន៍ និងបង្កឲ្យមានការភ័យខ្លាចដល់ភ្ញៀវទេស​ចរណ៍ទៅវិញ មិនតែប៉ុណ្ណោះធ្វើឲ្យសត្វស្លាបផ្អើលចេញពីតំបន់អភិរក្សផងដែរ។

បើតាមសហគមន៍ឲ្យដឹងថា តំបន់ទេសធម្មជាតិបឹងពារាំង មានទំហំ៣៤០០ហិកតា ស្ថិត​នៅខាងជើងបឹងទន្លេសាប ក្នុងសង្កាត់ជ្រាវក្រុងសៀមរាប។ បឹងនោះជាកន្លែងអភិរក្សសត្វស្លាប និងមច្ឆាជាតិ ដែលមានការទាក់ទាញឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិទៅកំសាន្តជាបន្ដបន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ