យុវជនគិតថាការបោះឆ្នោតនៅអាមេរិកជាគំរូសម្រាប់ការបោះឆ្នោតនៅកម្ពុជា

ស្របពេលដែលដំណើរការបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៧និង២០១៨កាន់តែកៀកចូលមកដល់ការផ្សព្វផ្សាយអំពីចំណេះដឹងនៃការបោះឆ្នោតកំពុងតែត្រូវបានធ្វើឡើងជាបណ្តើរៗ។ ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ថម ម៉ាលីនូស្គី (Tom Malinowski) នៅព្រឹកថ្ងៃអង្គារនេះបានធ្វើជាវាគ្មិននៅក្នុងកម្មវិធីមួយរបស់សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាដែលប្រធានបទគឺនិយាយអំពីការបោះឆ្នោតនៅសហរដ្ឋអាមេរិកនាចុងឆ្នាំ២០១៦នេះ។

អ្នកចូលរួមប្រហែលជាជាង១០០នាក់ដែលភាគច្រើនគឺជាយុវជនបានបង្ហាញអំពីការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើប្រធានបទមួយនេះ ដោយពួកគេអះអាងថាការបោះឆ្នោតនៅអាមេរិកនឹងដើរតួនាទីជាគំរូប្រជាធិបតេយ្យមួយដ៏សំខាន់សម្រាប់ការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ ហើយសន្លឹកឆ្នោតរបស់យុវជនគ្រប់គ្នាជាកម្លាំងស្នូលក្នុងការផ្លាស់ប្តូរប្រទេសជាតិ។

និស្សិតឆ្នាំទី៣នៃដេប៉ាតឺម៉ង់សិក្សាអន្តរជាតិនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ម៉េង លី បង្ហាញពីគោលបំណងនៃចូលរួមក្នុងកម្មវិធីនេះថា លោកចង់ដឹងនិងរៀនសូត្របន្ថែមអំពីភាពខុសប្លែកគ្នានៃលទ្ធិប្រជាធិបតេយ្យក្នុងការបោះឆ្នោតនៅអាមេរិកនិងកម្ពុជាជាពិសេសគឺបញ្ហាសិទ្ធិមនុស្ស។

លោកនិយាយបន្ថែមថា៖ ខ្ញុំគិតថាក្នុងនាមជាប្រជាពលរដ្ឋ ខ្ញុំមានកាតព្វកិច្ច ខ្ញុំនឹងប្រើសិទ្ធបោះឆ្នោតខ្ញុំ ខ្ញុំនឹងចូលរួមធ្វើការបោះឆ្នោតដូចប្រជាជនដទៃដែរ ហើយខ្ញុំសង្ឃឹមថាការបោះឆ្នោតនេះ សំឡេងរបស់ខ្ញុំបាទនឹងត្រូវបានគេគោរព”។

ជាអ្នកតំណាងសភានិស្សិតនិងជានិស្សិតឆ្នាំទី៣ផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា កញ្ញា ឡំា សុវណ្ណី យល់ឃើញថាការស្វែងយល់អំពីការបោះឆ្នោតនៅអាមេរិកមានសារៈសំខាន់ ដោយហេតុថាកម្ពុជានឹងមានការបោះឆ្នោតនៅឆ្នាំក្រោយ ហើយអាមេរិកនឹងមានការបោះឆ្នោតថ្នាក់ជាតិនៅចុងឆ្នាំនេះ។ កញ្ញាគិតថាអ្វីដែលយុវជនអាចរៀនពីវគ្គសិក្សាមួយនេះពិតជាសំខាន់សម្រាប់ការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំដែលល្អសម្រាប់សង្គមជាតិ។

កញ្ញាបន្តថា៖ “សំឡេងយុវជនគឺជាសំឡេងមួយដែលជាសសរទ្រូងនៃប្រទេសជាតិគឺជាសំឡេងមួយដែលអាចធ្វើឲ្យរើសអ្នកដឹកនាំមួយដែលត្រឹមត្រូវដែលមានសមត្ថភាពក្នុងការដឹកនាំប្រទេសយើងពីប្រទេសមានភាពកំពុងអភិវឌ្ឍទៅជាប្រទេសដែលអភិវឌ្ឍ”។

បញ្ហាក្នុងការបោះឆ្នោតនេះ បើប្រៀបធៀបរវាងខ្មែរនិងអាមេរិក លោក ងួន ដារ៉ា និស្សិតឆ្នាំទី៣ ផ្នែកអក្សរសាស្រ្តអង់គ្លេសនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បង្ហាញការយល់ឃើញថាភាពដូចគ្នាគឺជាលក្ខណៈប្រជាធិបតេយ្យនៃការបោះឆ្នោត ពោលគឺមានការរៀបចំបោះឆ្នោតចូលរួមពីមហាជនដូចគ្នា ប៉ុន្តែអ្វីដែលខុសគ្នាគឺអាណតិ្តនៃការដឹកនាំរបស់បេក្ខជនដែលឈ្នះឆ្នោត។

លោកថា៖ “នៅកម្ពុជា Process (ដំណើរការ) នៃការបោះឆ្នោតទាក់ទងទៅនឹង Democracy (ប្រជាធិបតេយ្យ) គឺដូចគ្នាមែន ប៉ុន្តែទាក់ទងជាមួយនឹង Leader (អ្នកដឹកនាំ) ចង់ថាគាត់ជាប់ៗអត់មានកម្រិតឬក៏ឆ្នាំណាមួយដែលថា គាត់ត្រូវឈប់ក្នុងការដឹកនាំប្រទេស

ប៉ុន្តែនិស្សិតឆ្នាំទី១ផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យនេះដែរ កញ្ញា ផាន់ គីមហុង ហាក់យល់ឃើញខុសប្លែកបន្តិច ដោយកញ្ញាប្រាប់ថាប្រព័ន្ធបោះឆ្នោតនៅអាមេរិកទោះបីល្អក៏ពិតមែន ប៉ុន្តែមិនអាចយករបៀបធៀបនឹងប្រទេសខ្មែរដែលជាប្រទេសកំពុងអភិវឌ្ឍបាននោះទេ។ ទោះជាយ៉ាងនេះក្តី កញ្ញានៅតែមានជំនឿថា ប្រសិនបើមានការកែប្រែដោយយកចំណុចល្អរបស់គេមកប្រើ នោះប្រទេសកម្ពុជានឹងបានរីកចម្រើនជាងនេះ។

និស្សិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មរូបនេះយល់ថាយុវជនគួរតែស្វែងយល់អំពីបញ្ហានយោបាយ។ កញ្ញាថា៖ “ក្នុងនាមយើងជាយុវជននិងជាកូនខ្មែរមួយរូប យើងគួរតែងាកមកបញ្ហានយោបាយ ថ្វីត្បិតតែខ្ញុំជាសិស្សដែលរៀនផ្នែកមុខជំនួញពិតមែន ក៏ប៉ុន្តែខ្ញុំគិតថារឿងនយោបាយគឺជាកាតព្វកិច្ចរបស់មនុស្សគ្រប់រូបនៅក្នុងសង្គមមួយ

ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ថម ម៉ាលីនូស្គី (Tom Malinowski) មានប្រសាសន៍នៅក្នុងវេទិកានោះថាការបោះឆ្នោតនៅអាមេរិកគឺជារឿងដែលប្រទេសទូទាំងសកលលោកកំពុងចាប់អារម្មណ៍ ព្រោះលទ្ធផលយ៉ាងណានោះ វាមិនត្រឹមតែប៉ះពាល់ដល់អាមេរិកតែមួយទេ ប៉ុន្តែវាប៉ះពាល់ដល់ដំណើរការនៃសាកលលោកទាំងមូល។ លោកបន្ថែមទៀតថាប្រជាធិបតេយ្យមិនមែនជារូបចម្លាក់ដែលនៅនឹងរហូតទេលុះត្រាតែមានការចូលរួមថែរក្សាពីមហាជនទើបអាចនៅរហូតបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ