បក្ស​ប្រឆំាងជំរុញទៅរដ្ឋាភិបាលអនុវត្តច្បាប់​លើជនអន្តោប្រវេសន៍វៀតណាមឲ្យ​ម៉ឺងម៉ាត់

 

គណបក្សប្រឆំាងជំរុញទៅរដ្ឋាភិបាលពិនិត្យលើការអនុវត្តច្បាប់របស់មន្ត្រីក្រោមឱវាទ ក្នុងការគ្រប់គ្រងជនអន្តោប្រវេសន៍វៀតណាមដែលឆ្លងដែនមករស់នៅកម្ពុជា ដោយថា ជនបរទេសទាំងនោះ បានបង្កហិង្សាលើប្រជាពលរដ្ឋខ្មែរជាបន្តបន្ទាប់។

ក្នុងលិខិតមួយរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចុះថ្ងៃទី១៦ ខែសីហា ស្នើទៅប្រធានរដ្ឋសភាលោក ហេង សំរិន ជំរុញទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ចាត់វិធានការច្បាប់ ដោយធ្វើការពិនិត្យមើលមន្ត្រីក្រោមឱវាទរួមមាន មន្ត្រីក្រសួងមហាផ្ទៃ មន្ត្រីពន្ធនាគារ និងមន្ត្រីអន្តោប្រវេសន៍ លើការអនុវត្តតួនាទី និងគ្រប់គ្រងជនជាតិវៀតណាមជាច្រើនដែលឆ្លងដែនមករស់នៅនិងប្រកបមុខរបរផ្សេងៗ ក្នុងប្រទេសកម្ពុជាខុសច្បាប់យ៉ាងអនាធិបតេយ្យ ហើយបង្កហិង្សាលើជនជាតិខ្មែរ ដោយរំលោភបំពានច្បាប់ និងសិទ្ធិប្រជាពលរដ្ឋខ្មែរ៖”ករណីអំពើហិង្សាប្រព្រឹត្តដោយជនជាតិវៀតណាមនៅកម្ពុជាមកលើពលរដ្ឋខ្មែរ បង្ហាញពីការធ្វេសប្រហែស និងខ្វះការទទួលខុសត្រូវនៃមន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃលើការអនុវត្តតួនាទីរបស់ខ្លួន ក្នុងការគ្រប់គ្រងជនជាតិវៀតណាមឆ្លងដែនខុសច្បាប់មករស់នៅកម្ពុជា ហើយបង្កហិង្សាលើពលរដ្ឋខ្មែរម្ចាស់ទឹកដីទំាងនៅតាមព្រំដែន និងនៅក្នុងពន្ធនាគារ ដែលជារឿងធ្វើឲ្យពលរដ្ឋខ្មែរអស់ជំនឿលើរដ្ឋាភិបាល”។

ក្នុងលិខិតដដែល បានលើកជាឧទាហរណ៍ជាក់ស្តែងថា កាលពីថ្ងៃទី៧ ខែសីហានេះជនវៀតណាមមួយក្រុមបានបង្កហិង្សាលើបុរសជនជាតិខ្មែរម្នាក់ស្លាប់នៅខេត្តព្រៃវែង និងស្ត្រីជាភិរិយាដែលមានគភ៌របួសជាទម្ងន់។ ចំណែក មូយករណីទៀត វៀតណាមមួយក្រុមដែលជាប់ពន្ធនាគារព្រៃស ក៏បានប្រើហិង្សាលើព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយអង្គនៅក្នុងពន្ធនាគារជាមួយគ្នា កាលពីថ្ងៃទី១៨ ខែសីហា បណ្តាលឲ្យព្រះសង្ឃនោះសម្លប់បាត់បង់ស្មារតី។

តំណាងរាស្ត្រគណបក្សជំទាស់លោក សុន ឆ័យ មានប្រសាសន៍បន្ថែមលើខ្លឹមសារលិខិតនោះថា ករណីជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់បង្កហិង្សាលើជនជាតិខ្មែរនៅក្នុងទឹកដីកម្ពុជាជាពិសេសក្នុងពន្ធនាគារ ជារឿងចំឡែកមួយដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវពិនិត្យលើករណីនេះឲ្យបានម៉ឺងម៉ាត់និងមានតម្លាភាពលើមន្ត្រីក្រោមឱវាទ ដោយលោកថា បើរកឃើញមានភាពមិនប្រក្រតីក្រសួងត្រូវចាត់វិធានការច្បាប់លើមន្ត្រីខ្លួននិងអ្នកប្រព្រឹត្តបទល្មើសនោះ ដើម្បីផ្តល់យុត្តិធម៌ឲ្យជនរងគ្រោះ៖”វាត្រូវតែមានដាក់ទោសពិន័យ ហើយក្រៅពីហ្នឹងក៏ដូចគ្នាដែរ អាជ្ញាធរត្រូវតែកុំឲ្យទៅការពារជនជាតិវៀតណាមខុសច្បាប់ ទំាងនេះត្រូវតែរកយុត្តិធម៌តាមផ្លូវច្បាប់ កុំឲ្យខ្លាចញញើតពួកវៀតណាមដែលមកធ្វើបាបខ្មែរត្រូវយកច្បាប់ជាមូលដ្ឋានដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ ដូច្នេះក្នុងន័យនេះហើយ ដែលយើងជាតំណាងរាស្ត្រត្រូវតែធ្វើ យើងអត់ធ្វើ អត់បានទេ”។

យ៉ាងណាក៏ដោយ លោក សុន ឆ័យ សង្ឃឹមថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង នឹងឆ្លើយតបមកវិញជាលាយលក្ខណ៍អក្សរយ៉ាងយូមួយសប្តាហ៍។

VOD បានទាក់ទងទៅប្រធានផ្នែកស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃនាយកដ្ឋានអន្តោប្រវេសន៍ លោក អ៊ុក ហៃសីឡា និងលោក ចាន់ គឹមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដែរ  តែទូរសព្ទចូលច្រើនដងមិនមានអ្នកទទួល។

ស្ថិតិនៃការជំរឿនជនអន្តោប្រវេសន៍នៅកម្ពុជាទូទាំងរាជធានី ខេត្ត របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ពីខែមីនា ឆ្នាំ ២០១៥ ដល់ខែសីហា ឆ្នាំ ២០១៦ នេះ បានរកឃើញថា ជនអន្តោប្រវេសន៍ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា មានចំនួនសរុបជាង១៦ម៉ឺននាក់ (១៦០ ៨៧២ នាក់ ស្មើនឹង ៤៦,៥១៦ គ្រួសារ) ដោយក្នុងនោះមានជនជាតិតិវៀតណាម ៩៩.៤៩ ភាគរយ ក្នុងចំណោម២៥ សញ្ជាតិ។ កន្លងមក គណបក្សសង្គ្រោះជាតិនិងសង្គមស៊ីវិល រកឃើញថា  វៀតណាមស្នាក់នៅកម្ពុជាមានជាង១លាននាក់៕

 

 

 

 

 

 

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ