កម្ពុជាចេញកំណត់ទូតលើកទី២៣ស្នើឲ្យវៀតណាមឈប់រំលោភតំបន់ហាមឃាត់ជាប់ព្រំដែន

(រូបភាពឯកសារ) បង្គោលព្រំដែនកម្ពុជា-វៀតណាម

កម្ពុជាបានចេញកំណត់ទូតថ្មីទៀតលើកទី២៣ ស្នើឲ្យវៀតណាមឈប់សាងសង់ប៉ុស្តិ៍យាមនិងបើកដៃឲ្យពលរដ្ឋរបស់ខ្លួនរំលោភលើតំបន់ហាមឃាត់ជាប់ព្រំដែន ខណៈវៀតណាមនៅតែបន្តសាងសង់ប៉ុស្តិ៍យោធានៅតំប់ហាមឃាត់ជាប់ខេត្តរតនគិរីនៅឡើយ។

កន្លងទៅកម្ពុជាធ្លាប់ផ្ញើកំណត់ទូតស្នើឲ្យវៀតណាមបញ្ឈប់ធ្វើប៉ុស្តិ៍យាម ជីកស្រះ និងធ្វើផ្លូវ រំលោភតំបន់ហាមឃាត់ជាប់ព្រំដែននៅខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្តកណ្តាល និងខេត្តតាកែវ។

ប៉ុន្តែភាគីវៀតណាមហាក់នៅតែបន្តសកម្មភាពនេះ ពិសេសការសាងសង់ប៉ុស្តិ៍យាមចំនួនពីរទៀតនៅតំបន់ហាមឃាត់ក្នុងស្រុកអូយ៉ាដាវ ក្នុងខេត្តរតនគិរី នៅខែសីហានេះ។

កំណត់ទូតថ្មីទៀតកម្រាស់៤ទំព័រចុះថ្ងៃទី១៨ខែសីហា ក្រសួងការបរទេសកម្ពុជាបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាសូមស្នើរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមជាថ្មីទៀតឲ្យបញ្ឈប់កម្មភាពសាងសង់ជាបន្ទាន់ ដែលកម្ពុជាថាដើម្បីឲ្យស្ថានភាពបរិស្ថាននៅតំបន់នោះមានភាពដូចដើមវិញ។

កំណត់ទូតកម្ពុជារំឭកថា ភាគីវៀតណាមត្រូវចាត់វិធានការរារាំងកុំឲ្យពលរដ្ឋរបស់ខ្លួនចូលមកដាំដុះឬធ្វើសកម្មភាពនៅតំបន់ព្រំដែនដែលមិនទាន់បានកំណត់ខណ្ឌសីមានិងបោះបង្គោលព្រំដែន ក្នុងស្មារតីមិត្តភាពជាអ្នកជិតខាង។

កម្ពុជារំឭកទៀតថា ភាគីវៀតណាមត្រូវគោរពតាមលទ្ធផលនៃកិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានិងបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០១៦នៅទីក្រុងហូជីមិញ ដែលកម្ពុជាថាកិច្ចប្រជុំនោះថ្នាក់ដឹកនាំនៃប្រទេសទាំងពីបានឯកភាពគ្នាស្នើសុំបារាំងផ្តល់អ្នកជំនាញបច្ចេកទេសខាងផែនទីមកចម្លងខ្សែផែនទី បោន ខ្នាត ១/១០០ ០០០ ទៅផែនទី UTM ១/៥០ ០០០ នៅចន្លោះបង្គោលព្រំដែលលេខ៣០-៤០ក្នុងខេត្តរតនគិរី និងបង្កោលព្រំដែនលេខ ១៣៨-១៤៧ ក្នុងខេត្តស្វាយរៀង។

អ្នកស្រាវជ្រាវកិច្ចការព្រំដែនរបស់រដ្ឋាភិបាលនៅរាជបណ្ឌិត្យសភា លោក សុខ ទូច លើកឡើងថាវៀតណាមតែងតែយកបញ្ហាព្រំដែននេះបង្កើនប្រៀបលើកម្ពុជា ពេលមានស្ថានការណ៍នយោបាយតានតឹង។

ប៉ុន្តែលោកថាការប្រើប្រាស់កំណត់ទូតជាជម្រើសល្អរបស់កម្ពុជា បើទោះបីភាគីម្ខាងទៀតមិនឆ្លើយតបជាវិជ្ជមានក៏ដោយ។

លោកបន្តថា៖ «វៀតណាមចង់ប្រើប្រាស់ការធ្វើព្រំដែន ធ្វើជាជញ្ចីងតថ្លៃគោលនយោបាយការបរទេស។ ហើយចំនុចមួយទៀតវៀតណាមតែងតែគឃ្លើន ធ្វើអីក៏ដោយគឺអត់បានពិគ្រោះយោបល់ជាមួយប្រទេសជាដៃគូទេ ហើយវៀតណាមមើលស្រាលកម្ពុជា ដែលយើងបាននិយាយ[គ្នាហើយ]ថាយើងចង់បានព្រំដែនមួយទៅជាព្រំដែនសន្តិភាព។ ប៉ុន្តែវៀតណាមអត់បានគិតរឿងហ្នឹងទេ គឺគាត់[វៀតណាម]ធ្វើអ្វីក៏ដោយ អត់បានគោរពអធិបតេយ្យភាពរបស់កម្ពុជា»

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថាការដែលវៀតណាមផ្តើមបង្កើនកំដៅតាមព្រំដែនឡើងវិញ លោកថាមកពីរដ្ឋាភិបាលកម្ពុជាពេលនេះកំពុងងាកទៅរកមហាអំណាចចិនដែលចិនជាគូជម្លោះរបស់វៀតណាមក្នុងបញ្ហាសមុទ្រចិនខាងត្បូង។ លោកថាម៉្យាងទៀត វៀតណាមចង់បង្ហាញថា កម្ពុជាមិនអាចងាកទៅចិន ដោយបំភ្លេចបង្កើនទំនាក់ទំនងល្អជាមួយប្រទេសគេនោះបានទេ។

សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក វង់ សុធារ៉ា លើកឡើងដែរថាការប្រើកំណត់ទូត ដើម្បីដោះស្រាយវិវាទព្រំដែនលោកថាជារឿងល្អ ដើម្បីកុំឲ្យប្រទេសដែលមានឥទ្ធិពលយកឱកាសនោះ វាយបករំលោភកាន់តែខ្លាំងដូចពីអតីតកាល។

ប៉ុន្តែសាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនោះរំឭកថាស្ថានការបច្ចុប្បន្ននេះ រដ្ឋាភិបាលអាចពឹងភាគីទី៣ ដើម្បីដាក់សម្ពាធឲ្យដៃគូដែលមានប្រៀប គោរពកិច្ចព្រមព្រៀង បើយន្តការប្រើប្រាស់កំណត់ទូតលែងមានប្រសិទ្ធិភាព។

លោកថា៖ «មានតែប្រើយន្តការមហាអំណាចប្រទេសទី៣ហ្នឹង គេជួយយើងទេបានបាន ហើយបើមិនអញ្ចឹងទេ យើងនូវតែបង់ខាតអញ្ចឹងទេ ពីព្រោះប្រទេសខ្លាំង គេមិនដែលទៅគោរពទៅលើកិច្ចព្រមព្រៀងនៅលើក្រដាសហ្នឹងទេ សំខាន់អ្នកខ្លាំងគាត់ចង់ធ្វើនូវអ្វីដែលគាត់ចង់ធ្វើ»

បើតាមក្រសួងការបរទេសកម្ពុជា ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៥ កម្ពុជាបានផ្ញើកំណត់ទូតចំនួន៨ទៅវៀតណាមឲ្យបញ្ឈប់ធ្វើប៉ុស្តិ៍រដ្ឋបាលចំនួនពីរនៅតំបន់ដាក់ដាង ដាកហ៊ូត ជាប់ខេត្តរតនគិរី។ ពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៦ កម្ពុជាបានធ្វើកំណត់ទូតចំនួន១៥ទៀតទៅភាគីវៀតណាម ក្នុងនោះកំណត់ទូត៧ស្នើឲ្យបញ្ឈប់ជីកស្រះនិងផ្លូវបេតុងនៅខេត្តរតនគិរី កំណត់ទូត៤ស្នើឲ្យវៀតណាមបញ្ឈប់ធ្វើផ្លូវនៅខេត្តស្វាយរៀង និង៤ទៀតស្នើឲ្យបញ្ឈប់សាងសង់ប៉ុស្តិ៍យោធានៅខេត្តកណ្តាលនិងប៉ុស្តិ៍នៅស្រុកបុរីជលសារ ខេត្តតាកែវ។

យ៉ាងណាក៏ដោយប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង អះអាងថានៅចុងខែសីហានេះមន្ត្រីជំនាញកម្ពុជា-វៀតណាម នឹងបើកកិច្ចប្រជុំមួយនៅរាជាធានីភ្នំពេញ ដើម្បីពិភាក្សាបញ្ហានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ