ការវាយតម្លៃ៖ ភ្នំពេញនៅតែស្ថិតក្នុងចំណាត់ថ្នាក់អាក្រក់នៃការរស់នៅ

ទីក្រុងភ្នំពេញត្រូវបានស្ថាប័នបរទេសវាយតម្លៃថា នៅតែស្ថិតក្នុងចំណាត់ថ្នាក់អាក្រក់ដដែល ដោយសារកម្រិតនៃអំពើពុករលួយ ការគំរាមកំហែងផ្នែកយោធា ចលាចលក្នុងសង្គម និងការប្រឈមដាក់គ្នារវាងគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា។

ក្រុមអ្នកសេដ្ឋកិច្ចស្រាវជ្រាវ និងវិភាគស្ថានការណ៍ពិភពលោក (Economist Intelligence Unit) បានផ្សព្វផ្សាយរបាយការណ៍កាលពីម្សិលមិញពីការដាក់ចំណាត់ថ្នាក់ពិភពលោកប្រចាំឆ្នាំ២០១៥ស្តីពីភាពដែលអាចរស់នៅបាន (Global livability Ranking)។ របាយការណ៍ឲ្យដឹងថា ទីក្រុងភ្នំពេញជាប់ចំណាត់ថ្នាក់លេខ១២៧ ក្នុងចំណោមរដ្ឋធានី និងមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន១៤០។  នេះជាតួលេខបង្ហាញឲ្យឃើញថា ទីក្រុងភ្នំពេញនៅតែស្ថិតក្នុងចំណាត់ថ្នាក់អាក្រក់នៅឡើយ។

ការដាក់ចំណាត់ថ្នាក់នេះត្រូវបានធ្វើឡើងដោយផ្អែកលើភាពដែលអាចទទួលបាន និងគុណភាពនៃការគាំពារសុខភាពសាធារណៈ និងឯកជន ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ បរិស្ថាន និងស្ថិរភាព។

ប្រធានក្រុមអ្នកស្រាវជ្រាវសេដ្ឋកិច្ច និងវិភាគស្ថានការណ៍ពិភពលោកប្រចាំអាស៊ាន លោក Miguel Chanco ត្រូវបានខេមបូឌាដេលីដកស្រង់សម្តីថា ចំណាត់ថ្នាក់មិនល្អរបស់ទីក្រុងភ្នំពេញនេះ គឺដោយសារបញ្ហាពុករលួយ និងការវិវឌ្ឍតិចតួចលើវិស័យនានា។ ក្នុងនោះ លោកក៏បានលើកឡើងអំពីរូបភាពគំរាមកំហែងផ្នែកយោធា ចលាចលក្នុងសង្គម និងការប្រឈមដាក់គ្នារវាងគណបក្សនយោបាយ ដែលសុទ្ធសឹងជាកត្តាដែលធ្វើឲ្យភ្នំពេញត្រូវបានចាត់ក្នុងចំណាត់ថ្នាក់អាក្រក់នេះដដែល។

ឆ្លើយតបនឹងការវាយតម្លៃទីក្រុងភ្នំពេញនូវចំណាត់ថ្នាក់មិនល្អនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ច័ន្ទយ៉ាដា មានប្រសាសន៍ថា កាវាយតម្លៃរបស់បរទេសជារឿងមិនគួរឲ្យភ្ញាក់ផ្អើលអ្វីនោះទេ ដោយថាអ្វីដែលសំខាន់បំផុតគឺប្រជាពលរដ្ឋរស់ដោយសេចក្តីសុខ។ លោកថា លោកមិនដឹងថា តើការវាយតម្លៃនេះពឹងផ្អែកលើអ្វីខ្លះទេ។

លោកនិយាយថា៖ “គាត់ថារឿងហេដ្ឋារចនាសម្ព័ន្ធយើងមិនធ្វើ សេវាឡានក្រុងអីមិនធ្វើ អាហ្នឹងរឿងរបស់គាត់ យើងសព្វថ្ងៃនេះ យើងកំពុងដុតដៃដុតជើងខ្លាំងបំផុតហើយលើការងារទាំងអស់ហ្នឹង ហើយគាត់នៅមើលមិនឃើញទៀត យើងមិនដឹងថាគាត់វាយតម្លៃផ្អែកលើអ្វីខ្លះ ហើយគាត់បានជួបជាមួយមន្រ្តីរដ្ឋបាលរាជធានីដើម្បីពិភាក្សា ឬក៏គាត់ជួបតែអ្នកឲ្យព័ត៌មានអវិជ្ជមានទៅ”

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល យល់ឃើញថា ការដាក់ពិន្ទុឬវាយតម្លៃទីក្រុងមួយ គេមិនមែនមើលតែមួយជ្រុងហើយមកវាយតម្លៃទេ ដោយលោកថា គេមើលករណីផ្សេងៗក្នុងទីក្រុងដូចជាសន្តិសុខ អនាម័យ ការគោរពច្បាប់។ លោកយល់ស្របថា បញ្ហាពុករលួយពិតជាឬសគល់នៃបញ្ហាអភិវឌ្ឍទីក្រុងពិតមែន។

លោកនិយាយថា៖ “បញ្ហាអំពើពុករលួយហ្នឹងក៏ប្រាកដជាមាននៅក្នុងហ្នឹងដែរ អញ្ចឹងយើងត្រូវដោះស្រាយបញ្ហាធំៗហ្នឹង ខ្ញុំក៏យល់ឃើញថាបញ្ហាពុករលួយជាឬសគល់នៃបញ្ហាដទៃទៀតដែរ អញ្ចឹងបានគេឲ្យទម្ងន់ទៅលើបញ្ហាពុករលួយនេះជាសន្ទស្សដែលសំខាន់ ជាទឡ្ហីករណ៍ដែលសំខាន់ អញ្ចឹងមិនមានអីដែលចម្លែកទេ”

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និង សន្តិភាព លោក យង់ គិមអេង បង្ហាញពីក្តីព្រួយបារម្ភថា ចំណាត់ថ្នាក់មិនល្អនៃទីក្រុងភ្នំពេញអាចនឹងធ្វើឲ្យបរទេសមានការភ័យខ្លាចក្នុងការមកកាន់ប្រទេសកម្ពុជា ជាពិសេសគឺវិនិយោគគិន។ លោកស្នើឲ្យរដ្ឋាភិបាលកែលម្អចំណុចខ្វះខាតដែលខាងអ្នកវាយតម្លៃពិភពលោកនោះបានលើកឡើង ដើម្បីឲ្យពិន្ទុរបស់កម្ពុជាកើនឡើងជាងមុន។

លោកនិយាយថា៖ “បើសិនជារបាយការណ៍គេបង្ហាញមិនសូវល្អ ហើយពាក់ព័ន្ធរឿងពុករលួយរឿងអីហ្នឹងគឺធ្វើឲ្យអ្នកដែលមកវិនិយោគ អ្នកដែលមកកម្ពុជាហ្នឹង មានការខ្លាចរអា ឬក៏មានមន្ទិលក្នុងការមកកាន់ប្រទេសកម្ពុជា មកធ្វើទស្សនកិច្ចអីផ្សេងៗ”

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ