លោក ហ៊ុន សែន៖ បាតុកម្ម! ចរចា! បើអញចរចា ឆ្កែសុទ្ធ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោកនាយករដ្ឋន្រ្តី ហ៊ុន សែន បានប្រកាសជាថ្មីទៀតថា គ្មានទេការចរចា ប្រសិនបើគណបក្សប្រឆាំងនៅតែព្រមានធ្វើបាតុកម្ម ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលវិលចូលតុចរចានោះ។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតដែលធ្វើឡើងវិទ្យាស្ថានជាតិអប់រំនៅថ្ងៃចន្ទនេះ លោក ហ៊ុន សែន បានថ្លែងថា គណបក្សប្រឆាំងគំរាមគណបក្សកាន់អំណាចឲ្យចូលតុចរចារចា ប៉ុន្តែលោកថាមិនអាចទៅរួចនោះទេ។ លោកថ្លែងថា៖ “គំរាមគេធ្វើបាតុកម្មដើម្បីចរចា! អត់ផ្លូវទេអាពៅ និយាយគ្នាឲ្យច្បាស់ ចង់ចរចានិយាយគ្នាឲ្យត្រង់ និយាយឲ្យស្រួល បាតុកម្ម! ចរចា! បើអញចរចា ឆ្កែសុទ្ធហាស! ប្រាប់ឲ្យហើយទៅ!កន្លែងតែមួយគត់ គឺសភា“។

គណបក្សសង្រ្គោះជាតិបានប្រកាសថា បាតុកម្មនឹងកើតមានឡើងដរាបណាមិនទាន់មានដំណោះស្រាយផ្នែកនយោបាយដែលសំដៅដល់ការបង្ខាំងខ្លួនលោក កឹម សុខា ដោយខ្លួនឯងនៅតែក្នុងស្នាក់ការបក្សនិងការឃុំខ្លួនតំណាងរាស្ត្រ២រូបនិងសកម្មជនបក្សនេះជិត២០នាក់ទៀត។

អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ ឆ្លើយតបនៅថ្ងៃនេះថា គណបក្សនេះមិនចង់ធ្វើបាតុកម្មទេ តែថាគ្មានជម្រើសអ្វីផ្សេងក្រៅពីនេះ បើគណបក្សកាន់អំណាចមិនព្រមចរចា។

លោកថ្លែងថា៖ “មិនមានការគម្រាមកំហែងធ្វើបាតុកម្មទេ ក្នុងឆន្ទៈនយោបាយរបស់គណបក្សសង្រ្គោះជាតិគឺចង់ជម្រុញវប្បធម៌សន្ទានហើយនឹងដោះស្រាយដោយការចរចា មិនចង់ជ្រើសរើសយកមធ្យោបាយធ្វើមហាបាតុកម្មដើម្បីមកដោះស្រាយបញ្ហាទេ នេះជាចេតនាពិតប្រាកដ សូមឲ្យយកចំនុចចេតនាពិតប្រាកដហ្នឹង ដើម្បីយកទៅពិចារណាជជែកគ្នាទៅ”។

កាលពីសប្តាហ៍មុន ប្រទេសចំនួន៣៦ដែលជាមហាអំណាចសេដ្ឋកិច្ចនិងប្រជាធិបតេយ្យផងនោះបាននាំគ្នាចេញសេចក្តីថ្លែងការណ៍រួម ទទួចឲ្យមានដំណោះស្រាយស្ថានការណ៍នយោបាយនៅកម្ពុជា។

សហរដ្ឋអាមេរិក អាល់បានី អូស្រ្តាលី ជប៉ុន កាណាដា ម៉ាសេដូនី ណ័រវ៉េ ស្វីស អ៊ុយក្រែន និងប្រទេសចំនួន២៨ ជាសមាជិកនៃសហភាពអឺរ៉ុបបានបង្ហាញជំហររួមគ្នាថា ស្ថានការណ៍នយោបាយនៅកម្ពុជាបានគំរាមកំហែងសកម្មភាពស្របច្បាប់របស់គណបក្សប្រឆាំងនិងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការផ្នែកសិទ្ធិមនុស្ស។ ពួកគេបានជំរុញរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាធានាដំណើការបោះឆ្នោតឲ្យប្រព្រឹត្តិទៅដោយសេរីនិងយុត្តិធម៌ ធានាភាពស្របច្បាប់ដល់រដ្ឋាភិបាលកើតក្រោយការបោះឆ្នោត ធានាចំពោះមុខពលរដ្ឋរបស់ខ្លួននិងសហគមន៍អន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ