ប្រធានាធិបតី​ហ្វីលីពីនស្នើសុំពេល៦​ខែបន្ថែមទៀត ដើម្បី​បោសសម្អាត​បញ្ហា​គ្រឿងញៀន​ឲ្យអស់

មេដឹកនាំ​ហ្វីលីពីន លោក Rodrigo Duterte (រូបភាពពី AFP)

ប្រធានាធិបតីហ្វីលីពីនសុំពេលបន្ថែម៦ខែទៀត ដើម្បីបោសសម្អាតករណីបទឧក្រិដ្ឋគ្រឿងញឿន ខណៈលោកកាន់តំណែងប្រមាណជិត៣ខែមកបានសម្លាប់អ្នកពាក់ព័ន្ធគ្រឿងញៀនអស់ជាង៣០០០នាក់។

សារព័ត៌មាន Asian Correspondent បានដកស្រង់សម្ដីរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌើទើតេ ឲ្យដឹងថ្ងៃចន្ទនេះថា៖ «សូមផ្ដល់ពេលវេលាឲ្យខ្ញុំ៦ខែទៀត។ រយៈពេល៣ទៅ៦ខែមកនេះ ខ្ញុំមិនបានដឹងថាបញ្ហាគ្រឿងញៀនមានលក្ខណៈធ្ងន់ធ្ងរនៅក្នុងរបបសាធារណរដ្ឋបែបនេះនោះទេ គឺរហូតដល់ក្លាយជាប្រធានាធិបតី ទើបខ្ញុំយល់ច្បាស់»។

ប្រសាសន៍របស់លោកប្រធានាធិបតីធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនៅក្នុងទីក្រុង Davao ប្រទេសហ្វីលីពីន ក្រោយពេលមានការដោះលែងបុរសជនជាតិន័រវែសម្នាក់ឈ្មោះ Kjartan Sekkingstad ពីសំណាក់ពួកចលនាឧទ្ទាមភេរវកម្ម អាប៊ូ សាយ៉ាស់ កាលពីថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា កន្លងទៅ។

លោកប្រធានាធិបតីក៏បានបង្ហើបឲ្យដឹងនូវបញ្ជីទី៣នៃឈ្មោះមន្ត្រីសាធារណៈជាច្រើនរូប បន្ថែមពីលើបញ្ជីចំនួន២ដែលលោកបានចេញផ្សាយកាលពីលើកមុន រួមមានមន្ត្រីយោធា អ្នកធ្វើច្បាប់ និងចៅក្រម ដែលសុទ្ធសឹងតែជាអ្នកដែលលោកចោទថាមានជាប់ទាក់ទិននឹងរឿងរកស៊ីគ្រឿងញៀន។

ចាប់តាំងពីការឡើងកាន់តំណែងរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌើទើតេ មានជនសង្ស័យគ្រឿងញៀនប្រមាណ៣ពាន់នាក់ហើយ ត្រូវបានសម្លាប់។ ចំណែកមនុស្សជាង៧សែននាក់បានចូលសារភាពខ្លួនជាមួយអាជ្ញាធរមូលដ្ឋាន ដោយសារតែភ័យខ្លាចអាជ្ញាធរបាញ់សម្លាប់ចោលនៅហ្នឹងកន្លែង។

Asian Correspondent ចុះផ្សាយសម្ដីលោកប្រធានាធិបតីទៀតថា «បើទោះបីជាខ្ញុំចង់ ខ្ញុំនៅតែមិនអាចសម្លាប់ឧក្រិដ្ឋជនគ្រឿងញៀនឲ្យអស់នោះទេ ពីព្រោះថារបាយការណ៍ចុងក្រោយមានកម្រាស់ក្រាស់ដូចនេះ។ យើងមានអ្នកនយោបាយជាប់ទាក់ទងគ្រឿងញៀនជាច្រើននៅក្នុងអង្គភាពរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ហើយនោះគឺជាក្រុមប្រធានភូមិ Barangay ដែលយើងប្រហែលជានឹងត្រូវចាប់ផ្ដើមកម្ទេចចោល»។

សមបញ្ជាក់ផងដែរថា យុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីនបានទទួលការរិះគន់យ៉ាងចាស់ដៃពីមជ្ឈដ្ឋានអន្តរជាតិ រួមទាំងសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិផង។ លើសពីនេះទំនាក់ទំនងការទូតរវាងហ្វីលីពីន-អាមេរិក ក៏ហាក់ដូចជាប្រេះឆាយ៉ាងខ្លាំង បន្ទាប់ពី លោក ឌើទើតេ បានហៅប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូប៉ាម៉ា ថាជា “កូនស្ត្រីពេស្យា” នៅមុនពេលជំនួបប្រជុំកំពូលអាស៊ាន កាលពីពេលថ្មីៗនេះ ខណៈលោក អូប៉ាម៉ា ត្រៀមលើកយកបញ្ហារំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសហ្វីលីពីនមកពិភាក្សា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ