ស៊ុយអែតពិចារណាពីទំនាក់ទំនងជាមួយកម្ពុជាបើរំលាយបក្សប្រឆាំង

ដោយ លោក ហួត វុទ្ធី​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 11:49 AM | នយោបាយសិទ្ធិមនុស្ស | 0 | 10412 លោកស្រី អេននីកា ប៊ិន ដេវីត (Annika Ben David) អគ្គរាជទូតទទួលបន្ទុកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ

ប្រទេសស៊ុយអែតនឹងពិចារណាពីទំនាក់ទំនងជាមួយប្រទេសកម្ពុជា បើសិនជារំលាយបក្សប្រឆាំងនិងថាអាចប៉ះពាល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ បើស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យកាន់តែអាក្រក់។

នៅក្នុងសន្និសីទសារព័ត៌មាន​នៅឯស្ថានបេសកកម្មស៊ុយអែត នៅ​រសៀលថ្ងៃព្រហស្បតិ៍នេះ លោកស្រី អេននីកា ប៊ិន ដេវីត (Annika Ben David) អគ្គរាជទូតទទួលបន្ទុកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ មានប្រសាសន៍ថា លោកស្រីបានជួប និង​ប្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជាថា «នៅពេលណាគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ស៊ុយអែតនឹងគិតឡើងវិញពីទំនាក់ទំនងជាមួយកម្ពុជា»។

លោកស្រី អេននីកា បន្តថាក្នុងជំនួបនោះ លោកស្រីបានលើកឡើងពីការព្រួយបារម្ភចំពោះស្ថានការណ៍វិវដ្តថ្មីៗនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នដែលអាចនាំឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជាជាអវិជ្ជមាននៅលើឆាកអន្តរជាតិ។

លោកស្រីបន្ថែមថា ចំពោះការរឹតបន្តឹងទៅលើសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយដែលកំពុងតែកើតមាននៅប្រទេសកម្ពុជាពេលនេះ គឺជាការបញ្ជូននូវសារអវិជ្ជមានមួយទៅដល់អតិថិជន ដៃគូអភិវឌ្ឍន៍ ឬអ្នកវិនិយោគទុនបរទេស ផ្សេងៗ ដែលនេះវានឹងបង្ករការប៉ះពាល់ដល់ការរីកចំរើនសេដ្ឋកិច្ចកម្ពុជា។

វីអូឌី មិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បាននៅឡើយល្ងាចនេះ ដោយទូរសព្ទចូលមិនមានអ្នកទទួល។​

សូមរំលឹកថា ជំនួបសិទ្ធិមនុស្សលើកទី៦ ទ្វេរភាគីរវាងប្រទេសស៊ុយអែតនិងកម្ពុជានៅទីក្រុងភ្នំពេញកាលពីថ្ងៃទី១៦ដល់១៨ តុលា កន្លងទៅនេះ មានការជជែកពីសមភាពយេនឌ័រអ្នកស្រឡាញ់ភេទដូចគ្នា សិទ្ធិទទួលបានព័ត៌មាន សិទ្ធិការងារ ការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស និងការរៀបចំរបាយការណ៍ទៅអង្គការសហប្រជាជាតិ។

ប្រទេសស៊ុយអែតមានទំនាក់ទំនងការទូតជាមួយប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៦១ និងបានផ្តល់ជំនួយមនុស្សធម៌នៅដើមទស្សវត្តទី៨០។ ជំនួយអភិវឌ្ឍជាច្រើនឆ្នាំកន្លងមកនេះ មានទំហំទឹកប្រាក់រាប់រយលានដុល្លារ៕

សរសេរមកកាន់ លោក ហួត វុទ្ធី តាមរយៈ hourtvuthy@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required