ថៃ​ពង្រឹង​វិន័យ​សង្ឃ​បន្ថែម​ទៀត​នៅ​មុន​ពិធី​បូជា​ព្រះ​សព​អតីត​ក្សត្រ​ថៃ

ស្ថិត​នៅ​ក្រោម​សម្ពាធ​កាន់​តែ​ខ្លាំង​ពី​រដ្ឋាភិបាល​យោធា​ថៃ និង​ស្ថាប័ន​ពុទ្ធសាសនា​ក្នុង​ប្រទេស​នេះ ព្រះ​សង្ឃ​ថៃ បាន​ចាប់​ផ្ដើម​កំណែ​ទម្រង់​ថ្មី​មួយ​នៅ​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ដើម្បី​សម្អាត​ព្រះវិហារ និង​វិស័យ​ពុទ្ធសាសនាដែល​ឡោម​ព័ទ្ធ​ទៅ​ដោយ​រឿង​អាស្រូវ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​រាយការណ៍​ថា ពុទ្ធសាសនា​មាន​អ្នក​គោរព​ប្រតិបត្តិ​ដល់​ទៅ​ជាង ៩០​ភាគរយ​នៅ​ក្នុង​ចំណោម​ប្រជាជន​ថៃ​ទាំង​មូល ដោយ​ធ្វើ​ឲ្យ​សាសនា​នេះ គ្រប​ដណ្ដប់​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​ថៃ។

ទោះជាយ៉ាងណា រូបភាព​ពុទ្ធសាសនា​ក្នុង​ប្រទេស​នេះ បាន​ខូច​ខាត​ជុំ​វិញ​រឿង​អាស្រូវ​ផ្លូវ​ភេទ​ពាក់​ព័ន្ធ​នឹង​ព្រះ​សង្ឃ និង​ការ​ចោទ​ប្រកាន់​អំពី​ការ​លាង​លុយ​កខ្វក់ ធ្វើ​ឡើង​ដោយ​អតីត​ចៅអធិការ​វត្ត​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​ថៃ។

Reuters បាន​បន្ថែម​ថា រឿង​អាស្រូវ​ទាំង​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​អំពាវ​នាវ​​ឲ្យ​ត្រួត​ពិនិត្យ​ឲ្យ​បាន​តឹង​រឹង​ថែម​ទៀត​ទៅ​លើ​ហិរញ្ញវត្ថុ​របស់​វត្ត​អារាម​រាប់​ពាន់​កន្លែង​នៅ​ទូទាំង​ប្រទេស ដែល​វត្ត​អារាម​ទាំង​នោះ ក៏ជា​ទី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ។

ចាប់​តាំង​ពី​ខែ​កញ្ញា​មក ព្រះ​សង្ឃ​ជាន់​ខ្ពស់​ក្នុង​ប្រទេស​នេះ បាន​ដាក់​បញ្ជា​ឲ្យ​ពង្រឹង​វិន័យ​បន្ថែម​ទៀត​សម្រាប់​ព្រះ​សង្ឃ​ជាង ៣​សែន​អង្គ និង​វត្ត​អារាម​ប្រហែល ៤​ម៉ឺន​កន្លែង។

ការ​ពង្រឹង​វិន័យ​សង្ឃ​នេះ ក៏​បាន​កើត​ឡើង​ចំពេល​សំខាន់​ផង​ដែរ ខណៈ​ដែល​ប្រទេស​ថៃ​ត្រៀម​បូជា​ព្រះ​សព​អតីត​ព្រះ​មហាក្សត្រ​ថៃ ភូមិបុល អាដុលយ៉ាតេជ នៅ​សប្ដាហ៍​ក្រោយ​នេះ ព្រម​ទាំង​ពិធី​សោយ​រាជ្យ​សម្បត្តិ​ជា​ផ្លូវការ​នៃ​ព្រះមហាក្សត្រ​ថ្មី មហាវិជ្ជរ៉ាឡុងកន ដែល​នឹង​កើត​ឡើង​នៅ​ចុង​ឆ្នាំ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ